សកម្មជន​សង្គម​បន្ត​បង្ហោះ​ប៉ោង​ប៉ោង​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែងកូដករ​ណា​ហ្គាវើលដ៍​ទាំង​១១​នាក់​

យុទ្ធនាការបង្ហោះប៉ោងប៉ោងដោយក្រុមយុវជនខ្មែរថាវរ:រួមនិងយុវជននៅមុខពន្ធនាគារព្រៃសនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីអបអរជ័យជម្នះក្រុមហ៊ុន NAGA WORLD ក្នុងការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ និងសកម្មជនសហជីព ព្រមទាំងទាមទារឱ្យដោះលែងអ្នកជាប់ឃុំទាំង ១១នាក់។ (ហ្វេសប៊ុក កញ្ញា ឈឿន ដារ៉ាវី)

សកម្មជនដែលស្រឡាញ់ការងារសង្គម បាននាំគ្នាបន្តធ្វើយុទ្ធនាការបង្ហោះប៉ោងប៉ោងនៅថ្ងៃអាទិត្យនេះ​ ដើម្បីជាសារលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងសកម្មជនសហជីពណាហ្គាវើលដ៍ថា ពួកគេមិន​នៅ​ឯកា​ទេ ព្រមទាំងទាមទារឱ្យតុលាការដោះលែងពួកគេដែលកំពុងជាប់ឃុំទាំង ១១នាក់ឱ្យមានសេរីភាពវិញ។

ក្នុងទំព័រហ្វេសប៊ុករបស់កញ្ញា ឈឿន ដារ៉ាវី ​ បានឱ្យដឹងនៅថ្ងៃអាទិត្យទី២០ ខែកុម្ភៈនេះ ថា យុវជនខ្មែរថាវរៈ រួមជាមួយយុវជនខេត្តសៀមរាបនៅសប្តាហ៍ទី២នេះ ​បានបន្តបង្ហោះប៉ោងប៉ោងចំនួន១០០បន្ថែមទៀតនៅចំណុចភ្នំក្រោម ក្នុងខេត្តសៀមរាប ដើម្បីបង្ហាញសារបែបឌឺដងទៅក្រុមហ៊ុនណាហ្គាវើលដ៍អំពីភាពជោគជ័យនៃការធ្វើទុក្ខបុកម្នេញលើបុគ្គលិកនិងថ្នាក់ដឹកនាំសហជីព។

លើសពីនេះ ការបង្ហោះប៉ោងប៉ោងនោះ ក៏ជាសារលើកទឹកចិត្តដល់ពួកគេកំពុងជាប់ឃុំ និងស្នើឱ្យដោះស្រាយវិវាទការងារជូនកម្មករ រួមទាំងដោះលែងថ្នាក់ដឹកនាំសហជីព និងសកម្មជនចំនួន ១១នាក់ឱ្យមានសេរីភាពវិញ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថ្នាក់​ដឹកនាំនិ​ងសកម្មជន​សហជីព​ចំនួន​៨នាក់ ក្នុងនោះ​​មាន​​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផង​ ត្រូវ​​បានតុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្នព្រៃស​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាម​មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេដឹកនាំក្រុមកូដករទាមទារ​សិទ្ធិ និងលក្ខខណ្ឌការងារ​នៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

កាលពី​ថ្ងៃទី៥ ខែកុម្ភៈ​ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦នាក់ ប៉ុន្តែ៣នាក់ត្រូវបានដោះលែងទៅវិញ ខណៈកូដករ៣នាក់ទៀតត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន​​​ពួក​គាត់បណ្ដោះអាសន្ន​នៅពន្ធ​នាគាររាជធានីភ្នំពេញ ក្រោម​បទ​ចោទ​​​ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

យ៉ាងនេះក្តី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សហជីពអន្តរជាតិ បានផ្ញើលិខិតមួយ​ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍បានកើតចេញពីការបរាជ័យជាយូរ​ណាស់​មកហើយ​របស់​ភាគី​ក្រុមហ៊ុន​ ក្នុងការគោរពសិ​ទ្ធិកម្មករនិងសហ​ជីព​ ចំពោះកិច្ចចរចា​ដោយស​មូហ​ភាព​ ដើម្បីទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការ​ងារ​កាន់​តែល្អ​ប្រសើរ​។

លិខិតនោះបន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាល​លើ​​ការ​ងារ សុវត្ថិភាព និងការការពារសុខភាពក្នុងអំឡុងពេលមាន​ជំងឺ​​កូវីដ-១៩នោះទេ។​

ផ្ទុយទៅវិញ​ បុគ្គលិកនិយោជិតចំនួន១ ៣២៩នាក់ត្រូវ​បាន​​បញ្ឈប់​ពី​ការងារ ដោយ​មិន​បានពិគ្រោះ​​យោបល់​ក្រោម​ច្បាប់​ការងារ​កម្ពុជាឡើយ​ ហើយក្នុងចំណោមនោះមានបុគ្គលិក១ ១០០នាក់ គឺ​ជា​សមាជិក​សហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ