មន្ត្រី​ប្ដេជ្ញា​ថា​ចាប់​ពី​ឆ្នាំ២០២៤​ទៅ ពលរដ្ឋ​នៅ​រាជធានីភ្នំពេញ​នឹង​លែង​ខ្វះ​ទឹក​ប្រើ​ទៀត​ហើយ

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល)

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា នៅចុងឆ្នាំ២០២៣ ពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងមូលនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណៈចាប់ពីដើមឆ្នាំ២០២៤ទៅ រដ្ឋាករទឹកធានា​ថាទឹកនៅក្នុងរាជធានីភ្នំពេញនឹងលែងចោទជាបញ្ហាទៀតហើយ។

ការថ្លែងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ លើកឡើងថា បច្ចុប្បន្ន រាជធានីភ្នំពេញមានបញ្ហាខ្វះខាតលើការផ្គត់ផ្គង់ទឹកដែលបូមពីទន្លេមកផ្ទៃអាងស្តុក​​ប្រមាណ១ ០០០ ទៅ២ ០០០ម៉ែត្រគូប ក្នុងមួយម៉ោង ឬស្មើប្រមាណ២៤ ០០០ម៉ែត្រគូប ទៅ៤៨ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។

លោកថា បញ្ហាចោទនេះទាមទារឱ្យមានការបំពេញនូវសេចក្ដីត្រូវការ ខណៈពលរដ្ឋចូលមករស់នៅទីក្រុងកាន់តែច្រើន ហើយនីវ៉ូទឹកទន្លេមេគង្គទាបនៅរដូវប្រាំង។

លោកថា ក្នុងក្រុងមានសម្ពាធខ្ពស់ ដែលការប្រើប្រាស់ទឹកក៏អស់ច្រើនដែរ ស្របពេលនៅកម្ពុជា ពលរដ្ឋម្នាក់ប្រើទឹកក្នុងមួយថ្ងៃប្រមាណ២០០ទៅ២៨០លីត្រ ខណៈជាទូទៅពលរដ្ឋគួរតែប្រើអស់ប្រមាណ១៥០លីត្រក្នុងមួយថ្ងៃ។

លោក ឡុង ណារ៉ូ ថា៖ «តាមការគ្រោងទុករបស់យើង គឺចុងឆ្នាំ២០២៣ យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ដើមឆ្នាំ២៤ [២០២៤] គឺធានាថាទឹកនៅក្នុងរាជធានីភ្នំពេញ គឺលែងមានបញ្ហា គឺគ្រប់គ្រាន់ទាំងអស់»។

លោកថា សព្វថ្ងៃ រដ្ឋាករទឹកមានក្រុមការងារសាងសង់រោងចក្រផលិតទឹក ក្រុមសាងសង់ពង្រីកបំពង់មេនាំទឹកនៅបាតទន្លេសាបដែលមានមុខកាត់២ម៉ែត្រ ដែលនឹងសង់នៅខែឧសភានេះ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរូបនេះ ស្នើពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃក្នុងរដូវប្រាំងនេះ ដើម្បីជួយដល់តំបន់ជាយក្រុងឱ្យមានទឹកប្រើប្រាស់ក្នុងស្ថានភាព​ខ្វះខាតនេះ។

ពលរដ្ឋរស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កញ្ញា ជា បូរ៉ានី ប្រាប់ថា នៅទី​តាំង​ដែល​កញ្ញាស្នាក់នៅខ្វះទឹកស្អាតប្រើប្រាស់ បើទោះបីជាបានភ្ជាប់ប្រព័ន្ធទឹកស្អាត និងប្រើម៉ូទ័រ​ជំរុញទឹកក៏​ដោយ​។​

កញ្ញា ជា បូរ៉ានី ថា៖ «ជាពិសេសគឺនៅពេលថ្ងៃតែម្ដង អត់មានទេ ទាល់តែយប់ឡើង! ពាក់កណ្ដាលយប់ឯណោះ បានវាមានទឹកអីមកខ្លះ។ អ៊ីចឹងតម្រូវយើងឡើងបើកទឹកនៅពេលយប់ សម្រាប់ដាក់ធុងទុកប្រើប្រាស់នៅពេលថ្ងៃអីអ៊ីចឹងទៅ បើមិនអ៊ីចឹងទេ គឺអត់មានទឹកប្រើប្រាស់ទេ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា បញ្ហាខ្វះទឹកជាបញ្ហាប្រឈមខ្លាំងចំពោះពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខណៈពួកគាត់ជួបការលំបាកក្នុងតម្រូវការរស់នៅប្រចាំថ្ងៃ ដូចជាទឹកសម្រាប់ងូត ជាពិសេសគ្រួសារដែលមានសមាជិកច្រើន ដែល​ប៉ះពាល់ដល់​ពេលវេលាចេញប្រកបការងាររបស់ពួកគេ។

លោក គិមអេង ថា៖ «វាប៉ះពាល់ដែរដល់អាជីវកម្ម បើសិនគាត់ធ្វើអាជីវកម្មតូចតាចអី។ ជាពិសេសគឺប៉ះពាល់ដល់អ្នកដែលប្រកបមុខរបរតូចតាច បើសិនជាមានបញ្ហាខ្វះខាតទឹក ក៏ជាបញ្ហាប្រឈមមួយធំណាស់។ ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំថារដ្ឋគួរតែមានការគ្រប់គ្រងទឹក ហើយមានតំបន់ស្តុកទឹក […]»។

លោកថា រដ្ឋគួរតែស្ដារព្រែកនិងបឹងដែលមាននៅរាជធានីភ្នំពេញសម្រាប់ស្តុកទឹក ខណៈបឹងមួយចំនួនត្រូវបានគេបង្ហូរទឹកស្អុយចូល ដែលធ្វើឱ្យទឹកទាំងនោះមិនអាចប្រើប្រាស់បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ