អ្នកភូមិ​នៅ​ខេត្តព្រៃវែង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​គប់គិត​គ្នា​លុប​ប្រឡាយ​ទឹក​យក​ដី​លក់​ឱ្យ​ក្រុមហ៊ុន

អ្នកភូមិជាច្រើននាក់នៅឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចេញតវ៉ាដោយអះអាងថាអាជ្ញាធរគប់គិតជាមួយក្រុមហ៊ុនចាក់ដីលុបប្រឡាយសាធារណៈ។ (ផ្ដល់ឱ្យ)

អ្នកភូមិជាច្រើននាក់នៅឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចោទអាជ្ញាធរមូលដ្ឋានថាបានគប់គិតគ្នា​ចាក់ដីលុបប្រឡាយទឹក ដើម្បីយកដីលក់ឱ្យក្រុមហ៊ុន និងធ្វើឱ្យពលរដ្ឋគ្មានប្រព័ន្ធទឹកសម្រាប់បង្ក​បង្កើន​ផល តែអាជ្ញាធរច្រានចោលការចោទនេះ។

ពលរដ្ឋរស់នៅឃុំជ្រៃឃ្មុំ​ម្នាក់ លោ​ក ឈិត ថា ប្រាប់ វីអូឌី នៅចន្ទនេះថា អ្នកភូមិប្រហែល១០០នាក់ តំណាងពលរដ្ឋជាង៣០០គ្រួសារ រស់នៅភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល បាននាំគ្នាតវ៉ានៅលើដីជម្លោះជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតមកដល់ថ្ងៃនេះ ដើម្បីទាមទារទៅអាជ្ញាធរភូមិឃុំកាយអាចម៍ដីចេញ​​ពីប្រឡាយទឹកវិញ។

លោកអះអាង​ថា អាជ្ញាធរ​មូល​ដ្ឋាន​បា​ន​គប់គិតគ្នាចាក់ដីលុបប្រឡាយ​ទឹក​មួយខ្សែ​នៅក្នុង​សហគមន៍ ដោយធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារដែលធ្លាប់អាស្រ័យផលពីប្រឡាយមួយនេះ។

លោកបន្ថែមថា៖ «ពួកយើងតវ៉ារឿងមេភូមិឱ្យឈ្មួញទិញដីចាក់លុប​ប្រឡាយ​ទឹកដែល​ប្រជាជន​ធ្លាប់អាស្រ័យ​ផល និង​លុប​ដីអូរ មិនដឹងជាលុបធ្វើអីទេ! […] ខ្ញុំបានទៅសួរមេភូមិដល់ផ្ទះ គាត់ថាឱ្យខ្ញុំបិទភ្នែកបិទច្រមុះ នេះបានចំជាមេភូមិមែន! ឱ្យខ្ញុំបិទភ្នែកបិទច្រមុះម៉េចកើ​ត បើចាក់ដីលុបប្រឡាយអស់ហើយ តើប្រជាជន​ខ្ញុំបានទឹកអីប្រើប្រាស់»

ពលរដ្ឋម្នាក់ទៀត លោក ឡាយ ធី នៅភូមិឡាំឡូង ឃុំជ្រៃឃ្មុំដែរ អះអាងថា អាជ្ញាធរមូលដ្ឋានតែងតែគំរាមកំហែង​​ចំពោះពលរដ្ឋណាដែលសកម្មចេញមុខតវ៉ា និង​រារាំងមិនឱ្យមានការចាក់លុបប្រឡាយនេះ។ លោក​បន្ត​ថា អាជ្ញាធរ​​ឃុំមិនមែនគប់គិតគ្នាលុបប្រឡាយទឹកតែមួយកន្លែងនោះទេ គឺនៅ​មានជាច្រើន​កន្លែង​ផ្សេង​ទៀត ប៉ុន្តែអ្នកភូមិតវ៉ាតែកន្លែងដែលប៉ះពាល់ដល់ការអាស្រ័យផលរបស់ពួកគាត់តែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ឱ្យតែអ្នកភូមិគាត់និយាយអី​បន្តិច គាត់គំរាមចាប់គេដាក់គុកដាក់ច្រវាក់។ គាត់ប្រើតែភាសាអ៊ីចឹង ដល់ពេលអ៊ីចឹង​អ្នកភូមិខ្ញុំភ័យខ្លាច គាត់អត់ហ៊ានតវ៉ាទេ។ និយាយទៅ គាត់មិនមែនយកតែមួយ​កន្លែង​ហ្នឹង​ទេ គាត់រំលោភយក​ដីប្រឡាយ​ដែលជាដីរដ្ឋ ៣ទៅ៤កន្លែងទៀត ប៉ុន្តែអ្នក​ភូមិមិនហ៊ានតវ៉ា គាត់​ទាមទារតែកន្លែងណាដែលប៉ះពាល់ដល់ពួកគាត់ ហើយគាត់ទាមទារឱ្យបានទឹកប្រើប្រាស់វិញទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីមេឃុំជ្រៃធំ និងមេភូមិឡាំឡូង​បានទេ ពាក់ព័ន្ធករណីនេះ។

ប៉ុន្តែបើតាមស្មៀនឃុំជ្រៃឃ្មុំ លោក អ៊ុក ថេន ឱ្យដឹងថា ក្រុមហ៊ុនឯកជនមួយបានទិញដីពីប្រជាពលរដ្ឋនៅជាប់ប្រឡាយទឹក ហើយបានឱ្យមេឃុំមើលការខុសត្រូវលើការចាក់បំពេញដីដែលបានទិញនោះ។

ស្មៀនឃុំរូបនេះបន្តថា ពេលគ្រឿងចក្ររបស់ក្រុមហ៊ុនចាក់បំពេញដីរបស់ខ្លួនដែលបានទិញនោះ គឺបានហៀរចូលប្រឡាយទឹក ដែលធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបាននាំគ្នាតវ៉ាទាមទារឱ្យកាយ​ចេញវិញ។ លោកថា ក្រោយពី​ពលរដ្ឋតវ៉ា ខាងអាជ្ញាធរ​ឃុំបា​នសន្យាកាយ​អាចម៍នោះ​ចេញវិញ​ ដោយសុំទុករយៈពេល៧ថ្ងៃចាប់ពីថ្ងៃចន្ទនេះទៅ។

លោកបន្ថែមថា៖ «ព្រឹកមិញនេះ ក្រោយពលរដ្ឋគាត់តវ៉ាទៀត យើងបានធ្វើកិច្ចសន្យាជាមួយគាត់ហើយ។ យើងនឹងឱ្យក្រុមហ៊ុនកាយអាចម៍ដីហៀរប្រឡាយវិញ។ រឿងមានតែប៉ុណ្ណឹង អត់មានអីធំដុំទេ ហើយក្រុម​ហ៊ុនចាប់​ផ្ដើម​ពីថ្ងៃនេះហើយ»

អ្នកភូមិអះអាងថា អាជ្ញាធរបានសន្យាជាមួយពលរដ្ឋជាច្រើនដងហើយថានឹងកាយអាចម៍ដីចេញពីប្រឡាយទឹក ប៉ុន្តែរហូតមកដល់ពេលនេះ គឺអាជ្ញាធរមិនបានអនុវត្តតាមឡើយ ទើបពួកគាត់ផ្ទុះការតវ៉ា ហើយថា ប្រសិនបើអាជ្ញាធរមិនព្រមធ្វើតាមសន្យាទេ ពួកគេនឹងធ្វើការតវ៉ាជាថ្មីទៀត ដោយថា ប្រសិនបើប្រឡាយទឹកនោះត្រូវបានបិទ ពួកគាត់ជាង៣០០គ្រួសារគ្មានប្រព័ន្ធទឹកសម្រាប់បង្ក​បង្កើន​ផល​ទៀត​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ