លោក ហ៊ុន សែន មិនគាំទ្រ​ឱ្យ​ប្រទេស​នានា​ផ្ដល់​អាវុធ​ទៅ​អ៊ុយក្រែន​ឬ​រុស្ស៊ី​ឡើយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាពិបាកក្នុងការប្រកាន់ជំហរនៅក្នុងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដោយសារបច្ចុប្បន្នសង្គ្រាមនេះមិនមែនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតទេ តែជាសង្គ្រាមរវាងរុស្ស៊ី និងអឺរ៉ុប ឬ «អឺរ៉ុបនីយកម្មសង្គ្រាម» ជាមួយរុស្ស៊ីទៅហើយ។

ការលើកឡើងរបស់លោក​ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ។

តែទោះជាយ៉ាងនេះក្ដី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា ជំហររបស់កម្ពុជានៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិថ្មីនេះ គឺកម្ពុជាជំទាស់ជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំង និងការគំរាមប្រើប្រាស់កម្លាំង ដើម្បីប្រឆាំងនឹងប្រទេសណាមួយ។ បន្ថែមលើនេះ លោក ហ៊ុន សែន ក៏មិនគាំទ្រឬលើកទឹកចិត្តឱ្យប្រទេសនានាផ្ដល់អាវុធទៅឱ្យប្រទេស​អ៊ុយក្រែនឬទៅឱ្យប្រទេសរុស្ស៊ីនោះឡើយ។

លោកបានថ្លែងដូច្នេះថា៖ «បើសិនវាគ្រាន់ជាបញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែន យើងងាយនឹងបញ្ហាប្រកាន់ឥរិយាបថ ប៉ុន្តែឥលូវាមិនទៅជាអ៊ីចឹងទេ អន្តរជាតិតូបនីយកម្មសង្គ្រាម ឬអាចថា អឺរ៉ុបនីយកម្មសង្គ្រាម នៅលើទឹកដីអ៊ុយក្រែន តាមរយៈការបើកច្រកឱ្យពលរដ្ឋរបស់ខ្លួនចូលទៅធ្វើទាហានអ៊ុយក្រែនបាន ម្ខាងទៀតគឺផ្ដល់អាវុធ ផ្ដល់ទាំងយន្តហោះចម្បាំងទៀត»។

យ៉ាងណាក្ដី លោក ហ៊ុន សែន បានបញ្ជាក់ថា នេះគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះ។ វាមិនមែនជាទស្សនៈឬជំហររបស់អាស៊ាននោះទេ។ លោកថា ជំហររបស់អាស៊ាន គឺអំពាវនាវដោយប្រុងប្រយ័ត្នឱ្យភាគីទាំងសងខាងចូលតុចរចា។

គួរជម្រាបជូនថា នេះគឺជាការថ្លែងជាសាធារណៈជាលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ