តុលាការ​បន្ត​ស្ដាប់​ការពារ​លើ​ភស្តុតាង​ដោះបន្ទុក​របស់​មេធាវី​ការពារក្ដី​ឱ្យ​លោក កឹម សុខា

សហមេធាវីការពារក្ដីលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

តុលាការបន្តស្ដាប់ការលើកឡើង​ពីភស្តុតាងដោះបន្ទុកជាថ្មីទៀតរបស់សហមេធាវីការ​​ពារសិទ្ធិ​ឱ្យ​​ជន​​​ត្រូវ​ចោទ ​លោក កឹម សុខា នៅព្រឹកថ្ងៃពុធនេះ ខណៈប្រធានគណបក្សសង្រ្គោះជាតិដែល​ត្រូវ​បាន​​​តុលា​​ការ​​កំ​​ពូ​​ល​​​​រំលាយ ថ្លែងសារនយោបាយជាលើកដំបូងរបស់លោក ចាប់ពីតាំងជាប់​​បម្រាម​​របស់​​តុលា​​ការ។

នៅក្នុងអង្គជំនុំជម្រះ អ្នកស្រី ម៉េង សុភារី និងលោក ផែង ហេង ដែលជាសហមេធាវីការពារ​​ក្ដី​​របស់លោក កឹម សុខា បានបន្តលើក​​យក​​ភស្តុតាង​​​ជា​​ឯកសារដោះបន្ទុក​មួយ​ចំនួន​ទៀត ប្រ​​ឆាំង​​បទ​​​ចោទ «សន្និដ្ឋិភាពជាមួយរដ្ឋបរទេស ឬចង់ផ្ដួលរំលំរដ្ឋាភិបាល» ។ ឯកសារដោះបន្ទុកដែល​​ស​​ហ​​មេធាវីលើក​យក​មក​បង្ហាញក្នុង​អង្គសវនាការ នៅ​ព្រឹកថ្ងៃទី២ ខែមីនា​នេះ គឺឯកសារ​ចាប់​ពី​លេខ​រៀង​ទី​២១ ដល់ទី​២៨។

ឯកសារ​ទាំងនេះត្រូវបានសហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ យក​ចេញពីរបាយការណ៍​​សិក្សា​​មួយ​​ចំនួនរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល រួមមាន អង្គការតម្លាភាពកម្ពុជា អង្គការខុមហ្រ្វែល និង​​របាយការណ៍របស់អង្គការលីកាដូ។ របាយការណ៍ទាំងនោះផ្ដោតសំខាន់លើ​ដំណើរការបោះឆ្នោត ធ្វើបច្ចុប្បន្នភាព និង​​នីតិវិធីនៃការធ្វើលទ្ធកម្មទៅលើបញ្ជីឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១២ ការ​ធ្វើ​​បាតុ​​កម្ម​ឆ្នាំ២០១៣ ព្រមទាំងដំណើរ​​ការ​នៃការចរចា​នយោ​បាយតាមរយៈវប្បធម៌សន្ទនា និងភាព​​មិន​ប្រ​​ក្រតី​នៃការបោះឆ្នោតឆ្នាំ២០១៣ ជាដើម។

អ្នកស្រី ម៉េង សុភារី សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅខាង​​មុខ​​​​សាលាដំបូងរាជធានីភ្នំពេញ​ថា ប្រសិនបើតុលាការមិនមានអ្វីថ្មីទេ សវនាការ​នេះ​អាច​នឹង​ឈាន​ទៅ​បញ្ចប់​​​ក្នុងពេល​​ឆាប់​​ៗនេះ។ អ្នកស្រីបន្តថា សម្រាប់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ មក​ដល់​ពេល​នេះ ​​​បាន​​​ដាក់​​​​ភស្តុតាងអស់ហើយ ប្រឆាំងបទចោទលើលោក កឹម សុខា។

អ្នកស្រីបន្តថា៖ «ការពន្យល់ភស្តុតាងថ្ងៃនេះ គឺភស្តុតាងដែលបានដាក់ហ្នឹង គឺបានពន្យល់​អស់​ហើយ។ ហើយតាមរយៈការពន្យល់នេះ យើងឃើញថា បានបង្ហាញអស់តែម្ដង ហើយក៏ជាការ​​បង្ហាញ​ការ​​​ដោះ​​​បន្ទុកពាក់ព័ន្ធនឹងការចោទប្រកាន់នេះ»។

នៅក្នុងអង្គសវនាការ ទាំងសហមេធាវីការពារក្ដីឱ្យដើមបណ្ដឹងរដ្ឋវប្បវេណី​ លោក លី ច័ន្ទតុលា និង​​តំ​ណាងអយ្យការ លោក ប្លង់ សុផល បានព្យាយាមជំទាស់ម្ដងជាពីរដង ប្រឆាំង​​នឹងការពន្យល់ពី​​ឯក​​សា​​រដោះបន្ទុករបស់​សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា។

លោក លី ច័ន្ទតុលា កត់សម្គាល់នៅក្នុងអង្គជំនុំជម្រះថា របាយការណ៍ស្ដីពីការធ្វើលទ្ធកម្ម អំពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែលរកឃើញដោយអង្គការ​ខុម​​ហ្វ្រែ​​ល ហាក់មិនសមហេតុផលដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន។ លោកថា អ្នកមាន​ឈ្មោះ​​​​ក្នុងបញ្ជីបោះឆ្នោតមានរហូតដល់ប្រមាណ៩ម៉ឺននាក់ ហើយ​បើធៀបនឹងការធ្វើ​​​សំណាក​​​ដែល​រកឃើញដោយអង្គការ​ខុមហ្វ្រែល មាន​​តែជាង៨ពាន់នាក់ ដែល​ហេតុ​ផលនេះ ដូចជា​​មិន​​​សម​​រម្យ​​​​។

យ៉ាងនេះក្ដី លោក កន សាវង្ស អ្នកសម្របសម្រួលផ្នែក​អង្កេត និងតស៊ូមតិ​នៃអង្គការខុមហ្វ្រែល ថ្លែង​ថា នេះជានីតិវិធី​នៃការធ្វើសំណាក​​តាម​​បែប​​វិទ្យា​សាស្រ្ត។

លោកបន្តថា៖ «នៅក្នុងនីតិវិធីនៃការសិក្សា យើងមានគេហៅថា ​ការសិក្សា​បែប​លក្ខណៈ​វិទ្យា​សាស្រ្ត ដូច្នេះអ្វីដែលយើងសិក្សានៅពេលនោះ គឺជាការ​សិក្សា​លក្ខណៈ​វិទ្យាសាស្រ្ត ស្ថិតិដែល​វា​មាន​​សំណាក​នៅក្នុងការសិក្សា ហើយអ្វីដែលយើងរកឃើញ យើងបានបង្ហាញ​តាម​លក្ខណៈ​បច្ចេក​ទេស ដែល​យើង​អាច​នឹង​រកឃើញហ្នឹង»។

សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ អះអាងថា ការលើកភស្តុតាងនេះមកបង្ហាញ ចង់​​ឆ្លុះ​​បញ្ចាំ​​ង​ឱ្យឃើញថា គណបក្សសង្រ្គោះជាតិ ត្រូវការការ​ផ្លាស់ប្ដូរមួយ តាមរយៈ​ការបោះ​ឆ្នោត​ដោយ​​​សេរី ត្រឹមត្រូវ និងយុត្តិធម៌។ សហមេធាវីបន្តថា គណបក្សប្រឆាំង មិនមានចេតនា​ផ្ដួលរំលំរដ្ឋាភិបាល ដោយ​ការ​​ប្រើ​​កម្លាំង​​​បាយ ឬក្នុងទម្រង់ហិង្សានោះទេ។

នៅក្នុងរបាយការណ៍ដែលជាឯកសារដោះបន្ទុក ដែលសហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទលើ​ក​​​​​យក​​​មកបង្ហាញ​អង្គសវនាការចុងក្រោយ គឺឯកសារលេខរៀងទី២៨ ដែល​​មានកម្រាស់​​១៩​​ទំព័រ​​។​​

ឯកសារដោះបន្ទុកនេះ គឺមេធាវីការពារក្ដីរបស់​លោក កឹម សុខា យកចេញពីរបាយការណ៍​សិក្សា​ស្រាវ​​​ជ្រាវ​របស់អង្គការលីកាដូ ស្ដីពីដំណើរការបោះឆ្នោត កាលពីឆ្នាំ២០១៣។ ​​តាមរយៈបទបង្ហាញ​​នេះ រកឃើញថា មានភាពមិនប្រក្រតីជាច្រើននៅក្នុងដំណើរការបោះឆ្នោតជាតិ​នៅពេលនោះ។​​ បញ្ហា​​​​ដែលបានរកឃើញ ដូចជា ការលួចបន្លំលទ្ធផលឆ្នោត តម្រូវឱ្យអ្នកបោះឆ្នោតត្រូវបង្ហាញ​​បណ្ណ​​ព័ត៌​​មានស្ដីពីការបោះឆ្នោតអំឡុងពេលបោះឆ្នោត ឈ្មោះស្ទួន មាន​​ការបែងចែក​​ការិយា​​ល័យ​​បោះឆ្នោតរវាងស៊ីវិលនិងយោធា ដែលនាំឱ្យប៉ះពាល់ដល់លទ្ធផលឆ្នោត ជាដើម។

នាយករងអង្គការ​ការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អ្វីដែលលីកាដូរកឃើញទាំង​នោះសុទ្ធតែបានឆ្លុះបញ្ចាំងពីការពិតដែលបានកើតឡើង​នៅអំឡុងពេលបោះ​​ឆ្នោត កាល​​​ពីឆ្នាំ២០១៣។

លោកបន្តថា៖ «គឺអង្គការលីកាដូ​យើងស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត​ត្រឹមត្រូវ ដែលយើង​​មាន​​ទឡ្ហីករ​ណ៍​​​​ត្រឹមត្រូវ ដែលយើងមានអំណះអំណាង និងភស្តុតាងត្រឹមត្រូវ​ ដែលយើងចេញរបាយ​ការណ៍​​​នៅឆ្នាំ២០១៣ហ្នឹង គឺបង្ហាញទៅគ្រប់គណបក្សនយោបាយ ក៏ដូចជាគណៈកម្មាធិការ​​ជាតិ​រៀប​ចំ​​​ការបោះ​​​ឆ្នោត និងសាធារណជនថា បញ្ហាដែលកើតឡើងហ្នឹងគឺវាអ៊ីចឹង»។

បើទោះជាបែបណា នៅក្នុងអង្គការសវនាការកាលពីព្រឹកថ្ងៃពុធនេះ ព្រះរាជអាជ្ញារង​ លោក ប្លង់ សុផល បានជំទាស់ទៅនឹងការពន្យល់​​របស់​​ស​​ហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ។

លោក ប្លង់ សុផល ដែលកាន់សំណុំរឿងនេះបាន​​​ស្នើ​ឱ្យមេធាវីការពារក្ដីរបស់លោក កឹម​ សុខា បង្ហាញ​​ឯកសារឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងកុំ​​ឱ្យ​​មាន​​​​​​ឯក​​សារពីរផ្សេងគ្នារវាងឯកសារដែល​មាន​​​​​​នៅ​តុលាការនិងមេធាវីខ្លួនឯង។ មិនតែប៉ុណ្ណោះ តំណាងអយ្យការរូបនេះ ថែម​ទាំង​​ស្នើ​​ឱ្យ​​សហ​មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ត្រូវបង្ហាញពីលិ​​ខិត​អនុញ្ញាត​​របស់រដ្ឋបាលរាជធានីភ្នំពេញ និង​​​តម្រា​យ​​​​ផ្លូវ​នៃការធ្វើបាតុកម្ម​កាលពីឆ្នាំ២០១៣ ប៉ុន្តែ​ត្រូវ​បាន​​​អ្នក​ស្រី ម៉េង សុភារី ច្រានចោល។

នៅថ្ងៃនេះដែរ មុនពេល​ទៅ​ដល់សាលាដំបូងរាជធានីភ្នំពេញ​ លោក កឹម សុខា បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា អស់​រយៈ​ពេល​៤ឆ្នាំ​ហើយដែល​​តុលាការរក​​​មិន​ឃើញ​​ពី​​ប​ទចោទ «សន្និដ្ឋិភាព​ជាមួយ​រដ្ឋបរទេស» ទៅលើរូបលោក។ លោកស្នើសុំឱ្យ​តុលាការ​ទម្លាក់​បទចោទនេះ ដើម្បី​​បើក​​​ផ្លូវ​ឱ្យ​លោក​អាចបន្តជីវិតនយោបាយតទៅទៀត។

លោក ស៊ឹង សែនករុណា មន្រ្តីស៊ើប​​អង្កេត​ជាន់ខ្ពស់​នៃសមាគមការពារសិទ្ធិមនុស្សអាដ​​ហុក ដែល​ឃ្លាំមើលដំណើរ​សវនាការនេះ​ដោយផ្ទាល់ យល់ឃើញថា បើផ្អែកលើភស្តុតាងដោះ​​បន្ទុក​​នេះ ដូច​មិន​មាន​ហេតុ​ផល​ណាមួ​យដែល​ចូលទៅនឹងបទចោទទេ។ លោកបន្តថា ការធ្វើ​​បាតុ​​កម្ម​នេះ​ទៀត​សោត ដោយសារ​លទ្ធផលឆ្នោត​កាលពីឆ្នាំ២០១៣ មានភាពមិនត្រឹមត្រូវ និងពុំ​​អាច​​​ជឿ​​ទុក​ចិត្ត​បាន ទើប​ជំរុញឱ្យមានការតវ៉ាឡើង។

ទាក់ទិនបទចោទ «សន្និដ្ឋិភាពជាមួយរដ្ឋបរទេស ឬចង់ផ្ដួលរំលំរដ្ឋាភិបាល» ប្រ​​ធា​​ន​​​​ក្រុម​​ប្រឹក្សា​​ជំ​​នុំ​​ជម្រះបានប្រកាសបន្តសវនាការជាថ្មីទៀត នៅថ្ងៃទី៩ ខែមី​នា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ