កម្ពុជា​អនុញ្ញាត​នាំ​ចូល​សាច់​និង​ទំនិញ​បង្កក​ដោយ​មិន​បាច់​មាន​​លិខិតបញ្ជាក់​ថា​គ្មាន​​កូវីដ-១៩​

រូបថតអតិថិជនកំពុងរើសអាហារបង្កកមួយចំនួននៅក្នុងផ្សារទំនើបក្រុងហុងកុង ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរ៉យទ័រ។

កម្ពុជាសម្រេចឱ្យនាំចូលសាច់ និងទំនិញបង្កកផ្សេងៗពីប្រទេសជិតខាង ដោយមិនចាំបាច់ មានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនាំចេញបន្តទៀតឡើយ។

ការសម្រេចនេះ ធ្វើឡើងតាមរយៈលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលវីអូឌីទទួលបាននៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ក្រោយពីសង្កេតឃើញស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសវីវុសបំប្លែងថ្មី ប្រភេទ  ដែលតា(Delta)នៅតាមបណ្តាប្រទេសប្រភពនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកកម្ពុជា មានភាពធូរស្រាល។  លើសពីនេះ ​ស្ថានភាពការរីករាលដាលនៃវីរុសប្រភេទបំប្លែងថ្មី អូមីក្រុង (Omicron) ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ហើយលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកនាពេលកន្លងមកពុំឃើញមានវត្តមានវីរុសកូវីដ-១៩ទៀតនោះ។

ករណីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ សម្រេចលើកលែង «ការតម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនាំចេញ» ដូចមានចែងក្នុងចំណុច២.នៃលិខិតលេខ ២២៩៩/២១ អគរ បន្តទៀតឡើយ។

លិខិតដដែលបញ្ជាក់ថា ចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កក ដែលនាំចូលពីប្រទេសជិតខាង មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា​ ក្នុងចំណោមសាច់ក្របី​បង្កក​ចំនួន៥​កុងតឺន័រដែលនាំចូលពីប្រទេសឥណ្ឌា ​ក្រសួង​បានយកទៅធ្វើតេស្តកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ជាលទ្ធផល សាច់ក្របីបង្កក​ចំនួន ៣កុងតឺន័រមានផ្ទុកវីរុសកូវីដ-១៩។ 

បើតាមស្ថានទូត​ឥណ្ឌាប្រចាំ​កម្ពុជា បង្ហាញរបាយការណ៍ថា ឥណ្ឌាជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ផ្គត់ផ្គង់​សាច់​ក្របីនិង​អាហារ​នានា ខណៈ​​កម្ពុជាក៏បាន​នាំចូល​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌាក្នុងតម្លៃជាង ១៧លានដុល្លារ (១៧,៧) កាលពី​ឆ្នាំ​២០២០ ហើយចំនួនបានកើនឡើង​​ជាង៦លានដុល្លារ (៦,៤) បើប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ