ក្រសួងសុខាភិបាល បានណែនាំអ្នកដែលមានវិជ្ជមានកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មី «អូមីក្រុង» ថាកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជា ថប់ៗ ហត់ ឬពិបាកដកដង្ហើម ឬមិនមានការវិវត្តប្រសើរឡើងនៃស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល។
ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ បានចេញសេចក្ដីណែនាំបន្ថែមស្ដីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុងនៅក្នុងសហគមន៍។
ក្នុងសេចក្ដីណែនាំនោះ ក្រសួងសុខាភិបាលបញ្ជាក់ថា ទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង មានសភាពស្រាលក្ដី តែគេមិនត្រូវមើលរំលងពីលទ្ធភាពនៃការវាយលុកនៃវីរុស ដែលអាចឱ្យមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរឬស្លាប់បាន។
ប្រភពដដែលបន្តថា អ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក៏អាចមានរោគសញ្ញាដែលអាចនាំឱ្យវិវត្តទៅជាធ្ងន់ធ្ងរ ដូចជា ហត់ ឬពិបាកដកដង្ហើម ជាដើម ដែលចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
ក្រសួងថា៖ «សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញា ដូចជា ថប់ៗ ហត់ ឬពិបាកដកដង្ហើម ឬមិនមានការវិវត្តប្រសើរឡើងនៃស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល»។
ប្រភពដដែលថា បុគ្គលដែលមានការសង្ស័យថាឆ្លងជំងឺកូវីដ-១៩ ទោះជាមានចេញរោគសញ្ញាតិចតួចឬច្រើន ឬបានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចាំបាច់ត្រូវដាក់ខ្លួននៅដាច់ដោយឡែកភ្លាមៗ និងធ្វើតេស្តរហ័ស ដើម្បីរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ឬពឹងសមាជិកគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ ឱ្យធ្វើតេស្តរហ័សឱ្យ។
យ៉ាងណា ក្រសួងសុខាភិបាលថា ប្រសិនបើទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ ត្រូវធ្វើតេស្តរហ័សឡើងវិញក្នុងរយៈពេល៧២ម៉ោងក្រោយ ឬនៅពេលដែលមានលេចចេញនូវរោគសញ្ញាសង្ស័យ។ ក្នុងអំឡុងពេលនៃការសង្ស័យ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ស្នាក់នៅដាច់ដោយឡែក និងរក្សាអនាម័យដៃ និងផ្លូវដង្ហើម និងអនុវត្តខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពបុគ្គល (លើសពី១,៥ម៉ែត្រឡើង) ពីក្រុមគ្រួសារឬសមាជិកដែលរស់នៅក្នុងផ្ទះជាមួយគ្នា៕












