គ.ជ.ប ថា​មាន​គណបក្ស​ចំនួន​១១​បាន​ត្រៀម​ចុះឈ្មោះ​បេក្ខភាព​ចូលរួម​ការ​បោះឆ្នោត​ឃុំសង្កាត់

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា​ មាន​គណបក្ស​នយោបាយ​ចំនួន​១១​​​​​​​​​ហើយដែល​បាន​ត្រៀម​ចុះ​ឈ្មោះនិង​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ បម្រើ​ឱ្យការ​​បោះឆ្នោត​​​ជ្រើស​​រើស​​​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ សម្រាប់នីតិកាលទី៥ខាងមុខនេះ ខណៈកាលបរិច្ឆេទនៃការទទួលចុះ​ឈ្មោះ​​នៅ​សល់ពេល​ប្រមាណ១០ថ្ងៃទៀតប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត ឱ្យដឹងនៅថ្ងៃទី​២១ ខែ​កុម្ភៈ​នេះ​ថា មកដល់ពេល​នេះ មានគណបក្សនយោបាយចំនួន១១​ហើយដែល​បាន​ដាក់​​លិ​​ខិត​មក គ.ជ.ប ​ដើម្បី​​ស្នើសុំគោលការណ៍សម្រាប់ឱ្យតំណាងគណបក្សនៅថ្នាក់ក្រោមជាតិ មាន​​ស្រុក ខណ្ឌ ឃុំសង្កាត់ អាចធ្វើជាតំណាងជំនួសប្រធានបាន ក្នុងការចុះហត្ថលេខា ដាក់បេក្ខភាព និង​​ចុះ​​ឈ្មោះ​​គណបក្សនយោបាយរបស់ខ្លួន។

លោកបន្តថា តាមរយៈយន្ត​ការ​នេះមាន​ន័យ​ថា គណបក្សទាំង១១នេះនឹង​ត្រៀម​​ចូល​​​រួម​​​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ដែល​នឹងប្រព្រឹត្តទៅក្នុងពេល​​​ខាងមុខនេះហើយ​។ ​​ប៉ុន្តែ​​លោក​​អះ​អាង​ថា កាលបរិច្ឆេទ​ពិតប្រាកដ​​នៃ​ការ​​ចុះឈ្មោះនិងដាក់បេក្ខភាពនេះនៅសល់​​ពេល​​ប្រមាណ ១០ថ្ងៃទៀត ទើបអាចដឹង​ថានឹង​មានគណបក្ស​​នយោបាយសរុប​​​ចំនួន​ប៉ុន្មានដែល​​​ត្រូវ​​​ចូល​​​​រួម។

លោកបន្តថា៖ «តាម​ប្រតិទិន​​​​ទាល់​​តែ​ដល់ថ្ងៃទី៤ រហូត​ដល់​ថ្ងៃទី៦​ បាន​យើងអាច​​ដឹង​បាន​ថា​មានគណបក្សនយោបាយប៉ុន្មាន​លោក​ដាក់​បញ្ជី​បេក្ខជនឈរឈ្មោះបោះឆ្នោត»។

គ.ជ.ប ឱ្យដឹង​ថា ពេល​វេលា​នៃ​​ការ​ចុះ​ឈ្មោះសម្រាប់​​ដាក់​​បេក្ខ​​ភាពនិង​​​គណបក្ស​នយោបាយសម្រាប់​​​ប្រកួត​ប្រជែងក្នុង​ការ​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ដល់​ថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២២។ សម្រាប់​គណបក្ស​​នយោបាយ​ទាំង១១ដែល​​​បាន​​ស្នើ​​​សុំ​​គោល​ការណ៍​ពី គ.ជ.ប នេះ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សកម្ពុជានិយម គណបក្ស​​ភ្លើង​ទៀន គណបក្សខ្មែរតែមួយ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរខេម​រា គណបក្ស​​កែ​​ទម្រង់​កម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជន​កម្ពុជា គណបក្សខ្មែរ​​ស្រ​​ឡាញ់​​ជាតិ និង​​​គណ​បក្ស​​​ខ្មែររួបរួមជាតិ។

លោក ហង្ស ពុទ្ធា លើកឡើងថា គណបក្សនយោបាយទាំង១១​នេះបាន​ដាក់​លិខិត​មកគណៈ​កម្មា​ធិការ​ជាតិ​រៀបចំការបោះឆ្នោត ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២២។

បើតាមលោក ហង្ស ពុទ្ធា ផ្អែកលើនីតិវិធីបោះឆ្នោត ប្រសិនគណបក្សនយោបាយចង់ដាក់​​អ្នក​សង្កេ​ត​​​ការណ៍​​របស់ខ្លួន ដើម្បីអង្កេតអំឡុងពេលបោះឆ្នោត គឺត្រូវរង់ចាំ គ.ជ.​​​ប ​​​ទទួលស្គាល់បញ្ជី​បេក្ខ​ជន​ដែល​ឈរឈ្មោះ​​​ក្នុងរយៈពេល៧ថ្ងៃជាមុនសិន។

ចំពោះអ្នកសង្កេតការណ៍ក្នុងអំឡុងពេលបោះឆ្នោត​​មកពីអង្គ​ការ​ជាតិ និងអ្នក​​សារ​​ព័​ត៌​​មាន​ជាតិ អាច​ចាប់​ផ្ដើម​​​​​​ចុះ​​ឈ្មោះ​​បាន​​ ដោយ​​​​​គិតចាប់ពីថ្ងៃទី១៥ ខែ​កុម្ភៈ រហូ​​ត​​ដល់​ថ្ងៃទី​២៥ ខែ​ឧសភា។ ដោយឡែក អ្នក​សង្កេត​​ការ​ណ៍​​អន្តរ​ជាតិ និង​អ្នក​សារព័ត៌​​មាន​អន្តរ​​ជាតិ​​វិញ គឺ​​អាចចុះឈ្មោះបានចាប់ពីថ្ងៃទី១៥ ខែ​កុម្ភៈ រហូត​​ដល់​​​ថ្ងៃទី១ ខែ​មិថុនា។ 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា គណបក្សកាន់​អំណាច​​មួយ​​នេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់បេក្ខភាពមេឃុំ-ចៅសង្កាត់ ដែលបម្រើឱ្យការបោះ​​ឆ្នោ​ត​​​​​នៅទូទាំង​ប្រទេស ខណៈអ្នកនាំពាក្យគណបក្សភ្លើងទៀន​ លោក ថាច់ សេដ្ឋា លើកឡើងថា នឹង​ត្រៀមដាក់មេឃុំ-ចៅសង្កាត់ឱ្យបានចប់​​សព្វ​​​គ្រប់​​​​នៅដំណាច់​ចុងខែ​កុម្ភៈ​នេះឱ្យ​បាន​គ្រប់​​​រាជ​ធា​​នី​-ខេត្ត​​​។

ដោយ​ឡែក លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណបក្សកម្ពុជានិយម អះអាងថា គណបក្សរបស់​​លោកនៅមិនទាន់បានបញ្ចប់ការរៀបចំមេឃុំ-ចៅសង្កាត់ទៅតាមផែនការនៅឡើយទេ។ លោកបន្តថា ការ​​​ចូល​​រួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិនេះ គណបក្សកម្ពុជានិយម ដា​ក់​​​​​មេ​ឃុំចៅ-សង្កាត់ត្រឹម១០​រាជធានីខេត្ត​ប៉ុណ្ណោះ។ លោកបន្តថា ការរៀបចំមិនបានគ្រប់ចំនួនទាំង​២៥រាជធានី​ខេត្ត​នេះ ដោយសារគណបក្សនេះទើបតែបង្កើតឡើង​ថ្មី ហើយ​ពុំទាន់​មានធន​ធាននិង​លទ្ធភាពគ្រប់គ្រាន់​ដើម្បីពង្រាយឱ្យបានទូទាំងប្រទេសនៅឡើយ។

លោកបន្តថា៖ «ពាក់ព័ន្ធនឹងការរៀបចំបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សកម្ពុជានិយម ក្រុមការងារតាម​​បណ្ដាខេត្តមួយចំនួនកំពុងរៀបចំបញ្ជីបេក្ខជន ប៉ុន្តែយើងបានរៀបចំនៅតាមបណ្ដាខេត្តតែប៉ុ​​ណ្ណោះ មិន​បានគ្រប់ទាំង២៥រាជធានីខេត្តទេ»។

មិនខុសគ្នាទេ សម្រាប់លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់​ជាតិ អះ​អាង​ថា គណបក្ស​ដែល​ទើបតែកកើត​ថ្មី​ថ្មោង​មួយ​នេះ ក៏រៀបចំមេឃុំចៅ-សង្កាត់បានត្រឹមតែ១០​រាជធានីខេត្តដែរ ហើយនៅតាមរាជធានី​ខេត្តដែលបានរៀបចំហើយនេះ ក៏​មិនបាន​រៀបចំ​ដាក់មេឃុំ-ចៅសង្កាត់ឱ្យ​បាន​គ្រប់ចំនួនឃុំដែរ។

ដោយឡែក អ្នកនាំពាក្យគណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ឱ្យដឹងថា គណបក្សរាជានិយមមួយនេះបានរៀបចំមេឃុំ-ចៅសង្កាត់​ជិតរួចរាល់ហើយ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់នៅទូ​​ទាំងប្រទេសខាងមុខនេះ។

នាយកប្រតិបត្តិអង្គការនិកហ្វិច លោក សំ គន្ធាមី យល់ឃើញថា ការរៀបចំដាក់បេក្ខភាពបានតិចឬច្រើននៅតាមឃុំ-សង្កាត់​របស់គណបក្ស​នយោបាយនីមួយៗ ហាក់មិនមានភាព​សំខាន់នោះ​ទេ។ លោកថា អ្វីដែលសំខាន់នោះនៅត្រង់​ថាតើ​បេក្ខភាព​មេឃុំ​-ចៅ​សង្កាត់​របស់​គណបក្សនយោបាយនីមួយៗនោះ​ ម្ចាស់​ឆ្នោត​ស្គាល់​ដែរ​ឬទេ ហើយកម្មវិធីនយោបាយទៀត​សោត តើជាកម្មវិធីនយោ​បាយដែល​ទាក់ទាញការចាប់អារម្មណ៍បានកម្រិតណាពីអង្គបោះឆ្នោត។

លោកបន្តថា៖ «វាមានហើយ សេរី ពហុបក្ស ប៉ុន្តែគ្រាន់តែថាគណបក្សហ្នឹង​ វាប្រជាប្រិយភាពយ៉ាងម៉េច​​​​ យើង​មិនសូវច្បាស់ដែរណា៎! គ្រាន់តែថា វាមានប្រជាប្រិយខ្លាំងឬយ៉ាងម៉េច យើងអត់ដឹង! ជាពិសេស​ម្ចាស់ឆ្នោតហ្នឹង​គាត់ស្គាល់​ដែរ​អត់ ហើយបេក្ខជនមានរបៀបយ៉ាងម៉េច​ ហើយសមត្ថភាពហ្នឹងយ៉ាងម៉េច ហើយកម្មវិធីនយោបាយហ្នឹងបែបណាជាដើម គឺគេត្រូវមើលទាំងអស់ហ្នឹង»។ ​​

ការ​បោះឆ្នោតឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃអាទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺ​ជាការបោះឆ្នោតលើកទី៥ ហើយ​ដែលកម្ពុជាដាក់ឱ្យអនុវត្ត បន្ទាប់ពីមានកិច្ច​​ព្រៀមព្រៀង​សន្តិភាពទីក្រុងប៉ារីស ថ្ងៃ​ទី២៣ ខែតុលា ​ឆ្នាំ១៩៩១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ