ខុមហ្វ្រែលស្នើឱ្យសភាធ្វើវិសោធនកម្មច្បាប់ស្ដីពីការហាមមិនឱ្យអ្នកនយោបាយទាក់ទងទណ្ឌិត

សង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធ ចូលរួមសិក្ខាសាលាបិទគម្រោងវេទិកាឆន្ទៈអ្នកបោះឆ្នោត ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ៊ី ឆាយ)

អង្គការ​ខុមហ្រ្វែល​ ដែលមានជំនាញលើកិច្ចការបោះឆ្នោត​ យល់​ឃើញ​ថា ច្បាប់​ស្ដី​​​​​ពី​​គណ​​បក្ស​​​​នយោ​បាយដែលបិទផ្លូវមិនឱ្យអ្នកនយោបាយមានការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ទណ្ឌិត ជា​​​បទ​​ប្បញ្ញត្តិ​មួយមានស្ថានទម្ងន់ដែលមិនគួរយកមកប្រើនៅក្នុងទិដ្ឋភាពសព្វថ្ងៃនេះទេ ដែល​​ករណីនេះ ពួក​គេ​​​​ស្នើ​​​រដ្ឋ​​​ស​​ភា​​​គួរ​​​ធ្វើ​វិសោធនកម្មឡើងវិញ ដើម្បីធានាពីការបើកទូលាយនូវ​សិទ្ធិ​នយោបាយ​ឱ្យ​ស្រប​តាម​​រដ្ឋ​​ធម្ម​​នុញ្ញ។

របាយការណ៍ស្ដីពីការបិទគម្រោងវេទិកាឆន្ទៈអ្នកបោះឆ្នោត ដែលរៀបចំឡើងដោយ​អង្គ​​​ការ​ខុម​​ហ្វ្រែល នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ នៅថ្ងៃទី​២២ ខែ​កុម្ភៈនេះ បង្ហាញថា រដ្ឋសភា​​​គួរ​​ពិនិត្យនិង​ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយឡើងវិញ។ ការស្នើតាមរយៈ​ការ​ចេញ​​នូវ​អនុសាសន៍​នេះ ខុមហ្វ្រែល បញ្ជាក់​ថា មាត្រានៃច្បាប់នេះបានបញ្ញត្តិមិន​​ឱ្យអ្នក​​នយោ​​បាយមានការ​ប្រាស្រ័យទា​ក់​ទង​ជាមួយនឹងទណ្ឌិត។

បន្ថែមលើ​របាយការណ៍នេះ អ្នកសម្របសម្រួលផ្នែកអង្កេត​នៃអង្គការខុមហ្រ្វែល លោក កន សា​​វាង្ស លើក​ឡើង​ថា មូលហេតុដែលជំរុញឱ្យសង្គមស៊ីវិលស្នើសុំទៅរដ្ឋសភា ដើម្បីកែប្រែមាត្រា​​នៃ​​ច្បាប់​​នេះ​ជា​ថ្មី ក៏ព្រោះតែបទប្បញ្ញត្តិនេះ វាមានលក្ខណៈ​រឹតត្បិត​ជ្រុល​​ហួសហេតុពេក​។ លោក​​បន្ត​​ថា នៅ​ក្នុង​សកម្មភាពនយោបាយ ការទាក់​ទងគ្នាដោយមិនមានបទល្មើសកើតឡើង មិន​គួរ​ណា​​ត្រូវ​​​​​បាន​​​​គាបសង្កត់ និងបិទផ្លូវតាមនីតិវិធីបែបនេះឡើយ។

បើតាមលោក កន សាវាង្ស បើនៅបន្ត​អនុវត្ត​​​​ដូច្នេះទៀត មានន័យថា វាជាបន្ទុកធ្ងន់ណាស់​សម្រាប់​អ្នក​ធ្វើនយោបាយ ខណៈ​សកម្មភាព​​ដូច្នេះ​ត្រូវបានធានារួចទៅហើយ​នៅក្នុងរដ្ឋ​ធម្ម​នុញ្ញ។

លោកបន្តថា៖ «រឿងសិទ្ធិនយោបាយហ្នឹង កាលណាហាមឃាត់អ៊ីចឹង វាប៉ះ​ពាល់ហើយ។ វាប៉ះពាល់​​ត្រង់ណា? ត្រង់ថា គេនិយាយ​អំពី​ប្រជាពលរដ្ឋ​មាន​សិទ្ធិ អ៊ីចឹងការ​ប្រើប្រាស់​សិទ្ធិ​ហ្នឹង​ មាន​ន័យ​ថា មិន​គួរ​ណាគ្រាន់​តែទាក់ទង ការប្រើប្រាស់សារ ឬមានវីដេអូឃ្លីបជាមួយទណ្ឌិតហ្នឹង ក្លាយទៅ​ជា​បញ្ហា អាហ្នឹង​វាមិនអាចបែបហ្នឹងទេ ព្រោះទាល់តែអ្នកទៅទាក់ទងនោះ គាត់ប្រព្រឹត្តបទល្មើស អា​ហ្នឹង​បានទើបជាបញ្ហា។ ហើយបើអត់ទេ គ្រាន់តែទាក់ទង គ្រាន់តែជជែក មានបញ្ហាដែរ អាហ្នឹង​​វា​អត់​​​ត្រូវទេ»។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ថា តាមគោលការណ៍​ច្បាប់ ការស្នើដើម្បីតាក់​តែង​ច្បាប់ ឬធ្វើសេចក្ដីព្រាងច្បាប់ ឬធ្វើវិសោធនកម្ម​ច្បាប់​​ណាមួយទៅបាន លុះ​ត្រា​តែ​ជា​សមាជិកសភា ឬនាយករដ្ឋមន្រ្តី។ ​ទោះជាយ៉ាងណា លោកថា​ អ្នកដែល​មាន​កង្វល់​ស្ដីពី​គោល​ការណ៍​ច្បាប់ អាច​ធ្វើ​សំណើមក​រដ្ឋស​ភា​​​បាន ប៉ុន្តែសំណើដែលស្នើឡើងនេះមិន​អាច​មាន​ឥទ្ធិពល​អ្វីដែល​ជួយ​​​ឱ្យ​មានការកែ​ប្រែបាន​​ឡើយ​​​​។

លោកថា៖ «ទាល់តែតំណាងរាស្រ្តគាត់ផ្ដួចផ្ដើមគំនិត បានធ្វើបាន។ អត់មានចែងក្នុងច្បាប់កើតទេ ញត្តិ​ដាក់​ចេះ​តែដាក់​មក ប៉ុន្តែទាល់តែតំណាងរាស្រ្តលោកចាប់អារម្មណ៍ ហើយលោកយល់ថា​សេ​ចក្ដី​​​ស្នើហ្នឹង គាត់ចូលចិត្ត គាត់ចង់ធ្វើ បានធ្វើបាន។ ដូច្នេះ ​អ្នកស្នើច្បាប់មានតែប៉ុន្មាន​នាក់ហ្នឹង​​ដែល​យើង​មើលឃើញក្នុងរដ្ឋធម្មនុញ្ញ មាន​ដូចជា​​នាយករដ្ឋមន្រ្តី មានព្រះមហាក្សត្រ មានសមាជិក​ព្រឹទ្ធ​​ស​ភា និងសមាជិករដ្ឋសភា បានធ្វើសេចក្ដីស្នើ​ច្បាប់បាន»។

ផ្ដើមចេញពីជម្លោះនយោបាយរវាងគណបក្សសង្រ្គោះជាតិ​ដែលត្រូវបានតុលាការកំពូលរំលាយ និង​​​គ​​ណ​​បក្សកាន់អំណាច នៅអំឡុងឆ្នាំ២០១៣ រដ្ឋសភាបានធ្វើសេចក្ដីស្នើច្បាប់ភ្លាមៗ គឺ​ច្បាប់​​ស្ដីពី​​​​​គណ​​បក្ស​​​នយោបាយ ក្រោយពីមានប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

នៅក្នុងសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលរដ្ឋសភាបាន​​អនុ​ម័ត​​​​ដ៏ចម្រូងចម្រាសកាលពីថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៧ ខ្លឹមសារនៃមាត្រាច្បាប់ថ្មី​នេះត្រូវ​​បាន​​ដាក់​​បន្ថែម ដោយមិនអនុញ្ញាត​ឱ្យ​គណ​បក្សន​យោបាយមានការ​ប្រាស្រ័យទា​ក់ទ​ងជា​មួយ​ទណ្ឌិត សូម្បី​ការ​ប្រើ​​ប្រាស់សា​រជា​សំឡេង រូបភាព ឬសំណុំឯកសារ​ណាមួយ​​របស់ទណ្ឌិត​ឡើយ។

ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ ត្រូវគេមើលឃើញថា សមាជិកសភា​​​មក​ពី​​​​គណបក្សប្រជាជនកម្ពុជាមានបំណងបិទផ្លូវក្រុមបក្សជំទាស់ ខណៈ​សហស្ថាបនិកបក្ស​នេះ គឺ​​លោក សម រង្ស៊ី ត្រូវរងបណ្ដឹងតាមផ្លូវតុលាការ និងកំពុងនិរទេសខ្លួន។

លោក សេក សោភ័ណ្ឌ មេធាវី​នៃការិយាល័យមេធាវី ​អេសអេន​អិល (S&L) យល់ឃើញថា ច្បាប់​ស្ដីពី​វិសោធ​​​ន​​​កម្ម​​​ច្បាប់ស្ដីពីគណបក្សនយោបាយថ្មីនេះ ហាក់មានភាពស្មុគស្មាញ និងមិនច្បាស់លាស់ បើ​ធៀប​​​ទៅ​​នឹង​សាលក្រម។ លោកបន្តថា បើផ្អែកលើសាលក្រម មានន័យថា អ្នក​នយោបាយ​ បើ​ទោះ​​​ជាមាន​​​ទោស ប៉ុន្តែមិនត្រូវបាន​​ដក​ហូតសិទ្ធិធ្វើ​នយោបាយទេ។

បើតាមលោក សេក សោភ័ណ្ឌ ​​កាល​​ណា​ខ្លឹមសារ​នៃច្បាប់​​មាន​​​ភាព​ស្រពេច​ស្រពិល​បែប​នេះ នឹង​​​នាំ​​​​ឱ្យ​​​ប៉ះ​ពាល់​សិទ្ធិ​ធ្ងន់​ធ្ងរដល់​​នីតិ​បុគ្គល​ដែលជាអ្នកបំពេញវិជ្ជាជីវៈក្នុង​ក្រប​ខណ្ឌ​ជា​អ្នក​នយោ​បាយ។

លោកបន្តថា៖ «បើបច្ចុប្បន្នហ្នឹង គឺច្បាប់ហ្នឹងចែងអ៊ីចឹង ចែងថា ប្រសិនបើប្រធាន ឬអនុប្រធាន ដូច​ជា​​​នៅក្នុង​មាត្រា​៦​ថ្មី២ តាម​ខ្ញុំចាំ ដែល​ជាប់ពី​បទ​មជ្ឈិម ឬបទឧក្រិដ្ឋដែលមិន​ទាន់មានការ​​លើក​លែង​​​ទោស​​អីហ្នឹង និងមិនទាន់មាននីតិសម្បទាអីហ្នឹង គឺបុគ្គលហ្នឹងមិនអាចធ្វើជាប្រធានបក្ស ឬ​ជា​ថ្នាក់​​​ដឹក​​នាំ​អីជាដើម។ ប៉ុន្តែបើយើងមើលនៅក្នុងសាលក្រមវិញ គាត់គ្រាន់តែជាប់​ពីបទមជ្ឈិម បទ​អីធម្ម​តា​​​ ប៉ុន្តែអត់មានដាក់ទោសអីថែម​ ដូចជា​ ដកសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ​ ឬប៉ុន្មាន​​ឆ្នាំអីជា​​ដើម​​អ៊ីចឹងទៅណា»។

បើទោះជាបែបណា មន្រ្តីរដ្ឋាភិបាល​ធ្លាប់ថ្លែងការពារថា ការស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី​គ​ណ​​បក្ស​នយោបាយថ្មីនេះ ធ្វើឡើងដើម្បីការពារសុខសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជា​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ