ពលរដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញ នៅតែព្រួយបារម្ភពីបញ្ហាសុខភាពទៅថ្ងៃអនាគត ក្រោយពីពួកគេបានឆ្លងជំងឺកូវីដ-១៩ម្ដងរួចមក ហើយបើទោះបីជាពេលនេះ ពួកគេបានព្យាបាលជាសះស្បើយហើយក៏ដោយ។
យុវជន ហ៊ីម លី ជានិស្សិតម្នាក់កំពុងបន្តការសិក្សានៅរាជធានីភ្នំពេញ បានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ក្រោយឆ្លងជំងឺកូវីដ-១៩ ដោយយុវជនរូបនេះមានការភ័យខ្លាចថា ក្នុងពេលអនាគត ក្រោយពីជាសះស្បើយពីកូវីដ-១៩ហើយ អាចមានប្រតិកម្មកើតឡើងបន្តទៀត ដែលអាចបង្កឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងជាហេតុបណ្ដាលឱ្យប៉ះពាល់ដល់សួតម្ដងទៀតកាន់តែខ្លាំង និងអាចឈានទៅដល់ការខូចតម្រងនោមថែមទៀតផង។
យុវជនរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំមានការព្រួយបារម្ភថា នៅពេលថ្ងៃខាងមុខ ពីព្រោះថាបច្ចុប្បន្ន យើងឆ្លងកូវីដ-១៩ ព្រោះយើងដឹងស្រាប់ហើយថា កូវីដ-១៩ វាតែងតែឆ្លងហើយបំប្លែងសួតឬប្រព័ន្ធភាពស៊ាំផ្សេងៗ។ ប៉ុន្តែនៅថ្ងៃខាងមុខនោះ នៅតែបារម្ភខ្លាចថាមានជំងឺអីផ្សេងបំប្លែងថ្មីមកទៀត ឬរីករាលដាលមក ខ្លាចវាមានការប្រតិកម្មទៅលើប្រព័ន្ធស៊ាំយើង ដោយយើងមានការបំផ្លាញពីមុនមកដោយកូវីដ-១៩ហ្នឹង ធ្វើឱ្យប៉ះពាល់សុខភាពកាន់តែខ្លាំង បំផ្លាញសួតយើង ឬប្រព័ន្ធផ្សេងៗ»។
លោក ហ៊ីម លី បានបន្ថែមទៀតថា៖ «ធម្មតាឆ្លងហើយ ខ្លាចប៉ះពាល់សួត ក្រលៀនអី! ថ្វីដ្បិតឥលូវព្យាបាលជាមែន ប៉ុន្តែឆ្នាំក្រោយ ឬ ឆ្នាំទៅមុខ ខ្លាចមានជំងឺថ្មីបំប្លែងមកអ៊ីចឹង ហើយឆ្លងថ្មីម្ដងទៀត។ ទោះបីជា [ជាសះស្បើយ] ពិតប្រាកដមែន ប៉ុន្តែសួតអី វាមិនអាចនៅដូចដើមឯណា ព្រោះវាធ្លាប់ខូចខាតត្រឹមហ្នឹង។ ហើយចុះទម្រាំជំងឺផ្សេងៗមកទៀត វាប៉ះពាល់ដល់សួត វាអាចប្រឈមនឹងហានិភ័យច្រើន មិនត្រឹមតែសួត អាចប៉ះពាល់ដល់ក្រលៀនទៀតមិនដឹង»។
នៅកម្ពុជា ការព្យាបាលជំងឺកូវីដ-១៩ គឺធ្វើឡើងដោយតម្រូវឱ្យអ្នកជំងឺប្រើប្រាស់ថ្នាំមួយចំនួនតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ករណីអ្នកជំងឺឆ្លងវីរុសកូវីដ-១៩កម្រិតស្រាល។ ស្របជាមួយគ្នានេះដែរ ក្រោយរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ទាំងអស់អាចសម្រាកព្យាបាលនៅតាមផ្ទះបាន ដោយគ្រាន់តែបញ្ជាទិញថ្នាំប្រភេទ ម៉ូណាទ្រីស ឬប្រភេទថ្នាំដែលអាចប្រយុទ្ធប្រឆាំងនឹងរោគកូវីដ-១៩។
ចំណែកលោក រឺម រឿន ដែលជាអ្នកធ្លាប់ឆ្លងជំងឺកូវីដ-១៩ បានបង្ហាញពីក្ដីព្រួយបារម្ភ ក្រោយពីលោកព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩នេះ។ យុវជនរូបនេះលើកឡើងថា ទៅថ្ងៃអនាគត នៅពេលដែលសុខភាពចុះទ្រុឌទ្រោម វាអាចបង្កឱ្យមានជាបញ្ហាការរើឡើងវិញនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់ក្រពះដោយសារការលេបថ្នាំច្រើនពេក។
លោកថា៖ «និយាយឱ្យចំទៅ វាព្រួយបារម្ភដែរ ព្រោះអីកូវីដវាស៊ីសួត។ នៅពេលយើងឆ្លងទៅ ខ្លាចថ្ងៃមួយ ឥលូវវាអត់រើ ខ្លាចលោថ្ងៃក្រោយ សុខភាពទ្រុឌទ្រោម ខ្លាចវារើឡើងវិញ ហានិភ័យ! ហើយក្រពះទៀត ព្រោះអីយើងលេបថ្នាំ ធ្វើទុក្ខក្រពះ។ កាលខ្ញុំឆ្លង ត្រូវព្យាបាលនោះមួយខែ ហើយក្នុងមួយថ្ងៃត្រូវលេបថ្នាំ៣ដង ហើយមួយដងលេប៤គ្រាប់»។
ការលើកឡើងរបស់យុវជនខាងលើ បន្ទាប់ពីពួកគេបានឮពាក្យចចាមអារ៉ាមថា នៅពេលអនាគត ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកជំងឺនៅតែអាចប្រឈមទៅនឹងផលប៉ះពាល់ផ្សេងៗទៅលើសុខភាព ដែលនាំឱ្យលេចឡើងជាករណីការចុះខ្សោយប្រព័ន្ធភាពស៊ាំ នាំឱ្យខូចសួត ក្រពះ និងតម្រងនោម ជាដើម។
ទាក់ទងការលើកឡើងពីក្ដីព្រួយបារម្ភទាំងនេះ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលកម្ពុជា បានពន្យល់ថា ករណីក្រោយឆ្លងកូវីដ-១៩រួច អ្នកជំងឺអាចប្រឈមនឹងផលប៉ះពាល់មួយចំនួនដល់សួតនិងសរីរាង្គផ្សេង អាស្រ័យលើស្ថានភាពនៃអ្នកជំងឺ។ លោកថា ប្រសិនបើអ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងកម្រិតមួយប៉ះពាល់ដល់សួតខ្លាំង វាអាចប្រឈមនឹងផលរំខានផ្សេងៗទៅលើសរីរាង្គកាយរបស់ពួកគេ។
លោក ហុក គឹមចេង បានពន្យល់ថា៖ «ករណីនេះ ថាវាតាមកម្រិតធ្ងន់ធ្ងររបស់ជំងឺហ្នឹង ប្រសិនជាការប៉ះពាល់ទៅដល់សួត ទៅដល់សរីរាង្គផ្សេងៗច្រើន។ ធម្មតា វាមិនជាភ្លាម វាជាពីកូវីដហើយ ប៉ុន្តែគ្រាន់ថា វាបន្តពីផលរំខាន ផលប៉ះពាល់ខ្លះដល់សរីរាង្គអីផ្សេងៗ នេះគ្រាន់ចង់បញ្ជាក់អ៊ីចឹង។ ប៉ុន្តែវាមិនទាំងអស់នោះទេ ចង់និយាយថា វាតាមកម្រិតជំងឺកូវីដហ្នឹង ហើយពាក់ព័ន្ធនឹងជំងឺផ្សេងៗ ឧបមាថា វាប៉ះពាល់ដល់សួត ដកដង្ហើមមកឆួល នៅពេលវាជាទៅ ខ្ញុំចង់លើកឧទាហរណ៍ខ្លីៗប៉ុណ្ណឹង កុំឱ្យមានការយល់ច្រឡំ»។
អ្នកជំនាញដដែលបានពន្យល់បន្តទៀតថា៖ «បើយើងនិយាយទូទៅ វាខុសហើយ វាមានករណីឆ្លងហើយជាធម្មតា អត់មានកើតអី អត់មានអីប៉ះពាល់ដល់សុខភាពឬផលរំខានអីនោះទេ»។
បន្ថែមពីលើនេះទៅទៀត បើតាមលោក អ៊ូច វុទ្ធី ដែលជាប្រធានសមាគមគ្រូពេទ្យគុណធម៌ បានផ្ដល់ជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនថា ក្រោយពីព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកជំងឺមិនអាចកើតមានជំងឺអ្វីផ្សេងៗបន្តទៀតនោះទេ។ ពីព្រោះលោកយល់ថា ក្រោយជាពីកូវីដ-១៩ អ្នកជំងឺបានទទួលនូវអង់ទីករធម្មជាតិមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការកើតឡើងវិញនៃវីរុសកូវីដ-១៩។
លោកយល់ឃើញថា៖ «ជំងឺកូវីដ ក្រោយពីគាត់ជាហើយ វាអត់មានប៉ះពាល់ទៅក្រលៀន ទៅសួតអីទៀតទេ មានន័យថា គាត់ឈ្នះនូវជំងឺកូវីដហើយ គាត់ឈ្នះនូវហានិភ័យហើយ ហានិភ័យស្លាប់ដល់ជីវិតហើយ ពីព្រោះគាត់បានទទួលអង់ទីករធម្មជាតិ។ ហើយអ្នកដែលឈឺហើយ ដែលតា [Delta] ចូលមក ត្រូវបានគេយកទៅប្រមូលផ្ដុំធ្វើចត្តាឡីស័ក ក្រោយមើលទៅឃើញ Delta ក្រោយមកឃើញ Delta ទៀត គេមើលបីដង លើកទី១ ទី២ រហូតដល់ទី៣ ឃើញថា បានជា ទៅជា Negative វិញ។ មើលអង់ទីសែនឃើញ Negative មានន័យថា គាត់មានអង់ទីករកូវីដ អ៊ីចឹងបានន័យថាគាត់មានអង់ទីករ មិនមែនអង់ទីករឈឺទេ អង់ទីករដោយវីរុសវាសុំជ្រកកោនក្នុងខ្លួន។ នេះនិយាយដោយសាមញ្ញ អ៊ីចឹងបានន័យថា អ្នកក្រោយពីជាហើយ មានអង់ទីករធម្មជាតិ»។
គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក WHO មានករណីអ្នកជំងឺកូវីដ-១៩មួយចំនួនដែលបានជាសះស្បើយពីជំងឺនេះរួចហើយ តែនៅមានអាការដូចជា ឈឺដើមទ្រូង ស្ពឹកស្រពន់ ឡើងរោល ដង្ហើមខ្លីៗ ខួរក្បាលគិតអ្វីមិនចេញ ជាដើម ព្រមទាំងបញ្ហាផ្សេងៗទៀតដែលទាក់ទងទៅនឹងបេះដូង និងប្រព័ន្ធប្រសាទថែមទៀតផង។ រយៈពេលនៃអាការទាំងនេះ សម្រាប់អ្នកខ្លះ គឺត្រឹមប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកខ្លះទៀត គឺដល់រាប់ខែ ឬលើសពីមួយឆ្នាំ។
សូមជម្រាបជូនថា ជំងឺកូវីដ-១៩ បានកើតឡើងក្នុងប្រទេសកម្ពុជាចាប់តាំងពីមានជនជាតិចិនម្នាក់ឆ្លងជំងឺកូវីដ-១៩ដំបូង នៅទីក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈនេះ ជំងឺកូវីដ-១៩ បានបន្តរីករាលដាលកាន់តែខ្លាំងនៅកម្ពុជា ជាពិសេសវីរុសសបំប្លែងថ្មីប្រភេទ អូមីក្រុង ដែលបង្កឱ្យមានអ្នកឆ្លងកើនឡើងសរុបជាង១៣ម៉ឺននាក់ (១៣០,២៧៦នាក់់) និងករណីជាសះស្បើយមានចំនួន១២៣ ៧៧២នាក់ និងករណីស្លាប់មានចំនួន៣ ០៣២នាក់៕
អត្ថបទដោយ៖ សេក ប៊ុនឈូ សារព័ត៌មានវ័យក្មេង











