សាលាក្ដី​ខ្មែរក្រហម​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​ចូល​ពិនិត្យ​មើល​ឯកសារ​និង​ទិន្នន័យ​តុលាការ

ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី១ ខែមីនានេះ បានដាក់ឱ្យដំណើរការសេវាកម្មចូលពិនិត្យមើលឯកសារ និងដំណើរការសាកល្បងការចូលពិនិត្យមើល​មូល​​​ដ្ឋានទិន្នន័យតុលាការ ដើម្បី​បង្កើន​ការចូល​មើលកំណត់ហេតុសំណុំរឿងរបស់សាធារណជន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានឱ្យដឹងថា តាមរយៈកម្មវិធីខាងលើនេះ សាធារណជនដែលចង់ស្វែងរកឯកសារជាក់លាក់ពាក់ព័ន្ធ​ដំណើរការតុលាការនៅចំពោះមុខ អ.វ.ត.ក នៅ​ពេល​នេះ អាច​ដាក់ពាក្យស្នើសុំពិនិត្យឯកសារបានដោយផ្ទាល់ពីគេហទំព័រ។

អ.វ.ត.ក នឹងជួយក្នុងការ​ស្វែង​រក​ព័ត៌មានដែលបានស្នើសុំ ហើយប្រសិនបើចាត់ប្រភេទជាឯកសារសាធារណៈ ឯកសារពាក់ព័ន្ធទាំងនេះ ​នឹង​​ត្រូវ​កំណត់អត្តសញ្ញាណ និងបង្ហោះទៅក្នុងគេហទំព័រ អ.វ.ត.ក ប្រសិនបើមិនទាន់មាន។

ប្រភពដដែលបន្តថា អ្នកសិក្សាស្រាវជ្រាវ និងអ្នកប្រកបវិជ្ជាជីវៈនានា ដែលត្រូវការចូលពិនិត្យមើលកំណត់ត្រាសំ​ណុំ​រឿង​សា​ធារ​ណៈនៅក្នុងបណ្ណសារឌីជីថលរបស់ អ.វ.ត.ក ក៏អាចដាក់ពាក្យស្នើសុំចូលពិនិត្យមើលមូល​​​ដ្ឋាន​​ទិន្នន័យនេះផងដែរ។

បន្ទាប់ពីដំណាក់កាលសាកល្បងដំបូង ការចូលពិនិត្យមើលមូលដ្ឋានទិន្នន័យបែបនេះនឹង​ដាក់​​បញ្ចូលជាបណ្ដើរៗ​ផងដែរនូវដៃគូពាក់ព័ន្ធផ្សេងទៀត ​ដោយមានការបង្កើត​គេហទំព័រថ្មី​មួយ​នៅ​ក្នុង​​ឆ្នាំ២០២៣ ហើយបុគ្គលគ្រប់រូបនឹងអាចចូលពិនិត្យមើលបាន។

ទិដ្ឋភាពទាំងពីរនេះត្រូវបានអនុវត្តដោយស្របទៅតាមកិច្ចព្រមព្រៀងបន្ថែមទៅនឹងកិច្ចព្រមព្រៀងរវាងអង្គ​​​ការ​​​សហ​ប្រជាជាតិ និងរដ្ឋា​ភិបាលកម្ពុជានេះ ដែលតម្រូវឱ្យ អ.វ.ត.ក រក្សានិងគ្រប់គ្រង​បណ្ណសារ​របស់​​ខ្លួន ឆ្លើយតបទៅនឹងសំណើសុំចូលពិនិត្យមើលឯកសារ និងផ្សព្វផ្សាយព័ត៌មានទៅដល់សាធារណជន ពាក់​ព័ន្ធ​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

កាលពីខែសីហា ឆ្នាំ២០២១ ភាគីរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែម ដើម្បីឈានទៅបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បន្ទាប់ពីបានដំណើរការអស់រយៈពេល១៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ