HRW ថា អាជ្ញាធរ​កម្ពុជា​បាន​ប្រើ​វិធានការ​សុខាភិបាល​ ដើម្បី​គាប​សង្កត់​កូដករ​មិន​ឱ្យ​តវ៉ា​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​(Human Rights Watch) ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​កម្ពុជា​ថា បាន​ប្រើប្រាស់​វិធានការ​សុខាភិបាល ដើម្បី​រារាំង​និង​គាប​សង្កត់​មិន​ឱ្យ​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទៀត។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានឱ្យដឹងថា កន្លងមក ក្រុមកូដករជាច្រើននាក់ដែលចូលរួមកូដកម្មបានអនុវត្តតាមវិធានការសុខាភិបាលត្រឹមត្រូវ ដោយពាក់ម៉ាស់ រក្សាគម្លាតពីគ្នា និងបានធ្វើតេស្ត កូវីដ-១៩ ថែមទៀត។ តែអាជ្ញាធរបានរុញច្រាន និងចាប់ខ្លួនកូដករបញ្ចូលក្នុងរថយន្តក្រុងទាំងបង្ខំ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោមហេតុផលថា បំពានវិធានសុខាភិបាល ហើយបានឃុំខ្លួនពួកគេនៅកន្លែងមណ្ឌលចត្តាឡីស័កដោយគ្មានអនាម័យសមរម្យ និងមិនបានផ្ដល់ទឹកសម្រាប់ឱ្យពួកគេ បរិភោគជា ដើម។

​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សចាត់ទុកការចោទប្រកាន់របស់អាជ្ញាធរទៅលើក្រុមកូដករថាបានបំពានវិធានការកូវីដ-១៩នោះថា ធ្វើឡើងដោយមិនសមហេតុផល ឡើយ ដែលករណីនេះ គ្រាន់តែជារឿងបិទបាំងចំពោះ​ការ​បញ្ឈប់កូដកម្មរបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរតែប៉ុណ្ណោះ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch លោក Phil Robertson បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ ថា មូលហេតុដែលលើកឡើងរបស់អាជ្ញាធរ ដែលថា កូដករ​បំពាន​វិធានសុខាភិបាលនោះ ធ្វើឡើង​ដើម្បី​គាបសង្កត់​កូដករ ដែលធ្វើកូដកម្ម ​ដោយ​សន្តិវិធី​នៅ​ជិតកាស៊ីណូ Naga World ក្នុង​រាជធានី​ភ្នំពេញ។

លោក Phil Robertson បានលើកឡើងថា៖ «អាជ្ញាធរកម្ពុជាកំពុងរារាំងកូដកម្មដោយសន្តិវិធីរបស់សហជីព។ ការ​បន្ត​យាយី​ប្រឆាំង​នឹង​កម្មករ​ដែល​ធ្វើ​កូដកម្ម​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ​គឺ​ជា​ការ​ប៉ុនប៉ង​បំបិទ​សំឡេង​កម្មករ​ក្លាហាន​ទាំង​នេះ ហើយ​ធ្វើ​ឲ្យ​ចលនា​សហជីព​របស់​កម្ពុជា​ចុះ​ខ្សោយ»

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានលើកឡើងដែរថា អាជ្ញាធរបានឃាត់ពួកគេម្តងទៀត និងបង្ខំឱ្យឡើងរថយន្តក្រុង ហើយបញ្ជូនទៅកន្លែងចត្តាឡីស័ក នៅព្រែកព្នៅ ដែលជាកន្លែងគ្មានអនាម័យ និងបានបង្ខំឱ្យកូដករធ្វើកិច្ចសន្យា មុនអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញជាដើម។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី សុំមិនឆ្លើយតបចំពោះការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះទេ ដោយថា ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញបានបំភ្លឺរួចហើយ។

លោកថា៖ «មិនមានភាពចំបាច់ ដែលត្រូវឆ្លើយតបដែរ បើសិនជាមានករណីចេញសេចក្ដីសេចក្ដីថ្លែងការណ៍ផ្សេងៗ មិនមានភាពចាំបាច់ផ្ដល់ជូនផង ដោយសារការបកស្រាយ និងការអះអាង ឬការលើកឡើងហ្នឹង វាមានទិដ្ឋភាពដែលឆ្លុះបញ្ចាំង ហើយមានតុល្យភាពខ្លះហើយ។ បើយើងអត់មានតុល្យភាពក្នុងការបញ្ចេញព័ត៌មាន បញ្ចេញយោបល់ ថ្លែងសារអីរបស់យើងផង អ៊ីចឹងដូចជាមិនចាំបាច់អីត្រូវបកស្រាយអីច្រើនជូនទេ»

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីថ្លែងការណ៍ដោយច្រានចោល សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការ សង្គមស៊ីវិលថា គ្មានហេតុការណ៍ណាមួយដែលអាជ្ញាធរប្រព្រឹត្តអំពើបៀតបៀនលើស្ត្រីដោយអសីលធម៌ដូចការចោទប្រកាន់ទេ ហើយថា ការចោទប្រកាន់ ណាមួយគួរមានភស្តុតាងច្បាស់លាស់ ដើម្បីជាមូលដ្ឋានចាត់វិធានការចំពោះបុគ្គលដែលបានប្រព្រឹត្តកំហុស ឱ្យទទួលទោសចំពោះមុខច្បាប់។

ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៥១ ស្ថាប័ន ទាមទារទៅអាជ្ញាធរឱ្យបញ្ឈប់ជាបន្ទាន់រាល់ការបៀតបៀន ការប្រើអំពើហិង្សា រួមទាំងការអនុវត្តវិធានការកូវីដ-១៩ មិនត្រឹមត្រូវមួយចំនួនទៀត ឆ្លើយតបទៅនឹងកូដករណាហ្គាវើលដ៍ ដោយសម្អាងថា ទង្វើនេះជាការ រំលោភ សិទ្ធិស្ត្រី និងសិទ្ធិជួបជុំ ដែលការពារដោយរដ្ឋធម្មនុញ្ញ។

ក្រុមអង្គការទាំង ៥១ ស្ថាប័នបានសម្អាងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបានចាប់រុញ ទាញ និងសែងកូដករ បង្ខំឱ្យចូលទៅក្នុងរថយន្តក្រុង មុនបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កជំងឺកូវីដ-១៩ មួយកន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលថា ពេលនោះ «សមត្ថកិច្ចជាបុរសម្នាក់បានចាប់ និងច្របាច់ដោះរបស់ស្ត្រីម្នាក់» ខណៈពេលដែលនាងត្រូវបានបង្ខំឱ្យចូលទៅក្នុងរថយន្តក្រុង។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឱ្យកូដករជិត១០០នាក់ ចេញពីមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅទៅ ផ្ទះវិញ អស់ហើយ បន្ទាប់ពីអាជ្ញាធរបានដឹកពួកគេយកទៅដាក់នៅទីនោះ តាំងពីថ្ងៃទី២២ ខែកុម្ភៈ  ខណៈកូដករចំនួន១១ នាក់ កំពុងសម្រាកព្យាបាលកូវីដ-១៩។

ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក ក្រុមកូដករណាហ្គាវើលដ៍ជិតមួយ ១ ០០០ នាក់ បានធ្វើកូដកម្មទាមទារឱ្យថៅកែក្រុមហ៊ុនដោះស្រាយវិវាទការងារ បន្ទាប់ពីក្រុមហ៊ុនបនល្បែងដ៏ធំមួយនេះ បានបញ្ឈប់បុគ្គលិកជាង ១ ៣០០ នាក់ ដែលភាគច្រើន គឺជាថ្នាក់ដឹកនាំសហជីព។ ក្រោយពីធ្វើកូដកម្មអស់ រយៈពេលជិតពីរខែ តែគ្មានដំណោះស្រាយ​នោះទេ។

បន្ថែមពីនេះ តំណាងសហជីពចំនួន៩នាក់ ត្រូវបានចាប់ខ្លួនពីបទ ញុះញង់ឱ្យមានការធ្វើកូដកម្ម ហើយក្រោយមកកូដករ៣នាក់ ក៏ត្រូវបានចាប់ខ្លួន ពីបទប្រឆាំងនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ទោះបីជាមានការចាប់ខ្លួនជាបន្តបន្ទាប់ក្តី តែក្រុមបុគ្គលិកណាហ្គាវើលដ៍ផ្សេងទៀតនៅតែបន្តមកជួបជុំគ្នាធ្វើកូដកម្ម បើទោះបីជាអាជ្ញាធរបានរារាំង ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ