អ្នកជំងឺចំនួន៣នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈអ្នកឆ្លងវីរុសប្រភេទថ្មី អូមីក្រុង ត្រូវបានរកឃើញមានជាង៤៦០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test)។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៦៦នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១៦នាក់ និងឆ្លងក្នុងសហគមន៍៤៥០នាក់។ ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៣២៤នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២៨ ៥៩៩នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១២១ ៨៧៧នាក់ និងអ្នកស្លាប់ចំនួន៣ ០២៦នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់៧ ៣៨២នាក់៕












