«ខ្ញុំចង់ឱ្យសហគមន៍យើងទាំងអស់! ទាំងមូលហ្នឹង! កុំឱ្យមានជំងឺរបេងហ្នឹង! តកូនតចៅទៅមុខទៀត។ ចង់ឱ្យបញ្ឈប់ក្នុងពេលឆាប់ៗ»។
នេះជាការលើកឡើងរបស់អតីតអ្នកកើតជំងឺរបេងមួយរូប ដែលបានចំណាយពេលវេលាប្រចាំថ្ងៃរបស់ខ្លួន ដើម្បីធ្វើការងារដោយផ្ទាល់ជាមួយអ្នកកំពុងព្យាបាលជំងឺរបេង បើទោះបីជាគាត់ដឹងថា គាត់ត្រូវប្រឈមខ្លាំងក្នុងការឆ្លងក៏ដោយ ក៏រូបគាត់ស្ម័គ្រចិត្តអប់រំអ្នកភូមិពីវិធីបង្ការខ្លួន ក្នុងគោលបំណងចង់បញ្ឈប់ការរាលដាលនៃជំងឺឆ្លងតាមផ្លូវដង្ហើមមួយនេះ។
មានវ័យ៣៤ឆ្នាំ អ្នកស្រី វ៉ាត លីដា រស់នៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល គឺជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាជនរាប់ពាន់នាក់ទៀតដែលធ្លាប់រងគ្រោះដោយសារជំងឺរបេង ដែលជំងឺនេះបានវាយប្រហារទាំងសុខភាពរាងកាយ ផ្លូវចិត្ត និងជីវភាពរបស់គាត់។
អ្នកស្រីនិយាយថា៖ «ធ្លាប់ឆ្លងកាត់មក វាពិបាក។ យើងធ្លាប់រកលុយបាន ពេលសម្រាកព្យាបាល យើងធ្វើអីអត់កើត។ យើងត្រូវការថ្នមខ្លួន តែសួតយើងមានបញ្ហា។ យើងធ្វើការធ្ងន់ វាអាចធ្លាក់ឈាម» ។
អ្នកស្រីបន្តថា៖ «បាក់ទឹកចិត្តខ្លួនយើង។ បើពីមុនមានដែរ អ្នករើសអើង! គេថា តែទៅជិត ខ្លាចឆ្លងមកគេ»។
ព្រោះតែធ្លាប់រងទុក្ខលំបាកដោយសារជំងឺរបេង ទើបក្រោយពេលដែលបានព្យាបាលជាសះស្បើយរួចមក អ្នកស្រី វ៉ាត លីដា បានស្ម័គ្រចិត្តធ្វើការងារជាមួយអង្គការក្នុងស្រុកមួយ ដើម្បីផ្សព្វផ្សាយអប់រំអ្នកភូមិនូវចំណេះដឹងស្ដីពីជំងឺរបេងជាបន្តបន្ទាប់ជិត១០ឆ្នាំមកហើយ។ រហូតមកដល់អំឡុងខែកក្កដា ឆ្នាំ២០២១ គាត់ត្រូវបានក្រុមការងារបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធានបណ្ដាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងនៃអង្គការខាណា (KHANA) ប្រចាំនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល។
អ្នកស្រី វ៉ាត លីដា ជាកូនទី៥ ក្នុងចំណោមបងប្អូន៨នាក់ ហើយបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៧ប៉ុណ្ណោះ ដោយសារតែជីវភាពគ្រួសារគាត់លំបាក ទើបគាត់ឈប់រៀន ហើយទៅធ្វើការរោងចក្រ។ នៅក្នុងគ្រួសារ ក្រៅពីអ្នកស្រី វ៉ាត លីដា គឺសមាជិក២នាក់ទៀតក៏ធ្លាប់កើតដែរ គឺបងស្រីរបស់គាត់និងឪពុក ទើបនាំឱ្យអ្នកភូមិរើសអើងទាំងគ្រួសារ។
ស្រ្តីវ័យ៣៤ឆ្នាំរូបនេះ រៀបរាប់ថា ក្នុងនាមជាប្រធានបណ្ដាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង អ្នកស្រីត្រូវសហការជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំង១២ ដែលមាននៅក្នុងស្រុកស្អាង ដើម្បីតាមដានបញ្ហាប្រឈមរបស់អ្នកជំងឺរបេងដែលជួបប្រទះ និងបានលើកទឹកចិត្តពួកគេឱ្យខិតខំព្យាបាលដើម្បីឈានទៅរកការជាសះស្បើយ។
អ្នកស្រីថា៖ «អ្នកខ្លះគាត់ [អ្នកជំងឺបេង] ជួបប្រទះ ដូចថាធ្លាប់រកលុយបាន បែរជាអត់មានសមត្ថភាពរកលុយ អង្គុយចាំសុំលុយគេចាយ។ ហើយខ្ញុំលួងលោមថា ខំទៅ ទ្រាំទៅ បើព្យាយាមហូបថ្នាំតែ៣ខែទៅ៦ខែ យើងអាចជាដូចដើម»។
អ្នកស្រីប្រាប់ថា ការងាររបស់គាត់មិនមានពេលវេលាជាក់លាក់ណាមួយនោះទេ ប៉ុន្តែរវល់ច្រើន ជាពិសេសថ្ងៃសៅរ៍ និងអាទិត្យ ជាពេលដែលមានមនុស្សនៅតាមផ្ទះច្រើន ដូច្នេះគាត់ត្រូវទៅតាមភូមិ ដើម្បីអប់រំដល់ពលរដ្ឋបន្ថែមពីជំងឺរបេង។ ទោះជាពេលខ្លះគាត់ថាចុះតាមភូមិម្ដងៗ អ្នកភូមិខ្លះមិនសូវរាក់ទាក់ក៏ដោយ តែគាត់នៅតែព្យាយាមដើម្បីជំរុញឱ្យអ្នកភូមិទៅធ្វើតេស្តនៅមណ្ឌលសុខភាព កុំលាក់ទុក បើសិនជាមានអាការសង្យ័យ។
អ្នកស្រីនិយាយថា៖ «អ្នកខ្លះគាត់ទំនេរតែថ្ងៃអាទិត្យ បើយើងចុះផ្សព្វផ្សាយថ្ងៃអាទិត្យ ១០នាក់ អាចឮ ៨នាក់! បើក្រៅពីថ្ងៃអាទិត្យ អ្នកខ្លះគេទៅធ្វើការអស់។ អ៊ីចឹងព្យាយាម ឱ្យតែចាំបាច់គឺទៅហើយ»។
កំពុងអង្គុយលើកៅអីជ័រក្នុងផ្ទះ ដោយមានកូនអាយុ២ឆ្នាំនៅក្បែរផងនោះ អ្នកស្រី វ៉ាត លីដា បានរំឭកប្រវត្តិនៃការកើតជំងឺរបេងរបស់គាត់ថា កាលពីជិត១០ឆ្នាំមុន គាត់មិនបានដឹងថាក្នុងខ្លួនគាត់មានជំងឺរបេងនោះទេ ដោយពេលនោះ ក្នុងរាងកាយរបស់គាត់មានអាការខ្សោយកម្លាំង ក្អកញឹកញាប់ បែកញើសស្អិតនៅពេលយប់ និងឆាប់ហត់នៅពេលដែលធ្វើការងារធ្ងន់ ហើយក៏បានវិវត្តទៅជាធ្ងន់ធ្ងរ រហូតធ្វើការងារប្រចាំថ្ងៃលែងកើត។
ដោយសារតែគិតថាជាជំងឺធម្មតា ទើបគាត់បានទៅទិញថ្នាំលេបនៅតាមពេទ្យឯកជន មិនបានទៅពិនិត្យសុខភាពត្រឹមត្រូវនោះទេ រហូតមានថ្ងៃមួយ អ្នកភូមិម្នាក់ដែលធ្លាប់ធ្វើការនៅក្នុងសាលាឃុំពីមុនមក បានឱ្យឯកសារមួយទៅគាត់ ដើម្បីឱ្យទៅថតសួត និងធ្វើតេស្តកំហាកនៅមណ្ឌលសុខភាព ទើបពេទ្យប្រាប់ថា គាត់បានកើតជំងឺរបេងហើយ។ ពេលនោះគាត់ត្រូវព្យាបាលរយៈពេល៦ខែ ទើបបានជាសះស្បើយពីជំងឺនេះ ដោយត្រូវលេបថ្នាំតាមវេជ្ជបញ្ជាពេទ្យជារៀងរាល់ថ្ងៃ ទោះបីជាប្រសិទ្ធភាពថ្នាំបានធ្វើទុក្ខក្នុងរាងកាយខ្លះក៏ដោយ និងត្រូវរស់នៅតាមទម្លាប់ថ្មី ដោយត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសារ ទាំងការហូបចុក និងការគេង។
បទពិសោធន៍ជីវិតដ៏លំបាកមួយនេះបានជំរុញឱ្យអ្នកស្រី វ៉ាត លីដា សម្រេចចិត្តធ្វើការងារសង្គមមួយនេះ ទាំងគ្មានប្រាក់ខែ និងហត់នឿយ ព្រោះមិនចង់ឱ្យវាបន្តកើតមានលើអ្នកជំនាន់ក្រោយបន្ត។
អ្នកស្រី វ៉ាត លីដា មានកូនចំនួន២នាក់ ក្នុងនោះកូនប្រុសច្បងកំពុងសិក្សានៅថ្នាក់ទី៨ និងកូនប្រុសទី២ មានអាយុទើប២ឆ្នាំ។
ជាស្រ្តីមេផ្ទះផង អ្នកស្រី វ៉ាត លីដា ក៏មានមុខរបរលក់មីឆា និងកាហ្វេនៅផ្ទះដែរ តែមិនសូវបានលក់ជាប់ជាប្រចាំនោះទេ ព្រោះពេលខ្លះគាត់ត្រូវចូលរួមការបណ្ដុះបណ្ដាលដែលអង្គការតម្រូវចូលរួម ដោយឆ្លងខេត្តជាច្រើនថ្ងៃ។ ចំណែកកូនៗវិញ ត្រូវទុកឱ្យប្ដីមើល និងពេលខ្លះយកទៅផ្ញើឪពុកម្ដាយរបស់គាត់ជួយមើលដែរ។
ឪពុករបស់អ្នកស្រី វ៉ាត លីដា គឺលោក មូល វ៉ាត ថ្លែងថា លោកគាំទ្រឱ្យអ្នកស្រី វ៉ាត លីដា ធ្វើការងារស្ម័គ្រចិត្តមួយនេះ ដោយថា បានចូលរួមជំរុញឱ្យពលរដ្ឋចេះការពារខ្លួនពីការឆ្លងជំងឺរបេង កុំឱ្យរងគ្រោះដូចក្រុមគ្រួសារបស់គាត់។
លោក មូល វ៉ាត និយាយថា៖ «ខ្ញុំអត់ជំទាស់អីទេ កូនស្ម័គ្រចិត្តធ្វើអ៊ីចឹងទៅ ក៏ជួយបម្រើបងប្អូនយើង ប្រជាពលរដ្ឋយើង ឱ្យប្រុងប្រយ័ត្នការពារខ្លួន»។
បុរសវ័យ៧៣ឆ្នាំរូបនេះ បានឱ្យដឹងថា គាត់បានកើតជំងឺរបេងក្នុងឆ្នាំ២០០៣ ហើយថាមូលហេតុសំខាន់មួយដែលនាំឱ្យគាត់កើតជំងឺនេះ គឺគាត់ចូលចិត្តជក់បារី។ លោកបានចំណាយរយៈពេល៩ខែ ទើបបានជាសះស្បើយពីជំងឺនេះ ដោយសារតែជំងឺរបស់គាត់ធ្ងន់ធ្ងរ ទើបត្រូវសម្រាកនៅមន្ទីរពេទ្យ២ខែ និងត្រូវបន្តលេបថ្នាំ៦ខែ។ ក្នុងពេលនោះ គាត់មិនបានទៅប្រកបរបរចិញ្ចឹមជីវិតដូចរាល់ដងនោះទេ ដោយសារតែធ្វើទុក្ខក្នុងរាងកាយខ្លាំង។
អង្គការសុខភាពពិភពលោក បានចេញផ្សាយរបាយការណ៍ជាសកលមួយនៅឆ្នាំ២០២១ ដោយរកឃើញថា នៅកម្ពុជាមានអ្នកកើតជំងឺរបេងចំនួន២៧៤ករណី និងអ្នកស្លាប់ចំនួន២០នាក់ ក្នុងចំណោមប្រជាជន១០០ ០០០នាក់។
ចំណែកការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០១៨ មានអ្នកឆ្លងជំងឺរបេងចំនួន១,៧ពាន់លាននាក់ ហើយមានមនុស្សប្រហែល១,៥លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសាររោគរបេងនៅទូទាំងសកលលោក។
មន្រ្តីជំនួយការសហគមន៍នៃអង្គការខាណា ( KHANA) ប្រចាំនៅស្រុកស្អាង អ្នកស្រី សោម សារ៉េត មានប្រសាសន៍ថា ការបង្កើតឱ្យមានបណ្ដាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងនេះឡើង គឺក្នុងគោលបំណងតាមដានពីស្ថានភាពលំបាករបស់អ្នកកើតរោគរបេង។
អ្នកស្រីបន្តថា៖ «យើងចង់លើកកម្ពស់ទៅដល់អ្នកជំងឺរបេងទាំងអស់នៅក្នុងសហគម៍។ យើងចងក្រងជាក្រុមឱ្យគាត់បញ្ចេញមតិយោបល់ អ្វីដែលគាត់មើលឃើញ ពីផលប៉ះពាល់ទៅលើអ្នកកើតរបេង»។
អ្នកស្រី សោម សារ៉េត បន្ថែមថា ក្រុមបណ្ដាញដែលកំពុងធ្វើការងារជាមួយអ្នកជំងឺរបេងនៅស្រុកស្អាង មានចំនួន៥នាក់ ហើយពួកគេតែងតែទៅតាមដានពីបញ្ហាប្រឈមរបស់អ្នកកើតជំងឺរបេងនៅតាមមណ្ឌលសុខភាពទាំង១២ ដែលមាននៅស្រុកស្អាង និងចុះអប់រំអ្នកភូមិក្នុងសហមន៍។
អ្នកស្រីសង្កេតឃើញថា អ្នកកើតជំងឺរបេងក្នុងពេលបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាមួយចំនួន ដូចជា ការរើសអើងពីពលរដ្ឋ ការយកលុយបន្ថែមលើថ្លៃសេវាព្យាបាលពីគ្រូពេទ្យ ពិសេសគឺពួកគេទទួលរងផលប៉ះពាល់ផ្នែកជីវភាពខ្លាំង ដោយសារតែអ្នកកើតជំងឺភាគច្រើនគឺជាពលរដ្ឋក្រីក្រ។
ករណីនេះ អ្នកស្រីបានជំរុញឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់បន្ថែមទៀតចំពោះអ្នកដែលកំពុងព្យាបាលជំងឺរបេង ដោយមិនគិតថ្លៃព្យាបាលបន្ថែមលើអ្នកកើតជំងឺរបេង និងឧបត្ថម្ភស្បៀងអាហារ ថវិកាដល់ពួកគាត់ឡើងវិញក្នុងអំឡុងពេលដែលកំពុងព្យាបាល។
អ្នកស្រី សោម សារ៉េត បន្តថា៖ «ចង់ឱ្យក្រសួងសុខាភិបាលមានករណីលើកលែងចំពោះអ្នកកើតរបេងហ្នឹង គឺកុំយកសេវាតែម្ដង។ ហើយទី២ ចង់ឱ្យរដ្ឋាភិបាលហ្នឹងមានវិធានការឡើងវិញ ព្រោះអីអ្នក[កើត]របេងកាលជំនាន់មុន តាមបងដឹង អ្នកព្យាបាលរបេងមាន [ការឧបត្ថម្ភ] ប្រេងឆា ត្រីខ អង្ករ មានថវិកាក្នុងការផ្គត់ផ្គង់ តែឥលូវនេះគឺអត់មានទេ»។
ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា បានឱ្យដឹងថា នៅកម្ពុជាមានមនុស្សប្រមាណមួយភាគបីដែលកំពុងឈឺដោយសារជំងឺរបេង ហើយពួកគេនៅមិនទាន់ទទួលបានការថែទាំនិងព្យាបាលឱ្យបានទាន់ពេលវេលានោះទេ។ លោកបង្ហាញការព្រួយបារម្ភថា នេះជាហានិភ័យមួយដែលអាចធ្វើឱ្យផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងប្រទេសជាតិ។
លោកបន្តថា ជារៀងរាល់ឆ្នាំ មានអ្នកជំងឺរបេងប្រមាណ៣០ ០០០នាក់បានទៅរកការថែទាំ ធ្វើរោគវិនិច្ឆយនិងព្យាបាលនៅមជ្ឈមណ្ឌលជាតិមួយនេះ ដោយក្នុងឆ្នាំ២០១៨ មានអ្នកជំងឺរបេងចំនួន២៨ ៤៦៤នាក់ និងក្នុងឆ្នាំ២០១៩ មានចំនួន៣០ ១៤៨នាក់ ចំណែកក្នុងឆ្នាំ២០២០ មានអ្នកជំងឺរបេងចំនួន២៩ ២៩៩នាក់ ។
យ៉ាងណាក្ដី ចំពោះការស្នើសុំឱ្យមានជាការឧបត្ថម្ភស្បៀងអាហារនិងថវិកាដល់អ្នកជំងឺរបេងឡើងវិញនោះ ត្រូវបានលោក ហួត ចាន់យុដា ពន្យល់ថា ការផ្ដល់ចំណីអាហារនេះ គឺជាកម្មវិធីរបស់អង្គការស្បៀងអាហារពិភពលោក ហើយក៏បានបិទបញ្ចប់យូរឆ្នាំហើយ លើកលែងតែការព្យាបាលគឺមិនតម្រូវឱ្យបង់ប្រាក់ទេ។
លោកបន្ថែមថា៖ «សំខាន់បំផុត គឺកម្មវិធីយើងបានផ្ដល់សេវាមានទំនុកចិត្ត ក៏ដូចជាការព្យាបាលដោយមិនបង់ប្រាក់ នេះគឺជាការគិតគូរដ៏ធំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិហើយ»។
ត្រលប់មករកអ្នកស្រី វ៉ាត លីដា វិញ អ្នកស្រីប្រាប់ថា គាត់ក៏កំពុងរៀបចំហិបមួយចំនួនដាក់នៅតាមវត្តអារាមនានាក្នុងសហគមន៍របស់គាត់ ដើម្បីកៀរគរថវិកាជួយគាំទ្រដល់អ្នកជំងឺរបេងដែលខ្វះខាតខ្លាំង។
ដោយលើកដៃចង្អុលហិបចំនួន៥នៅក្បែរខ្លួន អ្នកស្រីនិយាយថា៖ «នេះយើងស្នើសុំគេដាក់នៅវត្ត ដើម្បីឆាប់បានលុយច្រើនបន្តិច ស្រណុកទិញនេះទិញនោះជូនពួកគាត់ [អ្នកកើតរបេង]។ ចង់និយាយថា ពេលដែលគាត់ឈឺ ចាំបាច់ត្រូវទិញទឹកផ្លែឈើ ផ្លែឈើអីក៏ដោយ យើងទិញឱ្យបានដល់ដៃគាត់។ បើពេលគាត់ស្លាប់ ហើយចាំយកលុយទៅចូលបុណ្យ ក៏អត់ប្រយោជន៍ដែរ»។
ជាបុគ្គលដែលធ្លាប់លំបាកដោយសារជំងឺរបេងក្នុងជីវិតម្ដងរួចទៅហើយនោះ អ្នកស្ រីវ៉ាត លីដា មិនចង់ឱ្យជំងឺនេះកើតមានលើនរណាម្នាក់ទៀតនោះទេ ដោយគាត់មានក្ដីរំពឹងថា ការងាររបស់គាត់នឹងបានចូលរួមបញ្ឈប់ការឆ្លងរាលដាលជំងឺរបេងនៅក្នុងសហគមន៍ ហើយគាត់ប្ដេជ្ញាចិត្តថានឹងបន្តបេសកកម្មរបស់ខ្លួនទៅមុខទៀត ទោះបីជាជួបឧបសគ្គក៏ដោយ។
អ្នកស្រី វ៉ាត លីដា និយាយថា៖ «ខ្ញុំគិតថានឹងបន្តទៅមុខទៀត ដើម្បីឱ្យសហគមន៍បញ្ឈប់ជំងឺរបេងឱ្យអស់ពីប្រទេសកម្ពុជារបស់យើង»៕