កូដករ​៤នាក់​​សោកស្តាយ​ដែល​សមត្ថកិច្ច​​បញ្ជូន​សំណុំរឿង​​ពួកគេ​​ទៅ​​តុលាការ​​មុន​ការ​បំភ្លឺ​តាម​កាល​​កំណត់

កូដករណាហ្គាវើលដ៍​ម្នាក់​លើក​បដា​ថា ​«ខ្ញុំមក​ធ្វើជា​សាក្សី»​ នៅពេល​កូដករ​៤​នាក់​បាន​មក​បំភ្លឺ​នៅស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ សង់ត្រាល់)​

កូដករ​ណាហ្គាវើលដ៍​ចំនួន ៤នាក់ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃសុក្រ ក្រោយរង​ការចោទ​ថា បាន​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការ​សោកស្តាយ​ដែល​សមត្ថកិច្ច​ បានបញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ មុន​ពួកគេចូល​ឆ្លើយ​បំភ្លឺ​ទៅតាម​ការ​កំណត់។

ការចូល​ខ្លួន​បំភ្លឺ​របស់​កូដករ​ណាហ្គាវើលដ៍ទាំង៤រូប​នេះ ធ្វើឡើង​ក្រោយ​មាន​ដីកា​បញ្ជា​ឱ្យចូលខ្លួន​ពី​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធនឹងករណី​ «រារាំង​ដល់​ការអនុវត្តវិធានការ» ខណៈស្នងការនគរបាលរាជធានីភ្នំពេញ កាល​ពីថ្ងៃទី៥ ខែកុម្ភៈ បានតម្រូវឱ្យអ្នកទាំង៤បង្ហាញខ្លួនឱ្យបានមុន​ថ្ងៃទី​១៩ ខែកុម្ភៈ ដើម្បីសាកសួរ។

ស្ត្រីជា​កូដករណាហ្គាវើលដ៍ទាំង៤នាក់ដែលត្រូវចូលខ្លួនទៅបំភ្លឺនោះ រួមមាន ឈ្មោះ ខេង ចិន្ដា, អ៊ុក សុភ័ក្រម៉ូលីកា, អេង ស្រីបូ ​និង ម៉េង កាក់នីកា។

កូដករ និងជាសកម្មជន​សហជីពទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ដ កញ្ញា អេង ស្រីបូ ដែលបានទៅចូលបំភ្លឺនៅ​ស្នងការដ្ឋាន​នគរ​បាលរាជធានីភ្នំពេញ​ បាន​លើកឡើង​​ថា កញ្ញា​មាន​ការខកចិត្តដែលអាជ្ញាធរបញ្ជូនសំណុំរឿងរបស់អ្នកទាំង៤ទៅតុលាការ ទាំងដែលមិនបានផ្តល់ដំណឹង​ដល់​ពួក​គេ ខណៈការកំណត់នៃការ​ចូលទៅបំភ្លឺ​នៅស្នងការ​ដ្ឋាន នៅ​មិនទាន់ដល់កាលផុតកំណត់​នៅ​ឡើយ។

កញ្ញានិយាយ​ថា៖ «ហេតុអីបាន​ជាខ្ញុំចូលខ្លួនស្រាយបំភ្លឺមុនថ្ងៃទី​១៩ [ខែកុម្ភៈ ហើយ] ថ្ងៃនេះទើបថ្ងៃទី១៨ហ្នឹង ហេតុអីបានខាងគាត់ៗនិយាយថាករណីខ្ញុំ ៤នាក់គឺត្រូវបញ្ជូនទៅតុលាការ? ខ្ញុំឆ្ងល់តែកន្លែងហ្នឹងទេ! ថាវាមានរឿងអី? ហេតុអីបានករណីរបស់ខ្ញុំអត់ទាន់ដល់ថ្ងៃផុតកំណត់ផង? ហេតុអីបញ្ជូនទៅតុលាការ?»

យ៉ាងណា កញ្ញាថា នឹងរង់ចាំពិភាក្សាជាមួយអ្នកតវ៉ាផ្សេងទៀត ថាតើនឹងត្រូវធ្វើយ៉ាងណាបន្តទៀត បន្ទាប់​ពី​អាជ្ញាធរ​អះអាងថា​ករណីរបស់ពួកគេផុតពីដៃស្នងការដ្ឋាននគរបាល​ហើយ។

ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន ដែលចូលរួមតាមដានការបង្ហាញខ្លួនរបស់កូដករ​​ទាំង៤​​នោះ ថ្លែងថា លោកស្រីពិត​ជាមិនយល់ពីនិតិវិធីរបស់អាជ្ញាធរទៅលើអ្នកតវ៉ាទាំង៤នាក់ ខណៈកាលបរិច្ឆេទក្នុង​ដីកាបញ្ជាឱ្យចូលខ្លួនស្រាយបំភ្លឺ ផុតកំណត់នៅថ្ងៃទី១៩ខែ​កុម្ភៈ ប៉ុន្តែអាជ្ញាធរបែរជាឆ្លើយតបថា សំណុំរឿងទាំងនោះបានផុតពីដៃស្នងការនៅថ្ងៃទី១៨​ខែកុម្ភៈ​ នេះទៅវិញ។


លោកស្រីថា៖ «ព្រះរាជអាជ្ញាគឺជាអ្នកអនុវត្តច្បាប់។ តែដល់ពេលចេញមកមិនមានការសង់តង់គ្នា មិនមានការស៊ី​សង្វាក់គ្នា រវាងអាជ្ញាធរហើយនិងតុលាការ ហើយនិងព្រះរាជអាជ្ញា ហើយ[គ្មានការ]ទំនាក់ទំនង​មក​សាមីជន។ មែនទែនទៅសាមីជនគាត់មកនេះមកដោយឆន្ទៈពិតប្រាកដរបស់គាត់តាមរយៈការបង្ហោះ page ផ្លូវការហ្នឹងឯង ដោយសារឃើញឈ្មោះគាត់ បើអត់ឃើញឈ្មោះគាត់ ក៏គាត់អត់មកដែរ»

វីអូឌីមិនអាចសុំការបកស្រាយពីអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និង​អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បាន​ទេ​ពាក់ព័ន្ធ​ករណី​នេះ។

កាលពី​ថ្ងៃទី៥ ខែកុម្ភៈ​ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនកូដករ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ចំនួន​៦នាក់ ប៉ុន្តែ៣នាក់ត្រូវបានដោះលែងទៅវិញ ខណៈកូដករ​៣នាក់ទៀតត្រូវ​បានតុលា​ការ​ចោទ​ប្រកាន់​និងឃុំខ្លួន​​​ពួក​គាត់បណ្ដោះអាសន្ន​នៅពន្ធ​នាគារ ក្រោម​បទ​ចោទ​​​ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

​រហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំ​សហជីពនិងកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១១​នាក់​​ហើយត្រូវ​បាន​តុលាការសម្រេច​ឃុំខ្លួន ដោយ​ចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានកូដ​កម្ម» និង «ល្មើសវិធានការច្បាប់ប្រឆាំងកូវីដ-១៩» ខណៈកូដករ៤នាក់ទៀតត្រូវប្រឈមការចាប់ខ្លួនក្រោមបទចោទថា «រារាំងដល់ការ​អនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ