ក្រុមហ៊ុន Starlink របស់​លោក Elon Musk ជួយ​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ផ្កាយរណប​ដល់​អ៊ុយក្រែន

លោក Elon Musk ។ (Screenshot from Elon Musk Zone Channel)

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានប្រកាសឱ្យដឹងកាលពីថ្ងៃសៅរ៍កន្លងទៅ​ថា Starlink ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតផ្កាយរណបរបស់ខ្លួនកំពុងតែដំណើរការ​នៅក្នុងប្រទេសអ៊ុយក្រែនហើយ ខណៈ​ដែលប្រទេសនេះបច្ចុប្បន្នកំពុងទទួលរងនូវបញ្ហាដាច់ចរន្តអគ្គិសនីដោយសារតែការលុកលុយពីរុស្ស៊ី។

សារព័ត៌មាន CNN បានស្រង់សម្ដីស្ថាបនិកក្រុមហ៊ុនរូប​នេះ ដែលបានឱ្យដឹងនៅលើបណ្ដាញសង្គម​ធ្វីតទ័រ​ (Twitter) ថា៖ «សេវាកម្មរបស់ Starlink បច្ចុប្បន្នកំពុងតែដំណើរការនៅក្នុងប្រទេសអ៊ុយក្រែនហើយ»។

ការផ្ដល់សេវាអ៊ីនធឺណិតផ្កាយរណប​ដល់ប្រទេសមួយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើដោយ​ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Mykhailo Fedorov ទៅកាន់លោក Elon Musk ស្របពេល​ដែល​ប្រទេសខ្លួន​រង​ការ​វាយ​ប្រហារ​ដោយ​រុស្ស៊ី។ នេះបើយោងតាមការឆ្លើយឆ្លងសាររវាងអ្នកទាំង២លើបណ្ដាញសង្គម​​ធ្វីតទ័រ​ កាលពីថ្ងៃសៅរ៍។

សារដែលលោក Mykhailo Fedorov បានសរសេរទៅកាន់លោក Elon Musk តាមរយៈបណ្ដាញ​សង្គម​ បានលើក​ឡើងថា៖ «ខណៈពេលដែលអ្នក​ [លោក Elon Musk] ព្យាយាមគ្រប់គ្រងភពអង្គារ រុស្ស៊ីព្យាយាមកាន់​កាប់​អ៊ុយ​ក្រែន ហើយខណៈពេលដែលគ្រាប់រ៉ុក្កែតរបស់អ្នកបានចុះចតដោយជោគជ័យលើលំហនោះ រ៉ុក្កែតរបស់រុស្ស៊ីវាយប្រហារប្រជាជនស៊ីវិលអ៊ុយក្រែន។ យើងសូមធ្វើការស្នើសុំដល់រូបលោក​ផ្ដល់ឱ្យអ៊ុយក្រែននូវស្ថានីយអ៊ីនធឺណិតផ្កាយរណប Starlink ដើម្បីជួយដល់យើង»។

គួរបញ្ជាក់ថា ការឆ្លើយឆ្លងសារតាមរយៈបណ្ដាញសង្គម​​​នេះក៏ត្រូវបានធ្វើឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានបញ្ជាឱ្យកងកម្លាំងយោធាប្រទេសរបស់លោក ដែលរួមមានអាវុធនុយក្លេអ៊ែរ ស្ថិតក្នុងការ​ត្រៀមនិងប្រុងប្រយ័ត្នខ្ពស់​ ខណៈដែលកិច្ចពិភាក្សារវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ក៏នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ