លោក ហ៊ុន សែន មិនគាំទ្រ​ឱ្យ​ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ផ្ដាច់ខ្លួន​ចេញ​ពី​ចិន​ឡើយ

ថ្ងៃទី០៥​ កុម្ភៈ​ ឆ្នាំ២០២០ លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ចាប់ដៃលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ក្នុងជំនួបសំណេះសំណាលមួយនៅទីក្រុងប៉េកាំង​ ប្រទេសចិន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​មិនលើកទឹកចិត្តឱ្យមាន​ការផ្ដាច់ខ្លួនខេត្តមួយចំនួនរបស់ចិន ដូចជា ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ចេញពីសាធារណរដ្ឋប្រជាមានិតចិនឡើយ ពោលគឺលោកនៅតែគោរពតាមគោលនយោបាយចិនតែមួយ។

ថ្លែងក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ លោក ហ៊ុន សែន មានប្រសាសន៍ពីគោលជំហររបស់កម្ពុជា ដោយគាំទ្រចិនតែមួយ ហើយមិនចង់ឱ្យដែនដីទាំងនោះផ្ដាច់ខ្លួនពីចិនឡើយ។  ​

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនលើកទឹកចិត្តឱ្យមានការផ្ដាច់ខ្លួន ក៏មានន័យជួយគាំទ្រទៅចិនដែរ»។

លោក​មានប្រសាសន៍បន្តថា៖ «យើងអាចគិតជាឧទាហរណ៍ នៅសុខៗស្រាប់តែមានប្រទេសណាមួយកាត់ខេត្តតាកែវចេញពីទឹកដីកម្ពុជារបស់យើង តើយើងយល់ព្រមដែរឬទេ? ប្រាកដណាស់ គឺមិនព្រមជាដាច់ខាត។ នេះក៏មិនមែនជាសារអ្វីនោះទេ ក៏ប៉ុន្តែជាជំហររបស់យើងវិញ យ៉ាងដូច្នេះ» ។

សាស្ដ្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ ​លោក ឯម សុវណ្ណរ៉ា ​លើកឡើងថា​ តៃវ៉ាន់អាចនឹងផ្ដាច់ខ្លួនចេញពីចិនបាននាពេលអនាគត ដោយសារតែមានការជួយគាំទ្រពីខាងអឺរ៉ុប ក៏ដូចជាអាមេរិក ដែលមានការគាំទ្រយ៉ាងខ្លាំងដែរ។ ដោយឡែក ចំពោះរដ្ឋផ្សេងទៀត ដូចជាទីបេ ជឺចាំង និងហុងកុង គឺពិតជាពិបាកណាស់ក្នុងការផ្ដាច់ខ្លួនចេញជារដ្ឋឯករាជ្យ ព្រោះតែមានការគ្រប់គ្រងយ៉ាងរឹងមាំពីកុម្មុយនីស្តចិន។

លោកសាស្ដ្រាចារ្យ ឯម សុវណ្ណរ៉ា ​បន្តទៀតថា ​អាស៊ានជាតំបន់ដែលទទួលស្គាល់គោលនយោបាយចិនតែមួយ (One China Policy)​ ខុសពីលោកខាងលិចដែលទទួលស្គាល់ឯករាជ្យភាពរបស់តៃវ៉ាន់ ហើយព្រមទាំងមានទំនាក់ទំនងការទូតនិង​ពាណិជ្ជកម្មជាមួយតៃវ៉ាន់ថែមទៀតផង​។

តៃវ៉ាន់​ គឺ​ជាដែន​កោះមួយដែល​ស្ថិត​នៅ​កៀក​នឹង​ចិន​​ ដោយ​​ពុះចែក​​​ដោយ​ច្រកសមុទ្រចម្ងាយជាង​​​​​១០០គីឡូម៉ែត្រ​​ប៉ុណ្ណោះ​ពី​គ្នា។ តៃវ៉ាន់​ ក៏​ជា​សម្ព័ន្ធមិត្ត​ចាស់​​របស់​សហរដ្ឋ​អាមេរិក។

ក្រោយ​​បក្ស​កុម្មុយនីស្ត​ចិនឡើងកាន់អំណាច​នៅ​ឆ្នាំ១៩៤៩ សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ទទួលស្គាល់​សាធារណរដ្ឋ​ចិន ឬ​តៃវ៉ាន់​ ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​ចិន រហូត​​​ដល់​ឆ្នាំ១៩៧៩​ ទើបអាមេរិក​ផ្លាស់ប្ដូរមក​ទទួលស្គាល់រដ្ឋាភិបាល​ចិនដីគោកវិញ។

ដោយឡែកដែនដី ជឺចាំង ហុងកុង និងទីបេ ជាតំបន់ដែលនៅមានភាពប្រទាញប្រទង់រហូតមកទល់ពេលបច្ចុប្បន្ន​ ដោយរដ្ឋទាំងនោះនៅចិញ្ចឹមចិត្តចង់ផ្ដាច់ខ្លួនទៅជារដ្ឋឯករាជ្យចេញពីការគ្រប់គ្រងរបស់ចិនកុម្មុយនីស្ត៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ