ពលរដ្ឋ​ចោទ​បុគ្គលិក​ក្រុមហ៊ុន​វៀតណាម​មួយ​ថា​ជីកកាយ​ដី​បំពាន​ផ្លូវ​សាធារណៈ

ពលរដ្ឋចុះទៅសួរនាំបុគ្គលឈ្មោះ «ហោ ប៊ុនធឿន» នៅចំណុចភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ពាក់ព័ន្ធនឹងការជីកកាយបិទផ្លូវសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ក្រុមប្រជាពលរដ្ឋនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ ករណីដែលបុគ្គលិកស៊ីឈ្នួលធ្វើការឱ្យក្រុមហ៊ុនដាំអំពៅរបស់វៀតណាមបានជីកកាយបិទផ្លូវសាធារណៈក្នុងភូមិ បង្កឱ្យមានការតវ៉ាពីប្រជាពលរដ្ឋ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ពលរដ្ឋចំនួន៦នាក់ រស់នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង តំណាងឱ្យពលរដ្ឋចំនួន២៣គ្រួសារបានលើកគ្នាទៅសាលាឃុំព្រៃតាអីតែម្ដង ដើម្បីសុំឱ្យអាជ្ញាធរឃុំជួយរកដំណោះស្រាយពាក់ព័ន្ធនឹងបុរសម្នាក់ឈ្មោះ «ហោ ប៊ុនធឿន» បានយកគ្រឿងចក្រទៅជីកកាយបិទផ្លូវចូលស្រែចម្ការរបស់ពលរដ្ឋ។

តំណាងពលរដ្ឋម្នាក់ អ្នកស្រី ស សាម៉េត អាយុ៣៩ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ដំបូងឡើយ ផ្លូវនេះគឺជាផ្លូវរទេះគោក្របីសម្រាប់ពលរដ្ឋធ្វើដំណើរចូលទៅធ្វើស្រែចម្ការ ហើយក៏ជាផ្លូវសម្រាប់ដេញសត្វគោក្របីទៅមើលនៅវាលខាងកើតផងដែរ។

អ្នកស្រីរៀបរាប់ថា៖ «ចាប់តាំងពីខ្ញុំដឹងក្ដីមក ម៉ែខ្ញុំហៅផ្លូវហ្នឹងថាផ្លូវបុរាណ ហើយអ្នកខ្លះក៏ហៅផ្លូវហ្នឹងថាផ្លូវរទេះអ៊ីចឹងទៅ។ ប៉ុន្តែផ្លូវហ្នឹងវាធំ ដល់ឥលូវវាតូចអស់ ដោយសារបុគ្គលហ្នឹងគាត់ធ្វើរបងរំលោភយក ហើយបន្ទាប់មកបុគ្គលហ្នឹងគាត់ជីកផ្ដាច់ផ្លូវអស់»។

តំណាងពលរដ្ឋម្នាក់ទៀត លោក នួន សុទ្ធ អាយុ៣៦ឆ្នាំ ឱ្យដឹងថា ពលរដ្ឋដទៃទៀតក៏កើតទុក្ខមិនសុខចិត្ដចំពោះទង្វើរបស់បុគ្គលរូបនេះ ដែលរំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋម្ដងហើយម្ដងទៀត។​

លោកបន្ថែមថា៖ «រឿងគាត់ធ្វើរបងខាងមុខនេះ ដោះស្រាយគ្នាមិនទាន់ចប់ផង ឥលូវមកជីកកាយផ្ដាច់ខាងក្រោយទៀត ខ្ញុំមានផ្លូវណាចូលដីខ្ញុំ មានតែខ្ញុំជិះទូកបានទៅដល់ដីស្រែខ្ញុំ»។

បុរសដែលរងការចោទប្រកាន់នេះ លោក ហោ ប៊ុនធឿន បានឆ្លើយតបតាមរយៈពលរដ្ឋអ្នកសារព័ត៌មានថា ការជីកកាយលើដីនេះ គឺខាងក្រុមហ៊ុនដាំអំពៅរបស់វៀតណាមជាអ្នកជួលគ្រឿងចក្រ និងបញ្ជាលោកឱ្យធ្វើសកម្មភាពនេះតែប៉ុណ្ណោះ។ លោកថា ក្រុមហ៊ុនវៀតណាមបានប្រាប់គាត់ថា ជីកកាយ ដើម្បីរារាំងកុំឱ្យសត្វគោក្របីរបស់អ្នកភូមិចូលស៊ីដំណាំអំពៅរបស់ក្រុមហ៊ុន។  

លោកបន្ថែមថា៖ «គេជួលខ្ញុំស្ដារថែម គេឱ្យខ្ញុំចំនួន២លានលុយដុង។ បើគេថាខ្ញុំធ្វើខុស ខ្ញុំទទួលខុសត្រូវ បើគេឱ្យខ្ញុំលុបវិញ ខ្ញុំលុប តែដល់ពេលខ្ញុំលុប ក្រុមហ៊ុនគេមកប្ដឹងខ្ញុំ ថាខ្ញុំលុបឱ្យក្របីគោចូលស៊ីដំណាំរបស់ក្រុមហ៊ុន។ អាហ្នឹងខុសខ្ញុំទៀត»។

មេភូមិត្រពាំងតាអី លោកស្រី សុខ សាវណ្ណ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីដែលបុរសឈ្មោះ ហោ ប៊ុនធឿន យកគ្រឿងចក្រមកជីកដីផ្លូវសាធារណៈរបស់រដ្ឋ គឺជារឿងពិតដូចពលរដ្ឋគាត់លើកឡើងមែន ប៉ុន្ដែខាងក្រុមហ៊ុនបានប្រាប់លោកវិញថា មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនវៀតណាមនោះទេ។  

លោកស្រីបន្ថែមថា៖ «ពិតហើយ! ខ្ញុំក៏បានឃើញ ខ្ញុំមកថតតាំងពីថ្ងៃទី២៩ហើយ ខ្ញុំបានរាយការណ៍ទៅមេឃុំហើយ។ នៅមុននេះបន្តិច ខ្ញុំបានទាក់ទងទៅខាងក្រុមហ៊ុនហើយ គេមិនបានជួលគ្រឿងចក្រមកពីខាងក្រៅជីកទេ ខាងក្រុមហ៊ុនមានគ្រឿងចក្ររបស់គេសម្រាប់ជីក»។

ជំទប់ទី១ នៃឃុំព្រៃតាអី អ្នកស្រី អ៊ុក សារ៉ន ដែលបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា យោងតាមពាក្យបណ្ដឹងកាលពីលើកមុន និងកិច្ចសន្យារវាងភាគីពាក់ព័ន្ធ និងអាជ្ញាធរបានផ្ដិតមេដៃព្រមព្រៀងគ្នា គឺគេត្រូវរក្សាដីផ្លូវទទឹងចំនួន៥ម៉ែត្រនេះ។  

អ្នកស្រីបន្ថែមថា៖ «កិច្ចសន្យាលើកមុន គាត់ទាមទារឱ្យរក្សាផ្លូវចាស់វិញ អ៊ីចឹងក្នុងកិច្ចសន្យាដាក់ហើយ ៥ម៉ែត្រទទឹង! ផ្លូវចាស់អ៊ីចឹង គាត់ព្រមផ្ដិតមេដៃ មានទាំងឈ្មោះគ្នាគាត់ប៉ុន្មានអ្នកហ្នឹងនៅក្នុងឯកសារដែលរក្សាទុកនៅសាលាឃុំ។ រឿងគាត់មកសំណើថ្ងៃនេះ ដោយសារគេជីកចំផ្លូវចាស់ជីកបាយោ [ប្រឡាយទឹក] អ្នកជីកឆ្លើយថា ក្រុមហ៊ុនអ្នកឱ្យជីក ចាំជួបម្ចាស់ក្រុមហ៊ុនដោះស្រាយតាមក្រោយ មីងក៏មិនបានដឹងច្បាស់ដែរ គេធ្វើ គេមិនបានប្រាប់យើងដែរ»។   

យ៉ាងណាមិញ ជុំវិញការពាក់ព័ន្ធរបស់បុគ្គលិកជាមួយក្រុមហ៊ុនដាំអំពៅវៀតណាមនោះ អ្នកស្រីថា អាជ្ញាធរនឹងសាកសួរបញ្ជាក់ពីក្រុមហ៊ុនដោយផ្ទាល់សិន និងរង់ចាំចំណាត់ការបន្ថែមទៀតនាពេលក្រោយ៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួន វុត្ថា

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។