ជនភៀសខ្លួន​ពី​អ៊ុយក្រែន​ប្រមាណ​៣៥ម៉ឺននាក់​បាន​ឆ្លង​ចូល​ទៅ​កាន់​ប្រទេសប៉ូឡូញ

ជនភៀសខ្លួនអ៊ុយក្រែននៅព្រំប្រទល់ Otaci រវាងអ៊ុយក្រែន និងម៉ុលដូវី (Moldova) ក្រោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។ (ធ្វីតទ័រ៖ Maia Sandu/ President of the Republic of Moldova)

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សប្រមាណ៣៥​ម៉ឺននាក់ភៀសខ្លួនចូលទៅក្នុងប្រទេសរបស់ខ្លួនពីអ៊ុយក្រែន គិតចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសមួយនេះក្នុងទ្រង់ទ្រាយធំ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីលោក Maciej Wasik ដែលបាន​ថ្លែងប្រាប់ទូរ​ទស្សន៍​ក្នុង​ស្រុក​មួយ​ថា៖ «ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានមនុស្សចំនួន១០​ម៉ឺន​នាក់បានឆ្លងកាត់​ព្រំដែន​ប៉ូឡូញ-អ៊ុយក្រែន ដែលចំនួនសរុបបាន​ឈានដល់ប្រមាណជា៣៥​ម៉ឺន​នាក់ហើយ ​គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក»។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​របស់​ខ្លួន​មកលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុន​ ពោលគឺបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានា​ធិប​តី​រុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដែលបានបង្កឱ្យមនុស្សរាប់ម៉ឺននាក់ ព្យាយាមភៀសខ្លួនចេញជាបន្តបន្ទាប់ ស្របពេលដែលមានការផ្ទុះ និងស្នូរកាំភ្លើងក្នុងទីក្រុងធំៗមួយចំនួន។

ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ក៏បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនដែល​ព្យាយាម​ចាកចេញពីប្រទេសអ៊ុយក្រែន ឱ្យពិចារណាធ្វើសកម្មភាពនេះតាមរយៈច្រកព្រំដែនផ្លូវគោករបស់ប្រទេសហុងគ្រី រូម៉ានី និងស្លូវ៉ាគី ខណៈដែលពួកគេអាចនឹងចំណាយពេលវេលារង់ចាំតិចជាងច្រកប្រទេសប៉ូឡូញ និងម៉ុលដូវ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ