អាជ្ញាធរទីក្រុងហុងកុង បានឱ្យដឹងថា ពួកគេបានរកឃើញវីរុសកូវីដ-១៩ផ្ទុកនៅក្នុងសំណាកដែលយកចេញពីកញ្ចប់សាច់គោបង្កកនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកបង្កកពីប្រទេសប៉ូឡូញ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ (CFS) បានយកសំណាកចំនួន៣៦ សម្រាប់ធ្វើតេស្ដរកវីរុសកូវីដ-១៩ ចេញពីកញ្ចប់សាច់គោបង្កកចំនួន១ ១០០កេស ដែលមានទម្ងន់សរុប២៩តោន នាំចូលពីប្រទេសប្រេស៊ីលតាមផ្លូវសមុទ្រ ដែលក្នុងនោះកញ្ចប់ចំនួន៣ត្រូវបានរកឃើញថាមានផ្ទុកវីរុសមួយនេះ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលបានយកសំណាកចំនួន១២ផ្សេងទៀតចេញពីកញ្ចប់ស្បែកជ្រូកបង្កកប្រមាណជា៣០០កេស ដែលមានទម្ងន់ប្រមាណ៧តោន នាំចូលពីប្រទេសប៉ូឡូញ និងរកឃើញថាកញ្ចប់មួយក្នុងចំណោមនោះក៏មានផ្ទុកវីរុសកូវីដ-១៩ផងដែរ។
ទាក់ទិននឹងករណីនេះ រដ្ឋាភិបាលហុងកុងបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា៖ «មជ្ឈមណ្ឌល CFS បានបញ្ជាឱ្យអ្នកនាំចូលដែលពាក់ព័ន្ធបោះសាច់គោនិងស្បែកជ្រូកទាំងអស់នេះចោល ខណៈដែលមជ្ឈមណ្ឌលនឹងបង្កើនការយកសំណាកផលិតផលស្រដៀងគ្នានេះសម្រាប់ធ្វើតេស្តបន្តទៀត»។
គួរបញ្ជាក់ថា ទីក្រុងហុងកុងបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការនាំចូលអាហារបង្កកគិតតាំងពីពាក់កណ្ដាលឆ្នាំ២០២០ ដែលក្នុងនោះ ពួកគេក៏ធ្លាប់បានរកឃើញវីរុសកូវីដ-១៩ ផ្ទុកនៅក្នុងកញ្ចប់ផលិតផលគ្រឿងសមុទ្រកាលពីឆ្នាំ២០២១កន្លងទៅផងដែរ។
ទាក់ទិននឹងករណីនេះ អាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋបែងចែកអាហារឆៅដាច់ដោយឡែក អនុវត្តវិធានអនាម័យ និងចម្អិនអាហារឱ្យបានឆ្អិនល្អ ខណៈដែលពួកគេលើកឡើងថា កញ្ចប់អាហារបង្កកមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩៕