ឯកអគ្គរដ្ឋទូតបារាំង និងអាល្លឺម៉ង់ ស្នើដល់កម្ពុជាចូលរួមក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រអ៊ុយក្រែន និងថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងតំណាងទូតទាំងពីរជាមួយរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកស្រី សឿង រ័ត្នចាវី កាលពីថ្ងៃទី១ ខែមីនា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃនេះ។
ស្ថានទូតបារាំងបានឱ្យដឹងថា តំណាងទូតបារាំង និងអាល្លឺម៉ង់ បានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសអ៊ុយក្រែន ហើយឱ្យមានការដកទ័ពពីសំណាក់រុស្ស៊ីភ្លាមៗនិងគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន។
ស្ថានទូតបារាំងបន្តថា ទូតបារាំង លោក Jacques Pellet និងទូតអាល្លឺម៉ង់ លោក Christian Berger បានរំឭកពីការអំពាវនាវរបស់បារាំង និងអាល្លឺម៉ង់ ឱ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការចាប់ផ្ដើមការចរចាឡើងវិញ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ស្ថានទូតបញ្ជាក់ថា៖ «ឯកអគ្គរដ្ឋទូតទាំងពីរបានស្នើឱ្យប្រទេសកម្ពុជា មិនត្រឹមតែបោះឆ្នោតគាំទ្រដំណោះស្រាយមួយដែលកំពុងដាក់ជូនអង្គប្រជុំវិសាមញ្ញបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែធ្វើជាប្រទេសផ្ចុងផ្ដើមដំណោះស្រាយនេះជាមួយប្រទេសផ្សេងៗទៀតផងដែរ។ ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលជាការរំលោភលើគោលការណ៍គ្រឹះសំខាន់បំផុតនៃសណ្ដាប់ធ្នាប់អន្តរជាតិ ការបោះឆ្នោតអនុប្បវាទមិនមែនជាជម្រើសនោះទេ»។
យ៉ាងណា ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ជំហររបស់កម្ពុជា គឺកម្ពុជាជំទាស់ជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងនិងការគំរាមប្រើប្រាស់កម្លាំង ដើម្បីប្រឆាំងនឹងប្រទេសណាមួយ។
បន្ថែមលើនេះ លោក ហ៊ុន សែន ក៏មិនគាំទ្រឬលើកទឹកចិត្តឱ្យប្រទេសនានាផ្ដល់អាវុធទៅឱ្យប្រទេសអ៊ុយក្រែន ឬទៅឱ្យប្រទេសរុស្ស៊ីនោះដែរ៕