អ្នក​នាំ​ពាក្យ​ថា អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ Opennet​ នឹង​ពុំ​មាន​ការ​ប៉ះ​ពាល់​ឡើយ​ក្នុង​ពេល​ព្យួរ​អាជ្ញាបណ្ណ

សាខាមួយនៃក្រុមហ៊ុន Opennet នៅខេត្តបាត់ដំបង។ (ហ្វេសប៊ុក៖ Opennet WiFi Cambodia)

ការ​​ប្រើប្រាស់​​សេវា​​អ៊ីនធឺណិត​​របស់​​អតិថិជន​​​បច្ចុប្បន្ន​របស់​​ក្រុមហ៊ុន King Technologies (Opennet) នឹងពុំមាន​ការប៉ះពាល់​ឡើយ នៅក្នុង​អំឡុង​ពេល​នៃ​ការ​ព្យួរអាជ្ញាបណ្ណ​បណ្តោះ​អាសន្ន​​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​​មួយ​​ខែ។

អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក សូ វិសុទ្ធី បាន​ប្រាប់ វីអូឌី តាមរយៈសារអេឡិចត្រូនិច (តេឡេក្រាម) នៅថ្ងៃអាទិត្យនេះថា ការប្រើប្រាស់សេវាអ៊ីនធឺណិតរួមទាំងសេវា Wifi របស់អតិថិជនបច្ចុប្បន្ននៃក្រុមហ៊ុន Opennet នឹងពុំមានការប៉ះពាល់ឡើយ។ ប៉ុន្តែ ក្រសួងបាន​តម្រូវឱ្យក្រុមហ៊ុនបញ្ឈប់ការផ្ដល់សេវាជូនអតិថិជនថ្មីៗ និងចុះកិច្ចសន្យាធុរកិច្ចជាមួយនឹងក្រុមហ៊ុនដៃគូផ្សេងៗទៀត នៅក្នុងរយៈពេល​នៃការ​ព្យួរ​អាជ្ញា​បណ្ណ​បណ្តោះ​អាសន្ន។

លោក សូ វិសុទ្ធី បានសរសេរថា៖ «យោងតាមវិធានការចំពោះមុខ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវ​ឲ្យក្រុមហ៊ុន​បញ្ឈប់ការផ្ដល់សេវាជូនអតិថិជនថ្មីៗ និងចុះកិច្ចសន្យាធុរកិច្ចជាមួយនឹងក្រុមហ៊ុនដៃគូផ្សេងៗ នៅក្នុងរយៈពេលនៃការព្យួរអាជ្ញាបណ្ណនេះ។ ដូចនេះការប្រើប្រាស់សេវាអ៊ីនធឺណិតរួមទាំងសេវា wifi របស់អតិថិជនបច្ចុប្បន្ន នឹងពុំមានការប៉ះពាល់ឡើយ»

យោងតាមសេចក្តីសម្រេចមួយរបស់និយ័តករទូរគមនាគមន៍កម្ពុជាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចព្យួរអាជ្ញាបណ្ណប្រតិបត្តិការ និងផ្តល់​សេវាអ៊ីនធឺណិតរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនត្រូវអនុវត្តកាតព្វកិច្ចមួយចំនួនដូចជា ទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) ទាំងអស់ និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋ, ត្រូវផ្អាកការធ្វើប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន ជាអាទិ៍ ការផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជនថ្មី និងការចុះកិច្ចសន្យាធុរកិច្ចជាមួយប្រតិបត្តិករទូរគមនាគមន៍ ឬក្រុមហ៊ុនជាដៃគូ និងចុងក្រោយ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាននូវរាល់បញ្ហាដែលអាចកើតមានឡើងជាយថាហេតុ ដែលបណ្តាល​មកពីការ​ព្យួរអាជ្ញាបណ្ណនេះ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រាប់វីអូឌីថា ក្រសួងនឹងចុះទៅបិទក្រុមហ៊ុន King Technologies (Opennet) ជាបណ្ដោះ​អាសន្ន​នៅ​សប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនដែលផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជាមួយនេះ មិនព្រមចូល​ទៅទូទាត់បំណុលប្រមាណជា៦,៦លានដុល្លារអាមេរិក។

លោកបន្តថា ក្រសួងបានរកឃើញបំណុលរបស់ក្រុមហ៊ុន King Technologies (Opennet) ជាង៦លានដុល្លារអាមេរិកដែល​បានជំពាក់ចាប់តាំង​ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងវិភាគទានបន្ថែមចូលមូលនិធិ USO និង CBRD សរុបជាង១លាន៨សែនដុល្លារអាមេរិក​ដែលមិនបានប្រកាសពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

ប្រភពដដែលបន្តថា ក្រុមហ៊ុន Opennet មិនបានធ្វើការទូទាត់ប្រាក់បំណុលឱ្យបានសព្វគ្រប់ទេ ដោយបានបង់បំណុលតែ១លាន៣សែនដុល្លារ (១,៣លានដុល្លារ)​ ហើយគេចវេះមិនបានបង់បំណុលដែលនៅសល់៦លាន៦សែនដុល្លារ (៦,៦លានដុល្លារ)ទៀត។

វីអូឌី នៅមិនទាន់អាចស្វែងរកប្រភពដើម្បីទាក់ទងសុំការបំភ្លឺពីប្រធានក្រុមហ៊ុន King Technologies (Opennet) នេះបាននៅឡើយទេ គិតត្រឹមថ្ងៃ​អាទិត្យនេះ។

យ៉ាងណាក្តី អ្នកនាំពាក្យដដែលបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករ ទូរគមនាគមន៍​កម្ពុជា នឹងចាត់វិធានការស្របតាម​លក្ខខណ្ឌ​នៃអាជ្ញាបណ្ណ ក៏ដូចជាច្បាប់និង​បទប្បញ្ញត្តិជាធរមាន ដើម្បីឱ្យក្រុមហ៊ុន Opennet សងបំណុលនិងកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ជាអប្បបរមា។

បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនដែលបានទទួលអាជ្ញាបណ្ណនិងកំពុងដំណើរការផ្តល់សេវាអ៊ីនធឺណិតចំនួន ៣៨ ផ្សេងទៀត។ លោក សូ វិសុទ្ធី បានថ្លែងថា ការបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុន Opennet នឹងពុំមានការប៉ះពាល់ទៅដល់ស្ថានភាពទីផ្សារប្រកួតប្រជែងថ្លៃ និងជម្រើសក្នុងការទទួលបានសេវា​អ៊ីនធឺណិត​នៅកម្ពុជាឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ