សមត្ថកិច្ច​ខណ្ឌដូនពេញ​បង្ក្រាប​ទីតាំង​ល្បែង​អនឡាញ​២ទីតាំង និង​ឃាត់​មនុស្ស​ជិត​២០នាក់

សមត្ថកិច្ចខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់ និងរឹបអូសយកសម្ភារពាក់ព័ន្ធមួយចំនួនផង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌដូនពេញ)

សមត្ថកិច្ចបានចុះបង្រ្កាបទីតាំងល្បែងតាមអនឡាញខុសច្បាប់ចំនួន២កន្លែង ស្ថិត​ក្នុងខណ្ឌដូនពេញ ដោយ​បាន​​ឃាត់ខ្លួនជនសង្ស័យ​​​​ជិត២០នាក់យកទៅ​សួរ​នាំ។

អធិការនគរបាលខណ្ឌដូនពេញ លោក ទៀ ច័ន្ទសារ មានប្រសាសន៍នៅថ្ងៃពុធនេះថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីថ្ងៃទី២០ ខែកុម្ភៈនេះ ក្រុមការងារជំនាញបានចុះទៅបង្ក្រាប​ទីតាំងល្បែងតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​ពីរ​​កន្លែង ស្ថិតនៅផ្ទះ​លេខ​៦៣ និង​ផ្ទះ​លេខ​​៦៩ ផ្លូវ​លេខ​​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឃាត់ខ្លួនមនុស្សបានចំនួន១៧នាក់ផងដែរ ។

អធិការរូបនោះបន្តថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរជនសង្ស័យទាំង១៧នាក់នោះ ហើយ​បើសិនជារកឃើញថាពិតជាប្រព្រឹត្តអំពើខុសច្បាប់មែន សមត្ថកិច្ច​​ជំនាញ​នឹងបញ្ជូន​ទៅតុលាការ​តាមវិធានការច្បាប់។ តែយ៉ាងណា លោកថា បើសិនជារកមិនឃើញមានបទល្មើស​ទេ នឹងធ្វើការអប់រំ ហើយអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ។

ទាក់ទងនឹងល្បែងអនឡាញនេះដែរ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ និយ័តករទូរគម​នាគមន៍​កម្ពុជា (ន.ទ.ក) ក៏បានបិទខ្ទប់ឈ្មោះដែន (Domain) ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ចំនួន​២៥ផងដែរ។

កាលពីពេលថ្មីៗនេះ គេហទំព័រល្បែងអនឡាញខុសច្បាប់ចំនួនជាង២០០ (២០២) ដែលប្រតិបត្តិការផ្ដល់សេវាល្បែងអនឡាញ និងល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា ក៏ត្រូវបានសមត្ថកិច្ចជំនាញ​​បិទខ្ទប់ផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ