ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយរាប់រយគ្រួសារ នៅខេត្តព្រះវិហារ អះអាងថា ដីធ្វើស្រែនិងចម្ការរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនចិនឈ្មោះ «ឡានហ្វេង» បានបំពានយក១០ឆ្នាំមកហើយ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ខ្វះស្បៀងអាហារ និងជំពាក់បំណុលធនាគារ។
ខេត្តព្រះវិហារ ស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្ដរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញប្រមាណ២៩៤គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប និងតំបន់ព្រៃភ្នំ មានភូមិសាស្ត្រដែលមានភាពទូលាយ សម្បូរទៅដោយព្រៃឈើធំៗដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ សំណង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ និងសម្បូរដោយជនជាតិដើមភាគតិច។
បង់កកន្សែងពណ៌ឈ្នួតក្រហម មានសម្បុរស្រអែម ឈរនៅមុខផ្ទះ ស្ថិតនៅភូមិប្រមេរ ស្រុកត្បែងមានជ័យ អ្នកស្រី ខៀវ ហែម បានឱ្យដឹងថា បច្ចុប្បន្ន គាត់មិនមានស្រែចម្ការធ្វើនឹងគេនោះទេ ដោយសារតែក្រុមហ៊ុនចិនបានរំលោភយកតាំងពីឆ្នាំ២០១២។ អ្នកស្រីរស់នៅដោយពឹងអាស្រ័យប្រាក់ដែលកូនទៅធ្វើការងារនៅប្រទេសថៃផ្ញើឱ្យ។
ស្រ្តីជនជាតិដើមភាគតិចកួយរូបនេះ និយាយក្នុងសម្ដីមួយៗ រួមនឹងទឹកមុខស្រពោនថា រូបគាត់និងអ្នកភូមិផ្សេងទៀតធ្លាប់តែរស់នៅពឹងលើវិស័យកសិកម្ម ប៉ុន្តែឥលូវជួបការលំបាកខ្លាំងទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយពេលដែលដីធ្លាប់អាស្រ័យផលតាំងពីដូនតាមក ត្រូវក្រុមហ៊ុនចិនចូលគ្រប់គ្រង។
ស្រ្តីវ័យ៦៩ឆ្នាំរូបនេះអះអាងថា កន្លងមក រូបគាត់និងអ្នកភូមិបានចេញតវ៉ាច្រើនលើក មានទាំងការដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធ និងបោះតង់ដេកនៅមុខសាលាខេត្ត ប៉ុន្តែពុំមានដំណោះស្រាយឡើយ ហើយថែមទាំងរងការប្ដឹងចោទប្រកាន់ទៅវិញ។ អ្នកស្រីរំឭកថា កាលពីឆ្នាំ២០១៤ រូបគាត់និងពលរដ្ឋ៣នាក់ផ្សេងទៀតត្រូវតុលាការខេត្តព្រះវិហារចេញដីការកោះហៅឱ្យបំភ្លឺពីបទញុះញង់ឱ្យពលរដ្ឋតវ៉ា។
អ្នកស្រីនិយាយទាំងទឹកភ្នែករលីងរលោងថា គាត់មិនសង្ឃឹមទទួលបានយុត្តិធម៌ទេ ព្រោះមិនឃើញមានចំណាត់ការណាមួយជួយដោះស្រាយបញ្ហាពួកគាត់ទេ ខណៈការរស់នៅកំពុងប្រឈមខ្វះខាតអាហារ។
អ្នកស្រី ខៀវ ហែម និយាយថា៖ «ការខ្វះខាតនៅក្នុងជីវភាពគ្រួសាររបស់ខ្លួននៅតែដដែល មិនដឹងរកអ្វីជាពំនាក់ ជាទីលំនឹងរកស៊ីទៅមុខទៀត។ បើក្នុងសហគមន៍យើងដោះស្រាយបានដី ទើបខ្ញុំបានហូប បានចុកទៅមុខទៀត។ បើនៅតែអ៊ីចឹង ខ្ញុំនៅតែពិបាក»។
អ្នកស្រីឱ្យដឹងថា កូនបង្កើតនិងកូនប្រសារបស់គាត់បានទៅធ្វើការងារនៅថៃ២ឆ្នាំហើយ តែពេលនេះនៅទីនោះរកចំណូលមិនបាន ត្រៀមវិលមកស្រុកកំណើតវិញ ទាំងមិនដឹងថាពេលមកដល់ស្រុកខ្មែរមានការងារអ្វីឱ្យពិតប្រាកដនោះទេ។
ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ស៊ុត សាវន អះអាងថា ដីស្រែរបស់គាត់ត្រូវក្រុមហ៊ុនចិនបំពានគ្រប់គ្រងយកជាង១០ហិកតា ធ្វើឱ្យគាត់ជួបការលំបាកខ្លាំង ហើយក៏សម្រេចចិត្តជម្នះធ្វើស្រែលើដីមានទំនាស់នោះទាំងប្រឈមជាមួយក្រុមហ៊ុន។
លោក ស៊ុត សាវន ថ្លែងថា៖ «ដល់ពេលខ្ញុំធ្វើវិញអ៊ីចឹងទៅ កាលពីឆ្នាំ២០២១ មានរដ្ឋបាលព្រៃឈើ គាត់បានមកជួបខ្ញុំ ហើយថាពួកខ្ញុំហ្នឹងទន្រ្ទានយកដីចិន ហើយមានចិនទៅប្ដឹងគេ [រដ្ឋបាលព្រៃឈើ] ថាខ្ញុំទន្រ្ទានយកដីចិនមកកាន់កាប់ […] ហើយគេសួរខ្ញុំថាមកកាន់កាប់ហ្នឹងមានប្លង់មានអីអត់? ខ្ញុំថាអត់មានប្លង់មានអីទេ ខ្ញុំចង់ចុះបញ្ជីសមូហភាព មានប្លង់ទាល់តែអាជ្ញាធរចុះឱ្យ។ ដីនេះជាដីខ្ញុំដែលកាន់កាប់ប្រើប្រាស់យូរហើយ ដែលដូនតាបានចូលទៅកាន់កាប់យកមកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុនចិនចូលមកបានរំលោភយកទាំងម្ដង»។
ស្ត្រីជនជាតិដើមភាគតិចកួយដែលសកម្មក្នុងការចេញតវ៉ាដែរនោះ អ្នកស្រី ស៊ិង សាំ ថ្លែងថា រូបគាត់និងអ្នកភូមិផ្សេងទៀតតែងប៉ះទង្គិចដោយពាក្យសម្ដី និងរុញច្រានគ្នាញឹកញាប់ជាមួយសន្តិសុខក្រុមហ៊ុនចិន នៅពេលដែលពួកគាត់លួចទៅធ្វើស្រែលើដីមានជម្លោះនោះ។ បើទោះជាមានការប៉ះទង្គិចជាមួយសន្តិសុខក្រុមហ៊ុន និងធ្លាប់ត្រូវតុលាការកោះហៅក៏ដោយ ក៏អ្នកស្រីបញ្ជាក់ថា មិនបោះបង់ការទាមទារនោះទេ។
អ្នកស្រី ស៊ិង សាំ និយាយថា៖ «ខ្ញុំខំតវ៉ារហូតដល់ខ្ញុំដើរលែងរួច ហើយលុះត្រាតែខ្ញុំស្លាប់»។
ស្រ្តីវ័យ៥៣ឆ្នាំរូបនេះអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយ ព្រោះពួកគាត់មិនមានជំនាញអ្វីប្រកបរបរចិញ្ចឹមជីវិតផ្សេងក្រៅពីការធ្វើស្រែចម្ការនោះទេ។
អ្នកស្រីថា៖ «សូមឱ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ សូមជួយដោះស្រាយបញ្ហាដីនេះឱ្យពួកខ្ញុំជនជាតិដើមភាគតិចផង ព្រោះពួកខ្ញុំអត់មានដីស្រែធ្វើ ពួកខ្ញុំអត់មានអ្វីប្រកបមុខរបររកស៊ីទេ ព្រោះជនជាតិដើមភាគតិចពួកខ្ញុំមិនចេះជួញដូរអ្វីក្រៅពីធ្វើស្រែចម្ការ»។
តាមប្រជាសហគមន៍អះអាងថា ក្នុងចំណោមពួកគាត់២៥០គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនឡានហ្វេងនេះ គឺមានពលរដ្ឋ៣០គ្រួសារបានធ្វើចំណាកស្រុកទៅប្រទេសថៃរកការងារធ្វើ ចំណែកអ្នកនៅក្នុងស្រុកស៊ីឈ្នួលដកដំឡូងឱ្យអ្នកស្រុកនៅក្បែរៗនោះ បានតែប្រមាណ១០ ០០០រៀល ទៅ២០ ០០០រៀលតែប៉ុណ្ណោះក្នុង១ថ្ងៃ។
អភិបាលស្រុកត្បែងមានជ័យ លោក ណុត សុភ័ណ បញ្ជាក់ថា លោកមិនមានអ្វីបកស្រាយបន្ថែមករណីលើកឡើងរបស់ប្រជាពលរដ្ឋនេះទេ។ ប៉ុន្តែកន្លងទៅ អភិបាលស្រុករូបនេះធ្លាប់បញ្ជាក់ប្រាប់ វីអូឌី ថាបើពលរដ្ឋជាជនជាតិដើមភាគតិចកួយទាំងនេះចង់បានដំណោះស្រាយត្រូវរៀបចំឯកសារដាក់ទៅខាងសាលាស្រុក ដើម្បីពិនិត្យដោះស្រាយតាមផ្លូវច្បាប់។
លោក ណុត សុភ័ណ ថ្លែងថា៖ «សូមឱ្យពួកសហគមន៍ដាក់ពាក្យមកសាលាស្រុកមក ខ្ញុំមិនអាចបកស្រាយនៅពេលនេះបានទេ»។
ប្រជាសហគមន៍អះអាងថា ពួកគាត់ធ្លាប់ដាក់ឯកសារទៅអាជ្ញាធរស្រុកនិងខេត្តច្រើនលើកមកហើយ មិនត្រឹមតែមិនមានដំណោះស្រាយទេ ថែមទាំងពួកគាត់រងការចោទប្រកាន់ពីតុលាការថែមទៀត។
ប្រធានអង្គការពន្លកខ្មែរ ដែលតែងតែតាមដានបញ្ហាវិវាទដីធ្លីនេះ លោក ប៉ិក សោភ័ណ្ឌ មានប្រសាសន៍ថា ជម្លោះដីធ្លីនេះអូសបន្លាយ១០ឆ្នាំមកហើយ ហើយទាំងអាជ្ញាធរនិងក្រុមហ៊ុនហាក់មិនបានយកចិត្តទុកដាក់ដោះស្រាយទេ។
លោកបន្តថា៖ «ខាងសហគមន៍បាននាំគ្នាទៅតវ៉ាទាមទារដីស្រែ ដីចម្ការរបស់គាត់! ហើយគាត់អះអាងថាជាដីគាត់ធ្វើតាមប្រពៃណីរបស់គាត់មក ហើយត្រូវបានក្រុមហ៊ុនចិនជួលឱ្យទៅអ្នកខាងក្រៅ ដោយមានអាជ្ញាធរជាអ្នកគាំទ្រនៅពីខាងក្រោយតែម្ដង»។
ករណីនេះ លោកស្នើឱ្យមន្រ្តីរដ្ឋាភិបាលគួរតែចុះត្រួតពិនិត្យនិងធ្វើការស្រាវជ្រាវឡើងវិញ នូវជម្លោះដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចកួយជាមួយក្រុមហ៊ុនចិនដែលកំពុងមានការប៉ះពាល់ដល់ជីវភាពសហគមន៍សព្វថ្ងៃនេះ។
លោកថា៖ «ទី១ មន្រ្តីរដ្ឋាភិបាលគួរតែមានការដោះស្រាយទំនាស់ដីធ្លីនេះ កុំឱ្យវានៅតែរ៉ាំរ៉ៃបែបនេះ វាធ្វើឱ្យមានទំនាស់រវាងអ្នកខាងក្រៅហើយនឹងម្ចាស់ស្រុក។ ទី២ វាធ្វើឱ្យមានទំនាស់រវាងអាជ្ញាធរជាមួយនឹងសហគមន៍ដែលគាត់ប្រើប្រាស់ដីហ្នឹងជាដើម»។
ក្រុមជនជាតិដើមភាគតិច ឱ្យដឹងថា ជម្លោះដីធ្លីនេះបានកើតឡើងតាំងពីឆ្នាំ២០១២ លើផ្ទៃដី៦ ០០០ហិកតា ដែលពួកគាត់អះអាងថាជាកម្មសិទ្ធិរបស់ពលរដ្ឋជាជនជាតិដើមភាគតិច ចំនួន២៥០គ្រួសារ។
ក្រុមហ៊ុន ឡាន ហ្វេង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ផ្សេងទៀតរបស់ក្រុមហ៊ុនមេឈ្មោះ «ហេងហ្វូ» ដែលទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីជាង៤០ ០០០ហិកតា (៤២ ០០០ហិកតា) តាំងពីឆ្នាំ២០១១ សម្រាប់វិនិយោគដាំអំពៅនិងកៅស៊ូ។
របាយការណ៍របស់សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានរកឃើញថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ការរំលោភយកដីធ្លីនៅក្នុងប្រទេសមិនមានសញ្ញាថមថយនោះទេ ខណៈពលរដ្ឋប្រមាណជាង៥ ០០០គ្រួសារទទួលរងផលប៉ះពាល់។ ចំណែកការចាប់ខ្លួនដាក់ពន្ធនាគារនៃសមាជិកសហគមន៍និងសកម្មជនដីធ្លីកាន់តែមានការកើនឡើង៕