អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ​លោក​ ឯក​ ថា​ ទទួល​មរណ​ភាព​ដោយ​​ជំងឺគាំង​បេះដូង

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ឯក ថា កាលនៅមានជីវិតកំពុងអង្គុយកាន់សៀវភៅក្នុងបន្ទប់ការិយាល័យ។(ហ្វេសប៊ុក ឯកថា Ek Tha)

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា អ្នកនាំពាក្យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ឯក ថា ​ បានទទួលមរណភាព​ ដោយសារជំងឺគាំងបេះដូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនានេះ។

ក្នុងសារលិខិតរំលែកមរណទុក្ខរបស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ​បញ្ជាក់ថា លោក ឯក ថា បានទទួលមរណភាពក្នុងជន្មាយុ ៥១ឆ្នាំ ដោយ​ជំងឺគាំងបេះដូង។

សារលិខិតរំលែកទុក្ខដដែលបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងសហការី នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពិតជាមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោក ឯក ថា ​បានទទួលមរណភាពនោះ។

លិខិតទីស្ដីការគណៈរដ្ឋមន្ត្រី​សសេរថា៖ «មរណភាពរបស់ ឯកឧត្តម ឯក ថា គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រា បុត្រី ព្រមទាំងចំពោះមិត្តភក្តិ សហសេវិក ហើយក៏ជាការបាត់បង់ធនធានមនុស្សប្រកបដោយសក្តានុពល ក្នុងកិច្ចចូលរួមបម្រើជាតិមាតុភូមិពោពេញដោយឧត្តមគតិដ៏​ខ្ពស់»។ 

លោក ឯក ថា  មុននឹងក្លាយជាអ្នកនាំពាក្យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏ធ្លាប់ជាអតីតអ្នក​កាសែត The Cambodia Daily និងទីភ្នាក់ងារសារព័ត៌មាន Reuters ប្រចាំនៅកម្ពុជាម្នាក់ផងដែរ។

បើតាមកិច្ចសម្ភាសន៍មួយរបស់លោក ឯក ថា កាលនៅមានជីវិតជាមួយកាសែតភ្នំពេញប៉ុស្តិ៍ដែលចុះផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ឯក ថា គឺជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ប្រចាំការ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ហើយលោក​ក៏​ជា​អ្នក​សរសេរ​សៀវភៅ​ ១​រូប​ផងដែរ​។

លោកបញ្ជាក់ក្នុងកិច្ចសម្ភាសន៍នោះថា គាត់បានចាប់ផ្ដើម​ជា​អាជីព​អ្នកកាសែត​នៅ​ឆ្នាំ​ ១៩៩៤ ដោយពេលនោះលោក​បាន​ប្រើ​ឈ្មោះ​​ ឯក ម្រ៉ាដា (Ek Madra) ​​ដើម្បី​សុវត្ថិភាពផ្ទាល់​ខ្លួន ហើយក្រោយមកលោក​ក៏បាន​វិល​ត្រឡប់មក​ប្រើឈ្មោះ​ដើម​​​វិញ​​​។

លោកបញ្ជាក់ទៀតថា មានមូលហេតុមួយចំនួន ដែលជំរុញឱ្យលោកចាប់យក​អាជីព​ជា​អ្នកកាសែត​ ដោយសារ​សង្កេតឃើញថា សារព័ត៌មានទាំង​ជាតិ ទាំង​អន្តរជាតិ មិនបាន​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ពេញលក្ខណៈ​​គ្រប់​ជ្រុងជ្រោយ ពីអ្វីដែល​បានកើត​ឡើង​នៅ​​កម្ពុជា​​។ លើសពីនេះ លោកក៏ចង់នាំសារ​តាមរយៈ​ការសរសេរ ​ពី​​មហាជន​ទៅកាន់​ថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំមក ​ មកកាន់​មហាជន​វិញ ពិសេស​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដែល​គេ​ហៅថា អំណាច​ទន់​ធ្វើឱ្យ​ប្រជាជន​យល់ដឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ