គណបក្សភ្លើងទៀន បានស្នើឱ្យរដ្ឋាភិបាលស្រាវជ្រាវនិងចាត់វិធានការឱ្យម៉ឺងម៉ាត់លើជនដែលបំផ្លាញស្លាកសញ្ញាគណបក្ស និងគំរាមកំហែងមកលើសកម្មជនគណបក្សប្រឆាំងមួយនេះ។
តាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២ ខែមីនា ម្សិលមិញ គណបក្សភ្លើងទៀនបានលើកឡើងថា ទោះបីជាមានបទបញ្ជាផ្ទាល់មាត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងសេចក្ដីណែនាំជាលាយលក្ខណ៍អក្សររបស់ក្រសួងមហាផ្ទៃ ក្នុងការបង្កើតឱ្យមានបរិយាកាសនយោបាយល្អប្រសើរមុនការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះក្ដី ក៏ប៉ុន្តែមានអាជ្ញាធរមួយចំនួននៅតាមបណ្ដាខេត្តខ្លះនៅតែបន្តប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការសម្លុត គំរាមកំហែង បំភិតបំភ័យ និងអូសទាញសកម្មជនគណបក្សភ្លើងទៀនឱ្យចុះចូលជាមួយគណបក្សផ្សេង ឬមិនឱ្យធ្វើសកម្មភាពដោយបានប្រើប្រាស់រូបភាពផ្សេងៗ។
ប្រភពដដែលបន្តថា កន្លងមកនេះ ក៏មានការរារាំងមិនឱ្យលើកស្លាកសញ្ញាគណបក្ស និងការលួចកាប់បំផ្លាញស្លាកសញ្ញាគណបក្ស ព្រមទាំងមានការប្រើអំពើហិង្សាមកលើសកម្មជនរបស់គណបក្សដោយជនមិនស្គាល់មុខ នៅតែបន្តកើតមាន។
គណបក្សភ្លើងទៀន ដែលជាអតីតគណបក្សសមរង្ស៊ី មួយនេះ បានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យស្រាវជ្រាវរកមុខជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព។ គណបក្សដដែលបន្តថា ត្រូវធានាឱ្យបាននូវដំណើរការបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ ប្រព្រឹត្តទៅដោយមិនមានអំពើហិង្សា មិនមានការគំរាមកំហែង ការបំភិតបំភ័យ និងមិនមានការទិញដូរឡើយ។
ការអំពាវនាវរបស់គណបក្សភ្លើងទៀនបានធ្វើឡើងបន្ទាប់ពីមានករណីជនមិនស្គាល់មុខលួចកាប់បំផ្លាញស្លាកសញ្ញាគណបក្ស នៅខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែមីនា និងករណីជនមិនស្គាល់មុខបួននាក់ជិះម៉ូតូលួចវាយពីក្រោយនឹងដំបងទៅលើលោក ម៉ី សោភ័ណ្ឌបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សភ្លើងទៀន នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈជាដើម៕












