កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ឡើង​វិញ​បន្ទាប់​ពី​គ្មាន​​ជិត​៥០​ថ្ងៃ

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នក​​ជំងឺកូវីដ-១៩ ​​ចំនួន ២នាក់បន្ថែមទៀតបានស្លាប់ដោយជំងឺនេះ​ កាលពីម្សិលមិញ​ ដែលធ្វើឱ្យកម្ពុជាមានអ្នកស្លាប់ដោយវីរុសកូវីដ-១៩ ​ កើតឡើងសរុបចំនួន៣ ០១៧នាក់។

ការប្រកាសរកឃើញចំនួនអ្នកស្លាប់ដោយកូវីដ-១៩ ឡើងវិញនេះ ក្រោយពេលក្រសួងប្រកាសពីករណីគ្មានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ៤៦ថ្ងៃជាប់ៗគ្នាមកហើយ ពោលគឺចាប់តាំងពីដើមខែមករាមក។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីម្សិលមិញ បានរកឃើញមាន​អ្នក​ជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»​ចំនួន ៧៣៦​នាក់។ អ្នកជំងឺដែលរកឃើញឆ្លងថ្មីទាំងនោះ មាន ​៧៣០ករណី ​ជាការរកឃើញឆ្លងចូល​ក្នុងសហគមន៍ និង៦ករណីទៀត ​ជាការនាំចូលពីក្រៅប្រទេស​។

តែយ៉ាងណាក្រសួងសុខាភិបាលមិនបានបញ្ជាក់ឡើយថា ករណីស្លាប់ថ្មី ២នាក់នោះ ជាអ្នកជំងឺប្រភេទមេរោគណាមួយច្បាស់នៅឡើយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ធ្លាប់អះអាងកាលពីពេលថ្មីៗនេះថា កម្ពុជាលែងមានជំងឺប្រភេទ ដែលតា ឬ អាល់ហ្វាទៀតហើយ ពោលគឺសុទ្ធតែប្រភេទអូមីក្រុងទាំងអស់។

ក្រសួងបញ្ជាក់ថា មកទល់ព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩​ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ៥ ៣៣៣ករណី។

​កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ «អូមីក្រុង» ​ជាលើកដំបូង កាលពីថ្ងៃទី ១៤ខែធ្នូ ឆ្នាំ២០២១ លើ​ស្ត្រី​ខ្មែរ​​ម្នាក់ ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។ 

គិតត្រឹមព្រឹកថ្ងៃអាទិត្យដដែលនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២៦ ៤៨៩​នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១២០ ៤៦២នាក់ អ្នកស្លាប់​​ចំនួន​៣ ០១៧នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២០ ៥៧២នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ