នាយករដ្ឋមន្ត្រី៖ អ្នកណា​ពូកែ​ទៅ​យក​កម្ពុជា​ក្រោម​ខ្លួនឯង លោក​ជួយ​ធ្វើ​ក្ដារមឈូស​និង​កប់សពឱ្យ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកណាខ្លាំងពូកែទៅយកកម្ពុជាក្រោមខ្លួនឯងទៅ ហើយលោកនឹងជួយធ្វើក្ដារមឈូសនិងជួយកប់សពឱ្យ ដោយថា កម្ពុជាក្រោមមិនមែនបាត់បង់ក្នុងជំនាន់លោកដឹកនាំនោះទេ ពោលគឺបានបាត់បង់តាំងពីមុនឪពុក រួមទាំងរូបលោកមិនទាន់កើតមកម្ល៉េះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដោយចោទជាសំណួរថា ហេតុអ្វីបានជាចង់ឱ្យលោកទៅយកកម្ពុជាក្រោមវិញនោះ? ព្រោះអីទឹកដីកម្ពុជាក្រោមបានបាត់បង់តាំងពី​លោកមិនទាន់កើតមកម្ល៉េះ។ លោកបន្តថា បើអ្នកណាពូកែចង់បានកម្ពុជាក្រោមមកវិញនោះ សូមឱ្យពួកគេទៅយកខ្លួនឯងទៅ រូបលោកនឹងជួយធ្វើក្ដារមឈូសនិងកប់សពឱ្យផងដែរ។

លោកថា៖ «មួយមកឆ្កុយហ្មង សម្ដេចសុំលើទ័ព​វាយយកកម្ពុជាក្រោម។ ​ខ្ញុំឆ្លើយតប[ខមិន]ទៅវិញ ទៅវាយយកខ្លួនឯងទៅ ខ្ញុំប្រុងថែមទៅវាយយកខ្លួនឯងទៅ ខ្ញុំជួយធ្វើក្ដារមឈូសនិងកប់ខ្មោចឱ្យ។ កម្ពុជាក្រោម បាត់តាំងពីខ្ញុំមិនទាន់កើត ឪពុកខ្ញុំមិនទាន់កើត រឿងអីមកឱ្យខ្ញុំទៅយក​។ អ្នកណាពូកែសូមអញ្ជើញទៅ ហើយខ្ញុំនឹងជួយក្នុងការធ្វើក្ដារមឈូសនិងកប់ខ្មោចឱ្យ។ ហើយរឿងហ្នឹង ខ្ញុំបាននិយាយតាំងពីឆ្នាំ១៩៩៥ និង៩៦ នៅពេលនោះមានការព្យាយាមចង់ធ្វើខ្ញុំប្រកាស​ត្រង់ៗតែម្ដង»។

លោក ហ៊ុន សែន បន្តថា រឿងទឹកដីកម្ពុជាក្រោមជារឿងអតីតកាលដែលបានកន្លងមកផុតយូរណាស់មកហើយ ខណៈពិភពលោកបានគូសផែនទីរួចទៅហើយដែរ សូម្បីតែការហោះហើរលើអាកាសក៏បានកំណត់ត្រឹមត្រូវថែមទៀតផង។

លោកថា៖ «សូម្បីតែនៅលើយន្តហោះ គេដាក់ផែនទីឱ្យយើងមើល​ហោះដល់កន្លែងណាអីកន្លែងណា ព្រំដែនយើងនៅប៉ុនរាល់ថ្ងៃហ្នឹងតើ! មានទៅនៅវៀតណាម មានទៅនៅថៃប៉ុន្មាន ខេត្តនៅថៃ នៅវៀតណាមនេះទៀត មានទៅផុតផែនទីហ្នឹងណា»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា បើនិយាយផ្លូវច្បាប់ កម្ពុជានៅតែមានសិទ្ធិក្នុងការទាមទារមកវិញ ដោយសារការផ្ទេរទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងនោះ មិនមានឯកសារបញ្ជាក់ណាមួយដែលកម្ពុជាកាត់ទៅឱ្យប្រទេសវៀតណាមឡើយ ដោយថា ការកាត់និងផ្ទេរនេះធ្វើឡើងដោយបារាំងជាមួយវៀតណាមតែប៉ុណ្ណោះ។

លោកបន្តថា ប្រជាពលរដ្ឋទាំងអស់នៅមិនទាន់បានដឹងឮឬទទួលស្គាល់អំពីរឿងកាត់ទឹកដីខ្មែរប្រគល់ទៅឱ្យវៀតណាមពីសំណាក់បារាំងនៅឡើយ។

លោកថា៖ «គាត់គិតថា គាត់ [កម្ពុជាក្រោម] ជាផ្នែកមួយនៃទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះគាត់ជាខ្មែរ គាត់ [ខ្មែរកម្ពុជាក្រោម] ចង់រស់នៅក្រោមការដឹកនាំរបស់ខ្មែរយើង មិនទាន់មានការផ្ដាច់ខ្លួនឯករាជ្យឬយ៉ាងណាមួយនៅឡើយទេ។ តាំងពីដើមមក ពួកគាត់នៅតែតាំងខ្លួនជាខ្មែរ ព្រះមហាក្សត្រ ជាព្រះមហាក្សត្រខ្មែរទាំងអស់គ្នា កម្ពុជាជាទឹកដីរួមរបស់គាត់តាំងពីដើមមក»។

ប្រធានចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល ចាត់ទុកការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីឆ្លុះបញ្ចាំងឱ្យឃើញថា លោក ហ៊ុន សែន មិនមានស្មារតីជាតិនិយមពិតប្រាកដ និងមិនយល់ចំពោះការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរក្រោមដែលកំពុងធ្វើនៅលើឆាតអន្តរជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។ លោកបន្តថា ការតស៊ូរបស់ពលរដ្ឋខ្មែរក្រោម ដើម្បីបានសិទ្ធិរស់នៅកម្ពុជាក្រោមនោះ ក៏ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ផងដែរ។

លោក ទូច វិបុល បន្តថា ការលើកឡើងនិងតស៊ូទាមទារកម្ពុជាក្រោមមកវិញ មិនមែនជាការទៅធ្វើសង្គ្រាមជាមួយនឹងប្រទេសវៀតណាមឡើយ ប៉ុន្តែជាការតស៊ូមតិតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិទៅវិញទេ។

លោកថា៖ «ប្រសាសន៍របស់គាត់មិនមានអ្វីចម្លែកទេ ដោយសារទំនៀមទម្លាប់របស់គាត់ និយាយ ការប្រើប្រាស់ភាសាហិង្សា ដូចខ្ញុំបញ្ជាក់សារដើម វាមិនឆ្លុះបញ្ចាំងអំពីមេដឹកនាំដែលមនសិការជាតិពិតប្រាកដរបស់ខ្លួន។ ជាថ្មីម្ដងទៀត ការតស៊ូមតិ ការលើកឡើងរបស់អ្នកវិភាគក្ដី របស់ប្រជាពលរដ្ឋខ្មែរជាទូទៅក្ដី ឬអ្នកណាក៏ដោយ ដែលលើកឡើងពីបញ្ហាកម្ពុជា កោះត្រល់ ចង្កោមកោះច្រកសេះទាំងអស់នេះ មិនមែនមានន័យថា គេទៅលីកាំភ្លើងទៅច្បាំងជាមួយប្រទេសវៀតណាមនោះទេ គឺគេនិយាយអំពីការតស៊ូមតិអំពីច្បាប់ជាតិនិងអន្តរជាតិ ហើយឈរស្មើមុខគ្នានៅតុលាការអន្តរជាតិ»។

ទឹកដីកម្ពុជាក្រោម ដែលបារាំង​ហៅថា ដែនដីកូសាំងស៊ីន (Cochinchine) មានចំនួន២១ខេត្ត-ក្រុង ត្រូវបានបារាំងកាត់ទៅឱ្យវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅក្នុងអំឡុងពេលដែលបារាំងដាក់អាណានិគមលើកម្ពុជា ដែល​ចុះ​ហត្ថលេខា​​​ដោយ​ប្រធានាធិបតី​បារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ