តុលាការ​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​៣​នាក់​​ពាក់ព័ន្ធ​ព័ត៌មាន​«​ទាសករ​លក់​ឈាម​»​នៅ​ព្រះសីហនុ

លោក Chen Baorong ជាប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន។ (ផ្ដល់ឱ្យ)

មន្ត្រីតុលាការអះអាងថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទជាជនជាតិចិនចំនួន ៣នាក់ក្នុងពន្ធនាគារខេត្តព្រះសីហនុកាលពីថ្ងៃទី២ ខែមីនា ខណៈម្នាក់ទៀតត្រូវបានពន្យារពេលឃុំខ្លួន​ដោយសារបញ្ហាសុខភាព ​ពាក់ព័ន្ធព័ត៌មាន«ទាសករលក់ឈាម» ដែលអាជ្ញាធរ​ថាជារឿងប្រតិដ្ឋ។  

អ្នកនាំពាក្យអយ្យការអម​សាលាដំបូងខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ ដែលអះអាងថាជាអ្នកចាត់ការផ្ទាល់លើករណីនេះ ប្រាប់វីអូឌីនាយប់ថ្ងៃទី៣ ខែមីនា ថា លោកបានបញ្ជូន​ជនសង្ស័យ​ទាំង ៣នាក់ទៅចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបក៏បានសម្រេចឃុំខ្លួនពួកគេ៣នាក់ផងដែរ។ ​

លោកថា៖ «ខ្ញុំបានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅចៅក្រមស៊ើបសួរពាក់ព័ន្ធបទចោទមានផ្តល់សេចក្តីប្រកាសដោយភូតកុហក ញុះញង់អោយមានការរើសអើង តាមបញ្ញតិមាត្រា ៤៩៦ និង ៦៣៣ នៃក្រមព្រហ្មទណ្ឌ។ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៣នាក់ក្នុងពន្ធនាគារខេត្តព្រះសីហនុហើយកាលពីម្សិលមិញ។ ជនត្រូវចោទទាំង៣នាក់ ជាជនជាតិចិន»។

អ្នកនាំពាក្យអយ្យការអម​សាលាដំបូងខេត្ត​ព្រះសីហនុរូបនេះបន្តថា ដោយឡែកបុរសឈ្មោះ LI YA YUAN LUN ​ ដែលអះអាងថាជាជនរងគ្រោះ ក៏ត្រូវបានចោទប្រកាន់ និងស្នើសុំឃុំខ្លួនផងដែរ ប៉ុន្តែដោយស្ថានភាពសុខភាពរបស់គាត់ ​នៅពុំទាន់ប្រសើរ ទើបត្រូវពន្យារពេលឃុំខ្លួនសិន។

លោកថា៖ «គាត់ត្រូវបានចោទប្រកាន់ និងស្នើសុំឃុំខ្លួនគាត់ផងដែរ តែដោយកត្តាសុខភាពគាត់ពុំទាន់ប្រសើឡើងវិញ ទើបបន្តអោយគាត់នៅព្យាបាលឯមន្ទីរពេទ្យនៅភ្នំពេញ»។

ចំណែក អ្នកនាំពាក្យសាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លី ចាន់ដារ៉ា បានផ្តល់ឯកសារដែលបង្ហាញថាចៅក្រមបានចោទប្រកាន់អ្នកពាក់ព័ន្ធ ៣នាក់ និងបុរសជនជាតិចិនម្នាក់ទៀតដែលត្រូវបានសា​រព័​ត៌មា​ន និ​ងបណ្ដាញ​ទំនាក់ទំនងសង្គម​មួ​យចំនួ​​ន​ចុះ​​ផ្ស​​ព្វ​ផ្សាយថា ត្រូវបានចា​​ប់ប​​ង្ខាំ​ង​​​​ធ្វើជាទាស​ករ​​លក់​ឈាម​នៅ​តំ​បន់​ឆៃណា​ថោ​ន​​ ក្នុង​ខេ​​ត្តព្រះ​​​សីហ​នុ ពីបទស្រដៀងៗគ្នា។

ក្នុងនោះ លោក LI YA YUAN LUN អាយុ ៣១ ដែលអះអាងថាជាជនរងគ្រោះ ត្រូវបានចោទពីបទ «ជនបរទេសចូលមកកម្ពុជាដោយគ្មានការអនុញ្ញាត» កាលពីអំឡុង ខែមិថុនា ឆ្នាំ២០២១ ដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២២ ប្រព្រឹត្តនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ លើសពីនេះ លោកក៏ត្រូវបានចោទពី បទញុះញង់ឱ្យមានការរើសអើង និងផ្តល់សេចក្តីប្រកាសដោយភូតកុហក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ តាមមាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងមាត្រា ៤៩៦ មាត្រា ៦៣៣ នៃក្រមព្រហ្មទណ្ឌ។

ឯកសារដដែលបន្តថា ស្ត្រីឈ្មោះ TAN XIAO MEI អាយុ៤១ឆ្នាំ ត្រូវចោទពីបទផ្តើមគំនិតក្នុងអំពើញុះញង់ឱ្យមានការរើសអើង និងផ្តល់សេចក្តីប្រកាសដោយភូតកុហក ប្រព្រឹត្តនៅ​ខេត្តព្រះសីហនុ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ​តាមមាត្រា ២៨ មាត្រា ៤៩៦ និងមាត្រា ៦៣៣ នៃក្រមព្រហ្មទណ្ឌ។

ចំណែក បុរសឈ្មោះ CHEN BAO RONG អាយុ៤៩ឆ្នាំ និងបុរសឈ្មោះ CHEN XIAO HUA អាយុ៤១ឆ្នាំត្រូវចោទពីបទញុះញង់ឱ្យមានការរើសអើង ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ប្រើប្រាស់ដោយខុសច្បាប់នូវឯកសារបញ្ជាក់វិជ្ជាជីវៈ និងផ្តល់សេចក្តីប្រកាសដោយភូតកុហក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ តាមមាត្រា ៤៩៦, ៦០៩, ៦១៣ និងមាត្រា ៦៣៣ នៃក្រមព្រហ្មទណ្ឌ។

​​អ​គ្គ​​ស្នង​​ការ​ដ្ឋាន​​ន​​គរបា​ល​ជាតិ​​​ បា​ន​លើ​ក​ឡើង​​ក្នុងសេច​​​ក្ដីប្រ​​កាសព័ត៌មាន​​​ចុះ​ថ្ងៃ​​​ទី​២​​៨ ខែកុ​ម្ភៈ ឆ្នាំ២០២២​​​ ថា​ក្រោយ​​ពីឃើ​​ញសា​រព័​ត៌មា​ន និ​ងបណ្ដាញ​ទំនាក់ទំនងសង្គម​មួ​យចំនួ​​ន​ចុះ​​ផ្ស​​ព្វ​ផ្សាយព័​ត៌​​មាន​​ស្ដី​​​កា​រចា​​ប់ប​​ង្ខាំ​ង​​ជ​នជា​តិ​​ចិ​ន​​ធ្វើជាទាស​ករ​​លក់​ឈាម​នៅ​តំ​បន់​ឆៃណា​ថោ​ន​​ ក្នុង​ខេ​​ត្តព្រះ​​​សីហ​នុ រួ​​ចមក អង្គភាពជំនាញ​​បាន​ចុះស្រា​វជ្រាវរកឃើ​ញ​ថា​​ព័ត៌មាន​​នោះជា​រឿងប្រតិដ្ឋ​។​

​​​នគ​​រ​​បាល​​ជាតិបា​នបញ្ជា​ក់​ថា ព័ត៌មានទាំងនោះប្រតិដ្ឋ​ឡើងដោយ​ឈ្មោះ ​​LI​ YA YUAN LU​N ​ ​ ស្នា​ក់នៅ​មន្ទីរពេ​ទ្យ​ប៊ី​ធ​​នក​ម្ពុជា-​ចិន រាជធានីភ្នំពេញ និងអ្ន​កពា​ក់ព័ន្ធចំ​នួន៣នាក់ទៀត​។

យ៉ាងណា លោក ​​LI​ YA YUAN LU​N ដែលអះអាងថា ជាជនរងគ្រោះធ្លាប់បានលើកឡើងអំពីប្រតិបត្តិការឆបោកនៅកម្ពុជា ដែលត្រូវបានគេបូមឈាមរបស់គាត់ជាច្រើនដងតាំងពីខែសីហា ឆ្នាំ២០២១ ក្នុងខេត្តព្រះសីហនុ ធ្វើឱ្យស្ថានភាពសុខភាពគាត់ទន់ខ្សោយ និងមានហានិភ័យខ្ពស់។

លោកលើកឡើងថា ​​ គេចាប់ផ្ដើមបូមឈាមរបស់គាត់ ដោយសារតែលោកបដិសេធមិនព្រមធ្វើការនូវអ្វីដែលជាការចង់បានរបស់ពួក​គេ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ក៏បានថ្កោលទោសចំពោះករណីបាញ់ប្រហារ ចាប់ជំរិត និងជំរិតទារប្រាក់លើជនជាតិចិននៅកម្ពុជា ពាក់ព័ន្ធនឹងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងសកម្មភាពបោកប្រាស់នានាផងដែរ។

លិខិត​មួយរបស់សភា​ពាណិជ្ជកម្ម​បានឱ្យដឹងថា«​វិធីសាស្ត្រ​នៃ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ គឺហាក់មានសកម្មភាព​សាហាវឃោរឃៅ​។ សកម្មភាពទាំងនោះបានបង្កឱ្យមានជាការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ជនរួមជាតិចិននៅកម្ពុជា និងនៅក្នុងប្រទេសចិន»។

សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ក៏បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងឡាយឱ្យ​បង្រ្កាប​ក្រុម​ដែល​ប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ