កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នឹង​ធ្វើឡើង​ចុង​ខែមីនា​នេះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន

សេតវិមានប្រធានាធិបតីអាមេរិក។ (ហ្វេសប៊ុក៖ The White House)

សហរដ្ឋអាមេរិកបានប្រកាសថា នឹងរៀបចំកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២នេះ នៅវិមានប្រធានាធិបតីអាមេរិក (White House) នៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មានប្រចាំវិមានប្រធានាធិបតីអាមេរិក អ្នកស្រី Jen Psaki បានប្រកាសកាលពីថ្ងៃម្សិលមិញថា ប្រធានាធិបតីអាមេរិកនឹងស្វាគមន៍មេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ និង២៩ ខែមីនាខាងមុខនេះ។ ប៉ុន្តែលិខិតនេះបញ្ជាក់ថា អាមេរិកនឹងគោរពតាមការសម្រេចរបស់អាស៊ានដែលថា កិច្ចប្រជុំនេះនឹងមិនអញ្ជើញមេដឹកនាំរបបយោធាភូមា លោក មីន អ៊ុងឡាំង ចូលរួមប្រជុំកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នេះឡើយ។

អ្នកស្រី Jen Psaki បានសរសេរថា៖ «វាគឺជាអាទិភាពកំពូលមួយសម្រាប់រដ្ឋបាល Biden-Harris ដើម្បីបម្រើជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្ត និងពង្រឹងអាស៊ានដែលមានអំណាច និងឯកភាពក្នុងការដោះស្រាយបញ្ហាប្រឈមនៃពេលវេលារបស់យើង»។

សេចក្ដីប្រកាសដដែលបន្តថា កិច្ចប្រជុំកំពូលនេះ គឺជាការចូលរួមចំណែករបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែលបានចូលរួមម្ដងកាលពីខែតុលា ឆ្នាំមុន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយ១០២លានដុល្លារអាមេរិកដល់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដើម្បីស្ដារសេដ្ឋកិច្ចនិងសុខុមាលភាពប្រជាជនឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ការប្រយុទ្ធប្រឆាំងនឹងវិបត្តិ​ប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអំណាចនៃស្ត្រី ជាដើម។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានប្រាប់ វីអូឌី តាមសារអេឡិចត្រូនិចតេឡេក្រាមនៅថ្ងៃនេះថា លោកមិនមានយោបល់លើការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះទេ។ លោកថា ឥណ្ឌូនេស៊ី គឺជាប្រទេសសម្របសម្រួលលើទំនាក់ទំនងរវាងអាស៊ាននិងអាមេរិកនេះ។

កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅមិនទាន់មានការបញ្ជាក់យ៉ាងណានៅឡើយទេ ជុំវិញការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅចុងខែមីនានេះ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងពីការទទួលសារអញ្ជើញពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់បានលើកឡើងថា លោក ហ៊ុន សែន នឹងក្លាយជាមេដឹកនាំកម្ពុជាទីមួយដែលត្រូវបានទទួលស្វាគមន៍ដោយកម្រាលព្រំពណ៌ក្រហមនៅវិមានប្រធានាធិបតីអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ