លោក សុន ឆ័យ សម្រេច​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្សភ្លើងទៀន

លោក សុន ឆ័យ កាលពីពេលកន្លងទៅ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក សុន ឆ័យ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ​គណបក្សភ្លើងទៀន បន្ទាប់ពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ​កាលពីពេលកន្លងមក។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ លោក សុន ឆ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមនិងគាំទ្រ «គណបក្សភ្លើងទៀន» ឱ្យបានគ្រប់ៗគ្នា។ លោកបន្តថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តទៅ រូបលោកបានសម្រេចចូលជាសមាជិកនៃគណបក្សភ្លើងទៀន។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក សុន ឆ័យ បានទេ នៅថ្ងៃអង្គារនេះ។

​អ្នក​នាំពាក្យគណប​ក្សភ្លើ​ងទៀន​ លោក​ ថាច់ សេដ្ឋា ប្រាប់វីអូឌីថា លិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀនរបស់លោក សុន ឆ័យ រូបលោកបានទទួលហើយ ប៉ុន្តែចំពោះការផ្ដល់តួនាទីវិញ លោកថានៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។

លោកបង្ហាញជំហរថា គណបក្សនេះគឺជាក្ដីសង្ឃឹមថ្មីមួយក្នុងការជួយស្ដារលទ្ធិប្រជាធិបតេយ្យប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន លោកថា គណបក្សភ្លើងទៀនក៏មានប្រជាពលរដ្ឋគាំទ្រច្រើនផងដែរ។

លោកថា៖ «មិនត្រឹមតែអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទេ សូម្បីតែប្រជាពលរដ្ឋក៏ចូលរួមសកម្មដែរជាមួយគណបក្សភ្លើងទៀន។ ​ដូច្នេះ យើងមានក្ដីសង្ឃឹម ការតស៊ូរបស់យើងអាចនឹង​ជួយស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញបាន ​ហើយក៏ជាគណបក្សមួយមានឥទ្ធិពល​ប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន»។

​នាយ​កប្រ​តិ​បត្តិ​អង្គ​កា​រអភិវ​ឌ្ឍន៍​ផ្នត់​គំនិ​ត លោកបណ្ឌិ​ត ​សេក សុជា​តិ ចាត់ទុកការបង្ហាញក្ដីរំពឹងរបស់គណបក្សនយោបាយជារឿងធម្មតា ប៉ុន្តែលទ្ធផលយ៉ាងណានោះ អាស្រ័យលើការសម្រេចរបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់គណបក្សទាំងនោះ។

លោកថា៖ «យើងមិនអាចព្យាករទុកបានទេ ប៉ុន្តែអ្វីដែលយើងអាចនិយាយបាន ​គឺគ្រាន់តែថាតើប្រជាពលរដ្ឋគាត់មានទំនុកចិត្តលើគណបក្សភ្លើងទៀនកម្រិតណា។ ហើយយើងក៏រង់ចាំមើលសកម្មភាពរបស់គាត់ រួមទាំងគោលនយោបាយដែលគាត់ដាក់ចេញដើម្បីប្រកួតប្រជែងជាមួយគណបក្សនយោបាយដទៃហ្នឹង តើមានឥទ្ធិពលនិងចំណុចពិសេសអ្វីខ្លះធ្វើឱ្យប្រជាពលរដ្ឋទុកចិត្តងាយទៅគាំទ្រអ៊ីចឹង»។

លោក សុន ឆ័យ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌលរាជធានី​ភ្នំពេញ និង​ជា​​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍គណបក្ស​សង្គ្រោះ​ជាតិ​​។ លោក សុន ឆ័យ ជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប​ក្នុង​ចំណោម១១៨រូបផ្សេងទៀតដែលត្រូវ​បាន​តុលាការដក​ហូតសិទ្ធិ​មិនឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​ប្រឆាំងមួយនេះកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ។

នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះ​មហាក្សត្រ នរោត្ដម ​សីហមុនី បាន​ត្រាស់​បង្គាប់​ផ្ដល់​នីតិ​សម្បទា​ ឬផ្ដល់សិទ្ធិធ្វើ​នយោបាយ​ដល់លោក សុន ឆ័យ ឡើងវិញ តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពី​មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបាន​ដាក់​លិខិតស្នើ​សុំទៅ​ក្រសួងមហាផ្ទៃក្នុងឆ្នាំដដែលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ