រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ថា​ពលរដ្ឋ​ប្រមាណ ៧០% មិនមាន​ចំណេះដឹង​ឌីជីថល​កម្រិត​មូលដ្ឋាន

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អះអាងថា ​ប្រជាជន​កម្ពុជា​មិនដល់៣០ភាគរយ​ទេដែល​មានចំណេះដឹងផ្នែក​ឌីជីថល ឬបច្ចេកវិទ្យាអេឡេត្រូនិច​​កម្រិត​មូលដ្ឋាន ហើយពលរដ្ឋប្រមាណ៧០ភាគរយទៀតគ្មានចំណេះដឹងមួយនេះឡើយ ​​ខណៈព័ត៌មាន​ក្លែងក្លាយ ​កំពុង​​កើនឡើង​​និងគំរាមកំហែង​ដល់អ្នកប្រើប្រាស់​នាពេល​​បច្ចុប្បន្ន​។

ការថ្លែងនេះធ្វើឡើងក្នុងសិក្ខាសាលា​ចាប់ផ្ដើមការអនុវត្តគម្រោង​ «ការបង្កើត​ក្របខណ្ឌ និងយុទ្ធសាស្រ្ត អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល​ថ្នាក់ជាតិ» នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត លើកឡើងថា ​ថ្មីៗ​​នេះ រដ្ឋាភិបាល​​បាន​ដាក់ចេញ​នូវ​គោលនយោបាយសេដ្ឋកិច្ច​និង​សង្គម​ឌីជីថល ឆ្នាំ២០៣៥​ ​តាម​រយៈការបង្កើតនូវ​មូលដ្ឋាន​សំខាន់ៗ​ ដើម្បីជំរុញ​ការ​ទទួលយកនិងការផ្លាស់ប្ដូរឌីជីថលគ្រប់ផ្នែកទាំងអស់ ទាំង​ផ្នែក​រដ្ឋាភិបាល អាជីវកម្ម និង​ប្រជាពលរដ្ឋ។

លោកថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ យុទ្ធសាស្រ្តសំខាន់មួយ គឺការជំរុញ​ប្រែក្លាយ​ពលរដ្ឋកម្ពុជា​​ជាពលរដ្ឋឌីជីថល ​ដើម្បី​ចាប់យកប្រយោជន៍​អតិបរមា​ពីការវិវត្ត​របស់​បច្ចេកវិទ្យា​ គមនាគមន៍​ព័ត៌មាន ​ជំរុញ​ផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច​  ព្រមទាំងជំរុញកំណើន និងស្ថាបនាសង្គមដ៏ស៊ីវិល័យមួយ​។​

យ៉ាងណា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍រូបនេះថា សព្វថ្ងៃពលរដ្ឋកម្ពុជាតិចណាស់ដែលមានចំណេះដឹងមូលដ្ឋានផ្នែកឌីជីថលនេះ។

លោក ជា វ៉ាន់ដេត ថា៖ «​មកដល់​​សព្វថ្ងៃនេះ មានប្រជាជន​កម្ពុជា​មិនដល់ ៣០%​ ទេដែលមាន​អក្ខរកម្មឌីជីថល​កម្រិត​មូលដ្ឋាន។ សមត្ថភាពកម្រិតមូលដ្ឋាន​​សំដៅដល់ការ​អាច​ចេះប្រើប្រាស់​អ៊ីនធឺណិត និងប្រព័ន្ធ​ឌីជីថលសម្រាប់ស្វែងរក​ និងចែករំលែកព័ត៌មាន​​ជាដើម។ល។ ប្រជាពលរដ្ឋ​ប្រមាណ​ ៧០%​ ទៀត​​ នៅមិនទាន់មានការយល់​ដឹងចេះប្រើប្រាស់​ប្រព័ន្ធនេះបាន​ល្អ​ប្រសើរ​​នៅឡើយទេ សូម្បីតែ​នៅក្នុងកម្រិត​មូលដ្ឋាន​»។

លោក ជា វ៉ាន់ដេត បន្ថែមថា គម្លាត​ដ៏ធំនេះ​ គឺជាបញ្ហាប្រឈម​និងជារនាំង​រាំងស្ទះដល់ការចាប់យក​ឱកាស​របស់​​ពលរដ្ឋ​ក្នុងទទួលយកប្រយោជន៍​ពីបច្ចេកវិទ្យា និងការទទួលបាន​សេវាសាធារណៈ​​នានាក្នុងពេលអនាគត​។

អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិត លោក ង៉ែត ម៉ូសេ ថ្លែងថា ​តាមបទពិសោធន៍ដែលលោកបានបង្រៀនពីចំណេះដឹងផ្នែកឌីជីថលតាំងពីឆ្នាំ២០១២មក ពលរដ្ឋកម្ពុជានៅខ្វះចំណេះដឹងផ្នែកឌីជីថលនិងអ៊ីនធឺណិតច្រើន ខណៈពួកគាត់ប្រើវាលឿនពេកដោយមិនបានឈ្វេងយល់ជាមុន។

លោកបានប្រៀបធៀបការប្រើឌីជីថលរបស់ពលរដ្ឋកម្ពុជាទៅនឹងការរៀនជិះម៉ូតូតៗគ្នា ដោយពុំបានរៀនឈ្វេងយល់ពីច្បាប់ចរាចរណ៍។ ដូច្នេះ លោកថា ពលរដ្ឋនៅតែអាចប្រើបច្ចេកវិទ្យាបែបនោះបាន ប៉ុន្តែហានិភ័យរងគ្រោះគឺខ្ពស់ណាស់។

លោក ង៉ែត ម៉ូសេ បន្តថា នៅកម្ពុជា ពលរដ្ឋងាយនឹងចាញ់បោកតាមប្រព័ន្ធអនឡាញណាស់ មានដូចជា ការបន្លំតាមរយៈរូបភាពរ៉ូមែនទិក ឬហៅថា Romantic Scam បញ្ហាឥណទានខុសច្បាប់ ជាដើម។ ក្រៅពីនោះ នៅមានការវាយប្រហារគណនីឯកជន ជាពិសេសបុគ្គលមានមុខមាត់និងអ្នករកស៊ីធំៗច្រើនជាអ្នករងគ្រោះ ដោយសារពួកគេប្រគល់ការងារទាំងនោះឱ្យទៅអ្នកព័ត៌មានវិទ្យា ជាជាងកាន់កាប់ដោយខ្លួនឯង។

អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិតរូបនេះថា ប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យាមានការវិវត្តថ្មីជានិច្ច ដែលទាមទារឱ្យពលរដ្ឋ​ប្រុងប្រយ័ត្ន ហើយត្រូវឈ្វេងយល់ពីការប្រើប្រាស់ មុនពេលប្រើស៊ីជម្រៅ ដូចជាទៅលើមុខរបរ និងទំនាក់ទំនង​ផ្សេងៗ ដើម្បីកុំឱ្យក្លាយជាជនរងគ្រោះ។

លោក ម៉ូសេ ថា៖ «ហើយមិនមែនតែប្រជាពលរដ្ឋទេ ទាំងអាជ្ញាធរដូចគ្នាដែរ! ឱ្យគាត់ដឹងដែរ! អាជ្ញាធរខ្លះ គាត់អត់ចេះប្រើទូរសព្ទដែរ។ អត់ចេះប្រើទូរស័ព្ទ បងចង់មានន័យថា រឿងប្រើប្រាស់ Telegram,  Facebook account, Facebook page ដើម្បីផ្សព្វផ្សាយពីព័ត៌មានពីស្ថាប័នរបស់គាត់ឱ្យទៅសហគមន៍ដឹង។ល។ គាត់អាចប្រើប្រាស់បាន ប៉ុន្តែប្រើប្រាស់មិនទាន់បានត្រឹមត្រូវនៅឡើយទេ។ អ៊ីចឹងមិនគិតតែប្រជាពលរដ្ឋខ្លួនឯងទេ អ៊ីចឹងអាជ្ញាធរនៅតំបន់ដាច់ស្រយាលក្ដី និងអាជ្ញាធរដែលនៅក្នុងតំបន់ rural area [ជនបទ] ក្ដី គឺថាត្រូវតែទទួលបានវគ្គបណ្ដុះបណ្ដាលដោយផ្ទាល់»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី យល់ថា ចំណុចសំខាន់ ដើម្បីកុំឱ្យពលរដ្ឋរងគ្រោះដោយសារប្រព័ន្ធឌីជីថល គឺស្ថាប័នរដ្ឋ អង្គការ និងសង្គមស៊ីល ត្រូវពង្រីក​ការយល់ដឹងដល់ពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។  ​

លោកថា កម្រិតចំណេះដឹងផ្នែកឌីជីថលរបស់ពលរដ្ឋមានកាន់តែតិច ឱកាសរបស់ជនខិលខូចដែលប្រើព័ត៌មានមិនពិត ញុះញង់ បង្កឱ្យមានការយល់ច្រឡំមានកាន់តែច្រើន ហើយ​បញ្ហានេះនឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់ពលរដ្ឋ។

លោក ណុប វី ថា៖ «ចំណុចហ្នឹង យើងទាមទារឱ្យរដ្ឋាភិបាលត្រូវតែមានការបើកចិត្តទូលំទូលាយ ចំហឱ្យមានកិច្ចសហប្រតិបត្តិការ រៀបចំឱ្យមានកិច្ចការងាររួមគ្នា ដើម្បីជំរុញការបណ្ដុះបណ្ដាលរបស់យើងឱ្យវាកាន់តែមានប្រសិទ្ធភាព ទាក់ទងនឹងការបណ្ដុះបណ្ដាលនៅក្រៅប្រព័ន្ធ។ ចំណែកនៅក្នុងប្រព័ន្ធ ក្រសួងមានលទ្ធភាពហើយក្នុងការបញ្ជ្រាបទៅក្នុងប្រព័ន្ធអប់រំនៅក្នុងពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែបើសិនជាមិនមានទេ ខ្ញុំគិតថា លំហនៃកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ជាមួយនឹងខាងប្រព័ន្ធអប់រំរបស់រដ្ឋាភិបាល គឺមានលទ្ធភាព។ យើងធ្វើកិច្ចការរួមគ្នាបានទៀត ដើម្បីធ្វើម៉េចឱ្យការបញ្រ្ជាបទៅក្នុងវិស័យអប់រំក្នុងប្រព័ន្ធហ្នឹងកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង»។

​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត យល់ឃើញថា ប្រសិនបើពលរដ្ឋមានចំណេះដឹងអំពី​​​​ប្រព័ន្ធផ្សព្វផ្សាយ​ ព័ត៌មាន​ និងឌីជីថលកាន់តែច្រើន​​​ ​អាច​ធ្វើ​​ឱ្យពួកគាត់​មានលទ្ធភាព​គ្រប់គ្រាន់ក្នុងការប្រើប្រាស់ ចែករំលែក​ប្រកបដោយ​ការទទួលខុសត្រូវ ​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរ​ អត្តសញ្ញាណ ​វប្បធម៌ជាតិ និងទទួលបាននូវផលប្រយោជន៍​​ពីសង្គមឌីជីថលយ៉ាង​ពិតប្រាកដ​៕  ​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ