ក្រសួងសុខាភិបាលឱ្យដឹងថា មានមនុស្សជិត៤០០នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈអ្នកស្លាប់ដោយសារជំងឺនេះមានរហូតដល់៥នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៣៦៦នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន២៦នាក់ និងឆ្លងក្នុងសហគមន៍៣៤០នាក់។ ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៥០៧នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣១ ៧៣៨នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១២៥ ៥៣៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៣៨នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់១០ ៣១០នាក់៕