សមត្ថកិច្ច​ស៊ើបអង្កេត​លើ​ប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា-ចិន​ម្នាក់​ទាក់ទង​ការ​ប្រតិដ្ឋ​រឿង​បង្ខាំង​មនុស្ស​ឱ្យ​លក់ឈាម

លោក Chen Baorong ជាប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន។ (ផ្ដល់ឱ្យ)

ជនជាតិ​ចិន​មួយរូបដែល​មានភារកិច្ចក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស ដែលត្រូវ​បានគេយកមក​ជួញ​ដូរ​និង​ធ្វើ​ជា​ទាសករ​នៅ​ខេត្ត​ព្រះសីហនុ និង​ទូទាំង​ប្រទេស ​កំពុងតែ​ស្ថិតនៅ​ក្រោម​ការ​ស៊ើបអង្កេតរបស់សមត្ថកិច្ច។ នេះបើតាមការឱ្យដឹងពីក្រុម​អ្នកស្ម័គ្រចិត្តកម្ពុជា-ចិន។

ក្រុម​អ្នកជួយសង្រ្គោះនេះទទួលបានការស្នើសុំឱ្យជួយជារៀងរាល់សប្ដាហ៍ពីជនជាតិចិនដែលលើកឡើងថា ពួកគេកំពុងត្រូវបានឃុំខ្លួននៅក្នុងទីតាំងការងារមួយចំនួនក្នុងប្រទេសកម្ពុជា និងត្រូវបានបង្ខំឱ្យធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត ដែលក្នុងនោះជនជាតិថៃ បង់ក្លាដែស តៃវ៉ាន់ និងជនបរទេសផ្សេងទៀត ក៏ធ្លាប់ត្រូវបានជួយសង្គ្រោះពីប្រតិបត្តិការឆបោកស្រដៀងគ្នានេះផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍ខ្លីមួយដោយក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន ដែលស្ថិតនៅក្រោមសមាគមពាណិជ្ជកម្មចិននៅកម្ពុជា បានឱ្យដឹងថា លោក Chen Baorong ដែលជាប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន ​កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយនគរបាលកម្ពុជា គិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។

ទាក់ទិននឹងករណីនេះ ក្រុមការងារនៃក្រុម​ស្ម័គ្រចិត្តដដែលបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា​ ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន គាំទ្រដល់សមត្ថកិច្ចក្នុងការស្វែងរកការពិត ផ្ដន្ទាទោសឧក្រិដ្ឋជនឱ្យបានធ្ងន់ធ្ងរ និងផ្ដល់ការពន្យល់ឱ្យបានច្បាស់លាស់ដល់គ្រប់ភាគីទាំងអស់។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ​កាលពី​ថ្ងៃ​សុក្រ ក៏បានថ្លែងឱ្យដឹងយ៉ាងខ្លីថា ជនជាតិ​ចិន​រូបនេះ​ស្ថិតនៅ​ក្រោម​ការ​ស៊ើបអង្កេត​របស់អគ្គស្នងការ​នគរបាល​ជាតិ ខណៈដែលអគ្គស្នងការ​រង​នគរបាល​ជាតិ លោក អ៊ី សុខ​ឃី បាន​ប្រាប់ឱ្យអ្នកសារព័ត៌មានរង់ចាំមើលពីចំណាត់ការរបស់សមត្ថកិច្ចបន្តទៀត។

យោងតាមសន្តិសុខ និងបុគ្គលិកផ្នែកទទួលភ្ញៀវនៅការិយាល័យសមាគមពាណិជ្ជកម្មចិននៅកម្ពុជា ក្នុងទីក្រុងភ្នំពេញ បានឱ្យដឹងថា បុរសប្រមាណ៥នាក់ស្ថិតនៅក្នុងឈុតឯកសណ្ឋានពណ៌ខ្មៅ បានមកកាន់ការិយាល័យរបស់ពួកគេកាលពីព្រឹកថ្ងៃសុក្រ និងបន្ទាប់មកបានចាកចេញទៅជាមួយលោក Chen Baorong បន្ទាប់ពីជជែកគ្នាអស់រយៈពេលខ្លី។

សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក៏បានថ្កោលទោសចំពោះករណីបាញ់ប្រហារ ចាប់ជំរិត និងជំរិតទារប្រាក់លើជនជាតិចិននៅកម្ពុជា ពាក់ព័ន្ធនឹងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងសកម្មភាពបោកប្រាស់នានាផងដែរ។

លិខិត​មួយរបស់សភា​ពាណិជ្ជកម្ម​បានឱ្យដឹងថា៖ «​វិធីសាស្ត្រ​នៃ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ គឺហាក់មានសកម្មភាព​សាហាវឃោរឃៅ​។ សកម្មភាពទាំងនោះបានបង្កឱ្យមានជាការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ជនរួមជាតិចិននៅកម្ពុជា និងនៅក្នុងប្រទេសចិនផងដែរ»។

ទាក់ទិន​ករណីនេះ សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជាបាន​ជំរុញ​ដល់​មន្ត្រី​ជំនាញពាក់ព័ន្ធទាំងឡាយឱ្យ​បង្រ្កាប​ក្រុម​ដែល​ប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ។

ការបើកការស៊ើបអង្កេតរបស់សមត្ថកិច្ចលើលោក Chen Baorong នេះ ត្រូវបានធ្វើឡើងស្របពេលដែលមានការកើនឡើងនៃការចាប់អារម្មណ៍យ៉ាងខ្លាំង និងភាពចម្រូងចម្រាសទាក់ទងនឹងករណីមួយដែលលើកឡើងអំពី​ការ​បង្ខាំង​មនុស្សដើម្បី​ធ្វើជា​ទាសករ​លក់​ឈាម​នៅ​ក្នុងខេត្ត​ព្រះសីហនុ

កាល​ពី​ដើម​ខែ​កុម្ភៈ ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​បាន​រាយការណ៍ពីករណីបុរស​ម្នាក់ដែលត្រូវ​បានចាញ់បោក​តាមរយៈ​ការ​ផ្សព្វផ្សាយ​ការងារមួយ និងត្រូវបានបង្ខំ​​ឱ្យ​ចូលមកកាន់​កម្ពុជាដោយខុសច្បាប់។

ស្ថានទូតបន្តថា៖ «ក្រោយមក បុរសខាងលើនេះត្រូវបានឃុំខ្លួនដោយខុសច្បាប់ពីសំណាក់ក្រុមអ្នកលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត និងឆបោកនៅ​តំបន់​ឆាយណា​ថោ​ន ខេត្ត​ព្រះសីហនុ ដោយធ្វើជា​ទាសករដើម្បី​បូមឈាម​លក់រហូតដល់ធ្លាក់ខ្លួនក្នុងស្ថានភាពសុខភាពធ្ងន់ធ្ងរ»។

ទោះជាយ៉ាងណា អ​គ្គ​​ស្នង​​ការ​ដ្ឋាន​​ន​​គរបា​ល​ជាតិ​​​ នៅថ្ងៃចន្ទម្សិលមិញនេះ បានចេញសេច​​​ក្ដីប្រ​​កាសព័ត៌មានមួយដោយបានលើកឡើងថា ករណី​នេះគឺជាការប្រតិដ្ឋព័​ត៌​មាន​​​ដោយជនរងគ្រោះ ​ខណៈដែលរូបគេ រួមទាំងអ្ន​កពា​ក់ព័ន្ធចំ​នួន៣នាក់ទៀត នឹងត្រូវបញ្ជូនទៅតុលា​ការ​ ដើ​ម្បីចា​ត់កា​រ​តាមផ្លូ​វច្បាប់។​

សេច​​​ក្ដីប្រ​​កាសព័ត៌មានបានបន្តថា៖ «បុរស​ទាំងនេះ​បា​នលួចឆ្ល​ងដែនចូ​លប្រទេស​កម្ពុជាដោ​យខុសច្បា​ប់ ប៉ុន្តែដោយ​មានជំងឺ​ប្រចាំកាយ ​ក៏បា​នទា​ក់ទង​មនុ​ស្សមួយ​ក្រុម​ ដើម្បី​ជួយ​រក​វិ​​ធី​​ដោះស្រា​​យ​​បញ្ហា​របស់​ខ្លួន […] ក្នុងការរៀងចំគម្រោងប្រតិដ្ឋព័ត៌មានក្លែ​ងក្លា​យ​ ដើ​ម្បីគេ​ចផុ​តពី​ការទ​ទួលខុ​សត្រូ​វចំពោះមុខច្បាប់នៅកម្ពុ​ជា»។

ករណី​រកឃើញនេះ ​អគ្គស្ន​ង​កា​រ​ដ្ឋាន​នគ​របា​លជាតិក៏បាន​អំពាវនា​វឱ្យ​សារព័ត៌​មាននិ​ង​អ្នកប្រើប្រាស់​ប​ណ្ដាញ​សង្គ​មធ្វើកា​រ​កែ​សម្រួ​លឡើ​ងវិញនូវការផ្សព្វផ្សាយព័ត៌មាននេះ​ ដើម្បី​ចៀស​វាង​ការភ័ន្តច្រ​ឡំ និង​​ប៉ះពាល់​បរិ​យាកា​សស​ង្គម​ ​ព្រមទាំងប​ង្កឱ្យ​មានភា​ពភ័យខ្លាច​​ដល់ទេស​ចរណ៍ជា​តិនិង​អ​ន្តរជា​តិ ​រួមទាំង​​អ្នក​វិ​និយោគ​​នៅក​ម្ពុ​ជាផងដែរ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា ​កាលពី​ថ្ងៃ​ចន្ទ ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយទាក់ទងនឹងករណីនេះផងដែរ ដោយបានលើកឡើង​ថាបុរស​រូបនេះ​មាន​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​បាន​មក​ដល់​ប្រទេស​កម្ពុជា។

នៅឯមន្ទីរពេទ្យ Bethune Cambodia China First ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទម្សិលមិញ បុគ្គលិកម្នាក់បានឱ្យដឹងថា បុរសរូបនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយត្រូវការឈាមជាច្រើនបន្ថែមទៀត ហើយបច្ចុប្បន្ននេះ ស្ថិតនៅក្រោមការយាមកាមពីសំណាក់សមត្ថកិច្ច។

នៅរសៀលថ្ងៃដដែល អគ្គស្នងការ​រង​នគរបាល​ជាតិ លោក អ៊ី សុខ​ឃី ក៏បានមានប្រសាសន៍ឱ្យដឹង​ថា លោក Chen Baorong គឺស្ថិតនៅក្នុងចំណោមមនុស្ស ៤នាក់ ដែលត្រូវជាប់ពាក់ព័ន្ធជាមួយនឹងចំណាត់ការរបស់តុលាការ ដោយលោក​ថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ៕

បកប្រែនិងសម្រួលពីអត្ថបទដើមភាសាអង់គ្លេស៖ Rescue Team Leader Under Police Investigation
ដោយលោក ភុន ច័ន្ទឧសភា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ