ពលរដ្ឋ​ជិត​៤០០នាក់​តវ៉ា​មុខ​តុលាការ​ខេត្តកំពង់ស្ពឺ ខណៈ​សមាជិក​សហគមន៍​៦នាក់​ចូលបំភ្លឺ​នៅថ្ងៃនេះ

ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីចំនួន៤ រួមមាន សហគមន៍អមលាំង សហគមន៍ត្រពាំងជោ សហគមន៍រស្មីសាមគ្គី និងសហគមន៍ឧត្ដមស្រែខ្ពស់ ស្ថិតក្នុងស្រុកថ្ពង់ ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រមាណជាង៤០០នាក់ បានមកជួបជុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្ត និងទាមទាឱ្យតុលាការទម្លាក់នូវរាល់បទចោទទាំងអស់មកលើតំណាងសហគមន៍របស់ខ្លួន ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (CCFC)

ពលរដ្ឋជាច្រើននាក់មកពី៤សហគមន៍​​ក្នុង​ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្ត នៅព្រឹកថ្ងៃពុធនេះ ខណៈតុលាការបានកោះហៅសមាជិកសហគមន៍ចំនួន​៦នាក់ឱ្យ​ចូល​​ឆ្លើយ​បំភ្លឺ ក្រោយ​ពួកគេរារាំងក្រុមទាហាន​មិនឱ្យឈូសឆាយដីព្រៃសហគមន៍។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ លោក ទិន សុចិត្រា បាន​ចេញ​ដីកា​កោះហៅជា​លើកទី​២ ឱ្យសមាជិកសហគមន៍​៦នាក់នោះចូលបំ​ភ្លឺជាថ្មីទៀតនៅថ្ងៃទី២៣ ខែកុម្ភៈ​នេះ ក្រោយ​ពីពួក​គេនាំ​​គ្នាតវ៉ា​ប្រឆាំង​​ក្រុម​ទាហាន​មិន​ឱ្យធ្វើស​កម្មភាពឈូសឆាយ និងកាប់បំផ្លាញព្រៃសហគមន៍​​មួយកន្លែង ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់។

មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព ដែល​តាម​ឃ្លាំមើលករណីនេះ ឱ្យដឹងថា ពលរដ្ឋប្រហែល៤០០នាក់​មកពីសហគមន៍ត្រពាំងជោរ សហគមន៍ឧត្ដមស្រែខ្ពស់ សហគមន៍អមលាំង និង​សហគមន៍រស្មីសាមគ្គី ស្ថិត​ក្នុង​ស្រុកឱរ៉ាល់ និង​ស្រុកថ្ពង បានប្រមូលផ្ដុំគ្នាឈរលើកបដា​នៅ​មុខតុលាការខេត្តកំពង់ស្ពឺ ដើម្បី​គាំទ្រ និង​ទាម​ទារ​ឱ្យ​ទម្លាក់​​ចោល​ការចោទ​ប្រកាន់​លើ​សមាជិកសហគមន៍ទាំង៦នាក់នោះ។

សមាជិកសហគមន៍​៦នាក់ រួម​មាន​ លោក ឡោ សុលី, លោក ឈួន ខឿន, លោក ខន សារិទ្ធ, លោក ឈន ធា, លោក សយ សាត និងលោក សឹង សុខុម ត្រូវបានតុលាការកោះហៅឱ្យឆ្លើយបំភ្លឺ ក្រោមបទចោទដូចៗគ្នា ​រួម​​មាន «ធ្វើឱ្យខូចខាតដោយចេតនា គំរាម​កំហែង ជេរប្រមាថជាសាធារណៈ និងញុះញង់បង្កអសន្តិសុខធ្វើឱ្យ​ប៉ះពាល់ដល់សង្គម» ទៅ​តាម​បណ្ដឹងរបស់​បុគ្គល​ឈ្មោះ ប៉ែន សារិទ្ធ ដែលអ្នកភូមិអះអាងថាជាមន្ត្រីទាហាន។

វីអូឌី នៅមិនទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ នៅឡើយ​ទេ ​នៅ​ព្រឹក​នេះ។

ប្រជាសហគមន៍​ឧត្ដមស្រែខ្ពស់ ស្ថិតនៅភូមិពោធិ៍មាស​ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​មានជម្លោះ​ដីព្រៃ​សហគមន៍​ជាមួយក្រុមទាហាន​តាំង​​​ពីចុង​ឆ្នាំ​២០២១ ក្រោយ​ពី​ទាហាន​ប្រើប្រាស់គ្រឿងចក្រ និងកម្លាំងចូលទៅកាប់បំផ្លាញព្រៃសហគមន៍ឧត្ដមស្រែខ្ពស់ ដែលពួកគេអះអាងថា ទទួលបានសម្បទានដីសង្គមកិច្ចពីរដ្ឋាភិបាលរួចហើយ ប៉ុន្តែត្រូវរារាំងដោយក្រុមអ្នកភូមិ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល ប៉ុន្តែត្រូវបានអ្នកភូមិអះអាងថា ដីតំបន់នេះជាសហគមន៍ឧត្ដមស្រែខ្ពស់ ដែលពួកគេបានចុះបញ្ជី និងការពារជាង២០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ