សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់បញ្ជូនក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦៤នាក់ ដឹកតាមរថយន្តក្រុងទៅដាក់នៅសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃចន្ទនេះ។
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ក្រុមកូដករណាហ្គាវើលដ៍បានផ្អាកធ្វើកូដកម្ម ដើម្បីអនុវត្តវិធានការការពារការរាលដាលជំងឺកូវីដ-១៩ ក្រោយក្រសួងរកឃើញកូដករមួយចំនួនឆ្លងជំងឺកូវីដ-១៩។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ជួប សោភ័ណ្ឌ ដែលត្រូវសមត្ថកិច្ចចាប់ដាក់រថយន្តក្រុងដឹកទៅកាន់សមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ដែលជាមណ្ឌលចត្តាឡីស័ក បានប្រាប់វីអូឌីថា ដើមចមដែលនាំឱ្យកូដករណាហ្គាចេញធ្វើកូដកម្មជាថ្មី គឺដើម្បីតវ៉ាទាមទារឱ្យមានដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ និងទាមទារឱ្យមានការដោះលែងថ្នាក់ដឹកនាំនិងសមាជិកសហជីពចំនួន១១នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
កញ្ញាបន្តថា អំឡុងពេលដែលពួកគាត់ទៅប្រមូលផ្ដុំនៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងខណ្ឌចំការមននោះ សមត្ថកិច្ចបានចាប់បង្ខំពួកគាត់ឱ្យឡើងរថយន្តក្រុងចំនួន២ ហើយដឹកទៅកាន់មណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ ដើម្បីធ្វើតេស្តរកសំណាកកូវីដ-១៩។ កញ្ញាថា ពួកគាត់បានធ្វើតេស្ត២ដង ដោយលទ្ធផលអវិជ្ជមាន និងធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាលរួចហើយ ទើបពួកគាត់ចេញមកធ្វើកូដកម្មជាថ្មីទៀតនេះ។
កញ្ញា ជួប សោភ័ណ្ឌ និយាយថា ទោះបីជាសមត្ថកិច្ចចាប់ខ្លួនគាត់និងក្រុមកូដករផ្សងទៀតយ៉ាងណាក្ដី ក៏គាត់មិនមានការភ័យខ្លាចឬតក់ស្លុតអ្វីនោះទេ គឺពួកគាត់នៅតែតស៊ូបែបអហិង្សា ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយប្រាក់អត្ថប្រយោជន៍ជូនពួកគាត់ និងដោះលែងតំណាងពួកគាត់ឱ្យមានសេរីភាពវិញ។
កញ្ញានិយាយថា៖ «ពួកខ្ញុំធ្វើកូដកម្ម ដើម្បីឆ្នាំងបាយ យើងអត់ពាក់ព័ន្ធអ្វីទាំងអស់ [អត់មានអ្នកនៅពីក្រោយ] ដោះស្រាយឱ្យពួកខ្ញុំ ពួកខ្ញុំចូលធ្វើការងារធម្មតាវិញ។ និយាយរួម ក្រុមហ៊ុនណាហ្គាមកដោះស្រាយឱ្យពួកខ្ញុំ រឿងតូចទេ កុំបន្លាយទៅជារឿងធំដល់ក្រសួងផង ប៉ូលិសផង លាបពណ៌អស់ហើយ លក្ខណៈពួកខ្ញុំខ្លាចដល់លែងខ្លាចវិញហើយ។ ខ្លាចអីទៀត? បើខ្ញុំដឹងថាគេចាប់មក អ៊ីចឹងខ្ញុំវេចបង្វេចមកបាត់ហើយ វេចបាយ រៀបចំមកអស់ឱ្យហើយបាត់។ ឥលូវអត់មានអីហូបទេ ដាក់យើងចោលហ្មង»។
កូដករម្នាក់ទៀត អ្នកស្រី ម៉ៅ គឹមឡាយ ដែលអះអាងថាកំពុងជាប់ធ្វើចត្តាឡីស័ក និយាយថា ក្រុមកូដករចំនួន៦៤នាក់ដែលត្រូវបានសមត្ថកិច្ចនាំខ្លួនទៅនោះ ពួកគេមិនបានធ្វើខុសនឹងវិធានសុខាភិបាលទេ ពីព្រោះពួកគេមានសុខភាពល្អ និងមិនមានអ្នកឆ្លងកូវីដ-១៩ ហើយមុនចេញធ្វើកូដកម្ម ពួកគេបានធ្វើតេស្តយ៉ាងតិច៣ដង។
បើតាមសេចក្ដីជូនដំណឹងរបស់សហជីពព្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណហ្គាវើលដ៍ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ក្រុមកូដករទាំងអស់បានទៅយកសំណាករួចរាល់អស់ហើយ និងបានធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ព្រមទាំងបានទៅធ្វើតេស្តយកសំណាកជាលើកទី២ នៅមជ្ឈមណ្ឌលកោះពេជ្រថែមទៀត។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា បើតាមព័ត៌មានបឋម សមត្ថកិច្ចបានចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦៤នាក់ បញ្ជូនទៅដាក់សមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ លោកបញ្ជាក់ថា ក្រោយពីធ្វើតេស្តរួចហើយ សមត្ថកិច្ចនឹងចាត់វិធានការច្បាប់បន្តលើក្រុមកូដករទាំងនោះ ដោយសារពួកគេល្មើសនឹងច្បាប់កូវីដ-១៩។
លោកមានប្រសាសន៍ថា៖ «ទី១ យើងអនុវត្តតេស្តរកកូវីដ-១៩។ ទី២ យើងអាចធ្វើចត្តាឡីស័ក។ ទី៣ បើសិនជាមានរកឃើញថាមានពាក់ព័ន្ធនឹងវិធានសុខាភិបាល យើងនឹងអនុវត្តតាមច្បាប់»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កន្លងមក បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបានចាត់ទុកករណីដែលអាជ្ញាធរមិនអនុញ្ញាតឱ្យក្រុមកូដករធ្វើកូដកម្ម ថាជាការរំលោភសិទ្ធិ និងរឹតត្បិតសេរីភាពបញ្ចេញមតិ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «[សមត្ថកិច្ចចាប់កូដករ] វាមិនមែនជាដំណោះស្រាយទេ ដូចដែលពួកគាត់បានលើកឡើងជារឿយៗមកហើយ ទោះបីជាចាប់ពួកគាត់ប៉ុណ្ណឹង ក៏នៅមានអ្នកផ្សេងទៀតនៅតែបន្តការទាមទារតវ៉ាដែរ ពីព្រោះអ្វីដែលជាគោលបំណងនៃការទាមទារតវ៉ា អត់បានដោះស្រាយជូនពួកគាត់ផង។ ចំណុចទាំងអស់នេះហើយដែលយើងឃើញថា ជាបញ្ហាប្រឈមមកដល់ខាងរដ្ឋាភិបាលវិញទេ ពីព្រោះដំណោះស្រាយដែលធ្វើឡើងបែបនេះ វាជាការបង្កើននូវបញ្ហាបន្ថែមទៀត មិនមែនជាដំណោះស្រាយទេ»។
តែយ៉ាងណា គិតមកដល់ម៉ោងជាង៦ល្ងាចនេះ ក្រុមកូដករទាំង៦៤នាក់នោះត្រូវបានដាក់ឱ្យនៅក្នុងមជ្ឈមណ្ឌលសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ នៅខណ្ឌព្រែកព្នៅនៅឡើយ ដោយអាជ្ញាធរបានបញ្ជូនក្រុមគ្រូពេទ្យជាច្រើនាក់ទៅកាន់ទីនោះ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹងមួយ ដោយហាមដាច់ខាត មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់របស់កូដករណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ។ រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ការមិនអនុញ្ញាតនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។
អាជ្ញាធរក៏បានព្រមានដែរថា ក្នុងករណីក្រុមអ្នកតវ៉ារឹងរូសបន្តសកម្មភាពខុសច្បាប់ទៀតនោះ នឹងចាត់វិធានការច្បាប់តែម្តង៕












