តុលាការ​ខេត្តកំពង់ស្ពឺ​ដាក់​ប្រជា​សហគមន៍​៦នាក់​ស្ថិតក្រោម​ការ​ស៊ើបអង្កេត ពាក់ព័ន្ធ​វិវាទ​ដីព្រៃ​ជាមួយ​ទាហាន

តំណាងពលរដ្ឋ៦នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមទាហាន ស្ថិតក្នុងស្រុកថ្ពង់ ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាន់ដីកាកោះរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ឱ្យចូលបំភ្លឺថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (CCFC)

សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឱ្យសមាជិកសហគមន៍៦នាក់ត្រលប់មកផ្ទះវិញ ក្រោយពីសាក​សួរជិត​​មួយថ្ងៃពេញ​ ពាក់ព័ន្ធរឿងជម្លោះដីព្រៃសហគមន៍ជាមួយក្រុម​ទាហាន ប៉ុន្តែដាក់​ឱ្យ​ស្ថិតក្រោម​ការ​ស៊ើបអង្កេត​តាម​នីតិវិធី​បន្ត​ទៀត។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា បាន​ចេញ​ដីកាកោះហៅជាលើក​ទី២ ឱ្យ​សមាជិក​សហគមន៍៦នាក់​ចូលភ្លឺនៅថ្ងៃទី២៣ ខែកុម្ភៈនេះ ក្រោយពីពួកគេនាំគ្នាតវ៉ាប្រឆាំងក្រុមទាហានមិនឱ្យធ្វើសកម្មភាពឈូសឆាយ និងកាប់បំផ្លាញព្រៃសហគមន៍មួយកន្លែង ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមាជិក​សហគមន៍​ម្នាក់​ដែលត្រូវតុលាការ​កោះហៅ​ លោក ខន សារិទ្ធ ប្រាប់​វីអូឌី​នៅថ្ងៃព្រហស្បតិ៍​នេះថា ក្រោយ​សាក​សួរជាង​៨ម៉ោង តុលាការបានសម្រេចឱ្យពួកគាត់ទាំង៦នាក់ត្រលប់ទៅ​ផ្ទះវិញ និង​បានព្រមាន​មិន​ឱ្យពួកគាត់​តវ៉ា​ប្រឆាំង​ទាហានដែល​ឈូសឆាយនិងកាប់បំផ្លាញ​ព្រៃឈើបន្តទៀត។

លោកបន្ថែមថា៖ «គាត់ [ព្រះរាជអាជ្ញា] ថាប្រសិនជាយើងនៅតែតវ៉ាទៀត យើងប្រឈមមុខនឹងផ្លូវច្បាប់ ពីព្រោះខាងគេនោះ​[ភាគីទាហាន] គេមានអនុក្រឹត្យ​ដែលសម្ដេច​កាត់ឆ្វៀល​ឱ្យ។ បើ​យើងនៅតែតវ៉ា យើងនឹង​ប្រឈម​មុខនឹងផ្លូវច្បាប់ ព្រះរាជអាជ្ញាគាត់និយាយអ៊ីចឹង​ ថាយើងប្រឆាំងច្បាប់​ ប្រឆាំងរដ្ឋាភិបាល»

យ៉ាងណា សមាជិកសហគមន៍រូបនេះអះអាងថា រូបលោកនៅតែបន្តសកម្ម​ភាព​ទៀត ដោយសារព្រៃឈើដែល​រដ្ឋាភិបាលផ្ដល់ទៅឱ្យក្រុមទាហាននោះជាព្រៃស្រោង ហើយ​ពួកគាត់បានការពារជាង២០ឆ្នាំទៅហើយ។

សមាជិកសហគមន៍ម្នាក់ទៀត លោក សឹង សុខុម ឱ្យដឹងថា តុលាការខេត្តកំពង់ស្ពឺ បានចោទសួរលោកអំពីការញុះញង់​ប្រជាពលរដ្ឋឱ្យទៅរារាំងក្រុមទាហានមិនឱ្យធ្វើសកម្មភាពឈូសឆាយនិងកាប់បំផ្លាញព្រៃសហ​គមន៍ ជា​ថ្នូរនឹងការទទួលបានដីក្បាល៣០ម៉ែត្របណ្ដោយ១០០ម៉ែត្រ និងលុយ៣០០ដុល្លារ ប៉ុន្តែលោក​ច្រានចោលការ​ចោទសួរនេះ ដោយថា លោក​មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

លោក​បន្តថា លោកក៏បានបដិសេធ​ចោល​ចំពោះការចោទប្រកាន់ផ្សេងៗ​ពីសំណាក់ភាគីទាហាន​មកលើរូបលោក និងបានស្នើដល់តុលាការ​ទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ទាំង៦នាក់ផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំបានឆ្លើយថា ទាំងអស់ហ្នឹង វាសុទ្ធតែជាការប្រតិដ្ឋរបស់ភាគីទាហានហ្នឹងហើយ។ តាមពិត ការធ្វើអ៊ីចឹង ​គឺពួកខាងហ្នឹងឯង។ ហើយចម្លើយខ្ញុំមួយទៀត ខ្ញុំឆ្លើយថា ខ្ញុំគ្មានសមត្ថភាពឯណាញុះ​ញង់​​កេណ្ឌប្រជាពលរដ្ឋបានទេ ខ្ញុំគ្មានអំណាចអ្វីទាំងអស់ ហើយប្រជាពលរដ្ឋដែលគាត់ទៅតវ៉ា អាហ្នឹងដោយ​សារ​គាត់​មាន​ឆន្ទៈ​ថាដីហ្នឹងជាដីព្រៃសហគមន៍ គាត់បានអាស្រ័យផលពីព្រៃឈនៅហ្នឹង។ ជាឆន្ទៈរបស់ពួក​គាត់ វារឿងរបស់ពួកគាត់ ខ្ញុំគ្មានសមត្ថភាពឯណាទៅកេណ្ឌប្រជាពលរដ្ឋបានទេ»

យ៉ាងណា អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក វ៉ឺត មឃៈ មាន​ប្រសាសន៍​ថា សំណុំរឿងនេះ​មិនទាន់​សម្រេច​ថា​យ៉ាង​ណា​នៅឡើយទេ ដោយព្រះរាជអាជ្ញាដាក់ស្ថិតក្រោមការស៊ើបអង្កេតបន្តទៀត។

លោកបន្ថែមថា៖ «ពួកគាត់ទាំង៦នាក់ហ្នឹងបានចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់ព្រះរាជអាជ្ញា លោក ទិន សុចិត្រា ហើយ។ អ៊ីចឹងបន្តទៀត​ គឺស្ថិតក្នុងការអង្កេតរបស់គាត់បន្តទៀត​ ដោយមិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ»

បើតាមសមាជិកសហគមន៍ លោក ខន សារិទ្ធ កាលពីថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០២២ មានការប៉ះទង្គិចគ្នាមួយ​រវាង​ពលរដ្ឋនិងក្រុមទាហាន រហូតដល់ទាហានផ្ទុះអាវុធនិងប្រើហិង្សាលើពលរដ្ឋឱ្យរងរបួសស្រាល ខណៈក្រុមពលរដ្ឋចូលទៅរារាំងមិនឱ្យក្រុមទាហានបន្តកាប់បំផ្លាញព្រៃសហគមន៍។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល ប៉ុន្តែត្រូវបានអ្នកភូមិអះអាងថា ដីតំបន់នេះជាសហគមន៍ឧត្ដមស្រែខ្ពស់ ដែលពួកគេបានចុះបញ្ជី និងការពារជាង២០ឆ្នាំទៅហើយ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ប្រាប់វីអូឌីកាលពីថ្ងៃ​ម្សិលមិញថា ការ​កាត់ដីពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រប​ស់​ក្រសួងបរិស្ថាន ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ព​នៅ​ឃុំត្រពាំងជោរនោះ គឺ​មាន​ភាពមិន​ប្រក្រតី​ជាច្រើន។

លោកថា កន្លងមក ក្រសួង​បានកាត់ដី​៧៥ហិកតាពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលជាប់ជាមួយ«ព្រៃសហគមន៍​ឧត្ដមស្រែខ្ពស់»​ទៅគ្រួសារកងទ័ពម្តងរួច​មកហើយ ប៉ុន្តែគ្រួសារកងទ័ពទាំងនោះ​មិនបានរស់នៅអាស្រ័យផលឡើយ ដោយពួកគេបានយក​ដីនោះ​ទៅ​លក់ឱ្យ​ឈ្មួញ ហើយ​យកឈ្មោះយោធា​មួយ​ក្រុមទៀត​មក​សុំដីសង្គមកិច្ចពីរដ្ឋាភិបាលបន្តទៀត ដែលបណ្ដាលប៉ះពាល់ដល់ដីសហគមន៍ និង​បង្កបានជាជម្លោះជាមួយប្រជាពលរដ្ឋ។

ប្រធានអង្គការរូបនេះ អះអាងថា នៅចុងសប្ដាហ៍នេះ អង្គការរបស់លោក​នឹងដាក់លិខិតមួយទៅក្រសួងបរិស្ថាន ដើម្បីសុំអន្តរាគមន៍និរាករណ៍អនុក្រឹត្យ​ដែលបានកាត់ដីទំហំជាង​២៦០ហិកតាទៅឱ្យគ្រួសារកងទ័ពនោះ​ ដោយថា ប្រសិនបើបន្តកាត់ដីតំបន់ការពារទៅឱ្យគ្រួសារកង​ទ័ពទៀត នឹងធ្វើឱ្យវិនាស​ហិន​ហោច​ព្រៃឈើ សត្វព្រៃ និងដីរបស់រដ្ឋផងដែរ។

អ្នកភូមិអះអាងថា កាលពីដើមឡើយ សហគមន៍ «ឧត្ដមស្រែខ្ពស់» មាន​​ផ្ទៃដីព្រៃទំហំជាង២ ០០០ហិកតា ប៉ុន្តែក្រោយមក​​មាន​​ក្រុម​ហ៊ុន​​ឯ​កជន​ និង​​ក្រុម​​ទាហាន ​បាន​ចូល​ទៅរំលោភ​យក​​ជា​បន្ត​បន្ទាប់ ដោយបច្ចុប្បន្ន​សហគមន៍នេះសល់ដីទំហំជិត១ ០០០ហិកតា (៨៨៧ហិកតា) ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ