ជនរងគ្រោះ​ពី​ការជួញដូរ​អះអាង​ថា​ឈាម​របស់​គាត់​ត្រូវ​បាន​គេ​បូម​លក់​នៅ​ខេត្តព្រះសីហនុ

បុរសជាជនជាតិចិនម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងភ្នំពេញ ក្រោយលោកត្រូវបានគេជួញដូរបូមឈាមលក់នៅខេត្តព្រះសីហនុ។ (ផ្ដល់ឱ្យ)

នៅមន្ទីរពេទ្យភ្នំពេញមួយក្នុងខណ្ឌចំការមន បុរសជនជាតិចិនម្នាក់ដែលមានអាយុជាង៣០ឆ្នាំ ​កំពុងតែសម្រាកបញ្ចូលឈាមពីរកំប្លោកក្នុងមួយថ្ងៃ ខណៈគាត់បានសម្រាកនៅមន្ទីរពេទ្យនោះតាំងពីថ្ងៃសុក្រសប្ដាហ៍មុន។

បុរសជនជាតិចិននេះបានប្រាប់ថា ពេញមួយតួខ្លួនរបស់គាត់គឺហើមនិងមានអាការហើមពោះ។ បុគ្គលិកនៅមន្ទីរពេទ្យពិនិត្យគាត់យ៉ាងយកចិត្តទុកដាក់ ហើយគាត់គិតថាខ្លួនគាត់ជាសះស្បើយហើយ។

ក្នុងសប្ដាហ៍នេះ បុរសជនជាតិចិនរូបនោះបានលើកឡើងអំពីប្រតិបត្តិការឆបោកនៅកម្ពុជា ដែលត្រូវបានគេបូមឈាមរបស់គាត់ជាច្រើនដងតាំងពីខែសីហា ធ្វើឱ្យស្ថានភាពសុខភាពគាត់ទន់ខ្សោយនិងមានហានិភ័យខ្ពស់។

លោកលើកឡើងថា គាត់មកដល់កម្ពុជានៅខែមិថុនា ឆ្នាំមុន ហើយ​ធ្លាប់ជាអ្នកធ្វើការជាសន្តិសុខនៅទីក្រុងប៉េកាំង​ ប្រទេសចិន ប៉ុន្តែដោយការដឹងដំណឹងថាមានការងារដែលផ្ដល់ប្រាក់ចំណូលបានច្រើនជាងនៅឯខេត្តក្វាន់ស៊ី ជិតព្រំដែនវៀតណាម ទើបគាត់សម្រេចចិត្តចេញដំណើរមក។

បន្ទាប់ពីស្នាក់នៅ៦យប់នៅទីក្រុងពីងសៀន នៅព្រំដែន គាត់ត្រូវបានគេហៅឱ្យសម្ភាសការងារ គាត់មិនឆ្ងល់ទេថាការសម្ភាសប្រព្រឹត្តឡើងនៅពេលរាត្រី ព្រោះវាជាការងារនៅឯក្លឹបរាត្រី។ លោកត្រូវបានឡានមួយមកយក ជាមួយនឹងអ្នកដែលរកការងារធ្វើម្នាក់ទៀត។

ប៉ុន្តែក្រោយពីផ្លាស់ប្ដូរទៅឡានមួយទៀត គាត់បាននិយាយថា៖ «កាំភ្លើងត្រូវបានដកឡើងមក ហើយពួកយើងក៏ដឹងថាវាហួសពេលទៅហើយ»។

គាត់បាននិយាយទៀតថា៖ «ពួកយើងត្រូវបានបង្ខំឱ្យផឹកទឹក អំឡុងពេលធ្វើដំណើរ។ ខ្ញុំត្រូវបានគេបង្ខំឱ្យផឹកទឹកសុទ្ធ និងម្នាក់ទៀតត្រូវបង្ខំឱ្យផឹកកូកាកូឡា»។

លោកបន្តថា បន្ទាប់មក គាត់ក៏បានគេងលក់ តាមមើលទំនងដោយសារសារជាតិថ្នាំដែលដាក់ក្នុងទឹកនិងភេសជ្ជៈនោះ។

បន្ទាប់ពីការធ្វើដំណើរប៉ុន្មានថ្ងៃ គាត់ត្រូវបានដឹកដោយរថយន្តឆ្លងពីប្រទេសវៀតណាមមកកាន់កម្ពុជា។ ឡាននិងឈ្មួញត្រូវបានផ្លាស់ប្ដូររហូត ហើយអ្នករួមដំណើរកាន់តែច្រើន គាត់គិតថាគាត់មកដល់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

បុរសដែលពិបាកក្នុងការដកដង្ហើម កំពុងនិយាយនៅគ្រែមន្ទីរពេទ្យភ្នំពេញ ថាជើងរបស់គាត់ត្រូវបានស្ពឹកស្រពន់ដោយសារការវាយដំនិងការឆក់ អំឡុងពេលដែលគាត់បានជាប់ឃុំឃាំង។

ក្រោយពីការមកដល់កាលពីឆ្នាំមុន ទីកន្លែងដែលគាត់បានឈប់ដំបូងគឺ «អាគាជីនស៊ី​១០ (Jinshui building 10)» ក្នុងទីក្រុងព្រះសីហនុ ដែលគេនិយមហៅ «ឆាយណាថោន China Town» ដោយមានបរិវេណជិតឆ្នេរអូរត្រេះ។ 

ដោយសារបុរសចិនរូបនេះបដិសេធមិនទៅកន្លែងផ្សេងតាមការបញ្ជា ទើបគេចោទថា គាត់ជាជនល្មើសឆបោកតាមប្រព័ន្ធអនឡាញ ហើយជាហេតុគាត់ត្រូវបានគេវាយដំ។

គាត់បាននិយាយថា ពួកគេឃើញថា «ខ្ញុំមិនដឹងអ្វីទាំងអស់ ទើបពួកគេលក់ខ្ញុំ»

ក្រោយពីនៅទីនោះបាន២សប្ដាហ៍ លោកត្រូវបានចំណាយពេលមួយខែកន្លះនៅឯទីតាំងមួយទៀតនៅខេត្តកោះកុង ដោយគាត់ក៏ត្រូវគេវាយដំ ហើយក៏បញ្ជូនត្រលប់មក ឆាយណាថោន ទីកន្លែងដែលគាត់ស្គាល់ថា «ខៃបូ (Kaibo)»

លោកបានលើកឡើងថា នៅខែសីហា ពួកគេបានចាប់ផ្ដើមបូមឈាមរបស់គាត់ ដោយសារតែលោកបដិសេធមិនព្រមធ្វើការនូវអ្វីដែលជាការចង់បានរបស់ពួក​គេ។

បុរសជនជាតិចិនដដែលបានបន្តទៀតថា៖ «ពួកគេមិនបានបូមឈាមគ្រប់គ្នានោះទេ អ្នកខ្លះក្រោយពីបានពិនិត្យ បានបូមឈាមតែមួយកំប្លោកហើយក៏ឈប់ មិនដូចជាខ្ញុំ ប្រភេទឈាមរបស់ខ្ញុំ ពួកគេបូមច្រើនជាងគេ។ ក្នុងនោះមានមនុស្សម្នាក់ទៀតដូចជាខ្ញុំដែរ ដែលមានប្រភេទឈាម អូ ស្រដៀងគ្នានឹងខ្ញុំ ហើយម្នាក់នោះបានចេញពីកន្លែងឃុំឃាំងមុនខ្ញុំ គាត់ត្រូវបានគេបញ្ជូនទៅកន្លែងឆ្ងាយមួយទៀត»។

ប្រភពដដែលបន្ថែមថា ​គ្រូពេទ្យដែលបានបូមឈាមរបស់លោកមើលទៅពិតជាមានជំនាញ ហើយ​ថាពួកគេបូមឈាម២សាក់ ឬ២កំប្លោក ដោយ១កំប្លោកចំណុះ៣៥០មីលីលីត្រ ហើយយកក្លាហ្សេកន្លែងត្រជាក់។

បុរសជនជាតិចិននេះក៏បាននិយាយថា គាត់មិនដឹងថាឈាមរបស់គាត់ត្រូវបានយកទៅណានោះឡើយ។

ក្នុងរយៈពេលប៉ុន្មានខែនោះ គាត់ត្រូវបានបូមឈាមចំនួន៧ដង រហូតគេមិនអាចបូមគាត់បន្តទៀតបាន​។

កាកបាទក្រហមអាមេរិក ណែនាំឱ្យមានការរង់ចាំយ៉ាងហោចណាស់៨សប្ដាហ៍មុនពេលបរិច្ចាគឈាមម្ដងទៀត ហើយការបរិច្ចាគឈាមជាមធ្យម គឺប្រហែល៤៧០មីលីលីត្រ។ អ្នកដែលមានឈាមប្រភេទ O (អូ) គឺជាអ្នកបរិច្ចាគដែលមានភាពទូលំទូលាយជាងគេ ដែលអាចផ្ដល់កោសិកាឈាមក្រហមដល់មនុស្សដែលមានឈាមប្រភេទផ្សេងទៀតបាន។

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ ​បាន​ទទួល​ស្គាល់​ករណី​នេះក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ចេញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ។

ស្ថានទូតបានថ្លែងថា៖ «បុរសនោះត្រូវបានបោកបញ្ឆោត ដោយការផ្សាយពាណិជ្ជកម្មការងារមិនពិត ហើយត្រូវបានបង្ខិតបង្ខំដោយឧក្រិដ្ឋជនឱ្យរត់ពន្ធមកស្រុកខ្មែរ»។

​សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «ក្រោយមក គាត់ត្រូវបានឃុំខ្លួនដោយក្រុមអ្នកលេងល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់ និងក្រុមជនទុច្ចរិតនៅ Chinatown ក្នុងខេត្តព្រះសីហនុ។ ហើយមានការបូមឈាមរបស់គាត់ច្រើនដង រហូតដល់គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។

ស្ថានទូត​បាន​រាយការណ៍​​ទៅ​កាន់​ប៉ូលិសដែល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេតករណីនេះ។

ប្រធានមន្ទីរពេទ្យ Phnom Penh’s Bethune Cambodia China First Hospital លោក Zhu Minxue បានប្រាប់សារព័ត៌មានចិន​ថា បុរសនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោកបានប្រាប់ Shangyou News ថា៖ «ប្រធានគិលានុបដ្ឋាយិកាព្យាយាមស្វែងរកសរសៃវ៉ែន។ គាត់បាននិយាយថា គិលានុបដ្ឋាយិកាត្រូវចោះភ្លៅរបស់គាត់ ដើម្បីស្វែងរកសរសៃដែលអាចប្រើប្រាស់បាន»។

បុគ្គលិកម្នាក់បានលើកទូរសព្ទនៅមន្ទីរពេទ្យ Bethune កាលពីថ្ងៃពុធ ប៉ុន្តែមិនបានប្រាប់ឈ្មោះរបស់គាត់ទេ។

បុគ្គលិក​រូប​នោះ​បាន​និយាយ​ថា​៖ «​ពេលគាត់ ​​[ជនរងគ្រោះ] បាន​មក​ដល់ គាត់ស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ ​រាងកាយ​គាត់​ហើម ហើយ​មុខ​គាត់​ស្លេក​ស្លាំងគ្មាន​ឈាម​។ យើងមិនធ្លាប់ឃើញសភាពអ៊ីចឹងពីមុនមកទេ នៅទីនេះ»។

លោក​បាន​និយាយ​ថា​៖ «គាត់​ថា​ជនជាតិ​ចិន​បាន​បូម​ឈាម​គាត់​ដើម្បី​ធ្វើ​ទារុណកម្ម​ ព្រោះ​គាត់​មិន​ស្ដាប់បង្គាប់​តាម​ជនជាតិ​ចិន​ទាំង​នោះ»។

លោកបន្តថា៖ «ខ្ញុំ​មាន​អារម្មណ៍​អាណិត វាមិនគួរកើតឡើងទេ នេះ​ជា​អំពើ​ឃោរឃៅ»។

បុគ្គល​ម្នាក់​ដែល​លើក​ទូរសព្ទ​នៅ​សណ្ឋាគារ KB ក្នុង​តំបន់​ Chinatown ក្រុង​ព្រះសីហនុ ដែល​គេ​ហៅ​ជា​ភាសា​ចិន​ថា Kaibo បានបិទ​ទូរសព្ទ​របស់​អ្នក​យក​ព័ត៌មាន។ ​អគារ​ជាច្រើន​ជុំវិញ​សណ្ឋាគារ​ដែល​ជនរងគ្រោះ​ត្រូវបាន​សង្គ្រោះ​ ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​និង​ឃុំខ្លួន។ ជន​រង​គ្រោះ​មិន​បាន​និយាយ​ថា​ខ្លួន​នៅ​សណ្ឋាគារ​នោះ​ទេ។

ចំណែកការ​ទូរសព្ទ​ហៅទៅ «​រីសតតារាសាគរ» ​របស់​ក្រុមហ៊ុន Union Development Group ក្នុង​ខេត្ត​កោះកុង ដែល​បុរស​ជនជាតិ​ចិន​រូប​នេះ​ជឿ​ថា​​ខ្លួនត្រូវ​បានយកទៅ​ទី​នោះ ​ត្រូវ​បាន​គេ​បដិសេធ។

តំណាង​ក្រុមហ៊ុន​តារា​សាគរ​ម្នាក់​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​សួរថា៖ «យើង​មិន​ដឹង​អំពី​រឿង​នេះ​ទេ ហើយ​យើងក៏​មិន​ដែល​បាន​ឮ​​រឿង​នេះ​ដែរ។  តើ​គាត់​ឈ្មោះ​អ្វី? ហើយ​ឥលូវ​គាត់​នៅ​ឯណា?។ 

គាត់បន្តថា៖ «ទីតាំងរបស់យើងធំណាស់ ហើយវាមិនមែនមានតែក្រុមហ៊ុនមួយទេនៅទីនេះ។ អ្នក​គួរ​បញ្ជាក់​ជាមួយ​គាត់​ឱ្យបាន​ច្បាស់​ថា ​ក្រុមហ៊ុន​ណា​ដែល​គាត់​ធ្វើ​ការជាមួយ»។

​កាល​ពី​ថ្ងៃ​ពុធ នគរបាល​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុមិន​អាច​ទាក់​ទង​បាន​ទេ។ ប្រធាន​រដ្ឋបាល​ខេត្ត​កោះកុង លោក សេក សំអុល មាន​ប្រសាសន៍​ថា លោក​មិន​មាន​ព័ត៌មាន​អំពី​ករណី​នេះ​ទេ។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង មាន​ប្រសាសន៍​ថា ការ​គ្រប់​គ្រង​តំបន់​ Chinatown គឺ​ហួស​ពី​លទ្ធភាព​របស់​លោក។

លោក​បាន​បន្ត​ថា​៖ «​នេះ​គឺ​ហួស​ពី​ការ​គ្រប់​គ្រង​របស់​ទីក្រុង ​ព្រោះ​ទីតាំង​របស់​ពួកគេ​មាន​ទំហំ​ធំ។ ទាក់ទងនឹងការអនុញ្ញាត វាអាចនៅថ្នាក់ជាតិ។ […] នេះ​គឺ​ហួស​ពី​សមត្ថភាព​របស់​យើង ហើយ​ខ្ញុំ​មិន​អាច​និយាយ​លម្អិត​អំពី​វា​បាន​ឡើយ»។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឱ្យដឹងថា ក្រសួងបានចេញអាជ្ញាបណ្ណសម្រាប់សណ្ឋាគារដែលមានចំនួនបន្ទប់លើសពី២១ ហើយក៏មានសិទ្ធិផ្អាក ប្រសិនបើមានករណីសង្ស័យទាក់ទងនឹងបទល្មើស។

ទោះជាយ៉ាងនេះក្ដី លោក សុភ័ក ​មានប្រសាសន៍ថា៖ «នៅពេលដែលមានបទល្មើសកើតឡើង វាមិនមែនក្រសួងទេសចរណ៍ដែលត្រូវពិនិត្យនោះទេ ប៉ុន្តែអាជ្ញាធរមូលដ្ឋានជាអ្នកចាត់វិធានការ»។

លោកបន្តថា៖ «អាជ្ញាធរ [ក្នុងស្រុក] មានសិទ្ធិបិទសណ្ឋាគារ ឬស្នើសុំក្រសួងឱ្យផ្អាកអាជ្ញាបណ្ណ»។

បុរស​ជនជាតិ​ចិន​រូបនោះ​បន្ត​បញ្ចូល​ឈាម​ជា​រៀង​រាល់​ថ្ងៃ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ។ 

ជនរង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ ទោះ​បី​ជា​គាត់​បាន​ផ្ដល់​រូបថត​ និង​និយាយ​ថា​ គាត់​ចង់​ចែក​រំលែក​ព័ត៌មាន​លម្អិត​អំពី​ស្ថានភាព​របស់​គាត់ ​ដើម្បី​ជំរុញឱ្យមានវិធានការ។ តាមការផ្ដាំផ្ញើរបស់គ្រូពេទ្យប្រាប់ថា ប្លោក​​ឈាម​ត្រូវបាន​ព្យួរ​ពីលើ​គ្រែ​របស់គាត់។ គាត់​និយាយ​ថា គាត់​នៅ​តែ​ត្រូវ​បាន​គេ​​ពិនិត្យបន្តទៀត ហើយ​មិន​ដឹង​ថា​​​អាច​ត្រូវ​បាន​ចេញពីពេទ្យនៅ​ពេល​ណា​នោះ​ទេ។

គាត់នឹកឃើញពេលជាប់ឃុំឃាំង ដែលត្រូវគេបញ្ជូនទៅវិញទៅមកមិនចេះចប់មិនចេះហើយនៅក្រុងព្រះសីហនុ។

លោកនិយាយថា៖ «ពួកគេបាននិយាយថា ក្រោយចូលឆ្នាំចិន ពួកគេនឹងកម្ចាត់ខ្ញុំ ពីព្រោះខ្ញុំគ្មានឈាមនៅសល់ទេ ហេតុនេះពួកគេមិនអាចមានអ្វីច្រើនទៀតដែលត្រូវចម្រាញ់ពីខ្ញុំឡើយ។ ពួកគេចង់បានប្រាក់ចុងក្រោយដែលចេញពីខ្លួនរបស់ខ្ញុំ»៕

បកប្រែនិងសម្រួលពីអត្ថបទដើមភាសាអង់គ្លេសដែលមានចំណងជើងថា «Trafficking Victim Alleges His Blood Was Harvested in Sihanoukville» ដោយកញ្ញា ឃ្លាំង គីមហួយ និងកញ្ញា សម ពេជ្រចិន្តា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ