ស្ត្រីថ្ងៃសុក្រ ខកចិត្ត​ចំពោះ​ស្ថានទូត​ម៉ាឡេស៊ី​ដែល​មិន​ចេញ​មក​ទទួល​ញត្តិ​​របស់​ពួកគេ

ក្រុមស្ត្រីថ្ងៃសុក្រ នាំគ្នាយកញត្តិមកដាក់នៅស្ថានទូតម៉ាឡេស៊ី ដើម្បីសុំកិច្ចអន្តរាគមន៍ពីស្ថានទូតជំរុញទៅរដ្ឋាភិបាលដោះលែងស្វាមីនិងសាច់ញាតិដែលជាអតីតសកម្មជនបក្សប្រឆាំង ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រុមស្ត្រីថ្ងៃសុក្រ បង្ហាញ​ការ​ខក​ចិត្តចំពោះ​ស្ថាន​ទូតម៉ាឡេស៊ី​ដែល​មិន​បាន​ឱ្យ​តំណាង​ចេញ​មក​ទទួល​ញត្តិ​របស់​ពួក​គេ ខណៈ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​រក​កិច្ចអន្តរាគមន៍ ដើម្បីស្នើសុំឱ្យស្ថានទូត​នេះជួយ​ជំរុញទៅរដ្ឋាភិបាលកម្ពុជា​ដោះលែងស្វាមីពួកគេនិងអ្នកផ្សេងទៀត​ឱ្យមានសេរីភាពវិញ។

​ភរិយា​​​លោក កាក់ កុម្ភា​ សកម្មជន​​បក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ អ្នកស្រី ព្រំ ចាន់​ថា បាន​ប្រាប់អ្នកសារព័ត៌មាននៅមុខស្ថានទូតម៉ាឡេស៊ី​ថា ពួកគាត់​មាន​ការ​ខក​ចិត្ត ដែល​ស្ថាន​ទូត​មិន​ឱ្យតំណាងណា​ម្នាក់ចេញមកទទួលយកញតិ្តពួកគាត់។ អ្នកស្រីចាត់​ទុក​ការ​មិនចេញ​មក​ទទួលញត្តិពីសំណាក់ស្ថានទូតម៉ាឡេស៊ីនេះ ថាជាការ​​រើសអើងមួយ​ ខណៈ​ស្ថាន​ទូតផ្សេងៗ​ដែល​ពួកគាត់បានដាក់ញត្តិ​ តែងតែមានតំណាងចេញមកទទួល ឬមួយឱ្យពួកគាត់ចូលជួបមន្ត្រីនៅក្នុងស្ថានទូតតែម្ដង។

អ្នកស្រីថា៖ «ពួកគាត់មិនទាន់ទទួលយកញត្តិរបស់ពួកខ្ញុំទេ ឱ្យខ្ញុំដាក់នៅសន្តិសុខ បន្ទាប់មកសន្តិសុខអត់ទទួល​ទៀត​ គាត់ឱ្យខ្ញុំដាក់ចោល គេនឹងហើយ។ សួរ​ថា ខ្ញុំមានទំនុកចិត្តត្រង់ណា? ខ្ញុំមកនេះចង់បានទំនុកចិត្តរបស់ស្ថាន​ទូត ​​ខ្ញុំបានដាក់ពាក្យមកមុនហើយ គាត់ថា​គេអត់ឆ្លើយតបមកដែរ ចុះស្ថានទូតដទៃគាត់អត់ដែលនិយាយអ៊ីចឹងផង ពេលខ្ញុំទៅ ដឹងតែចេញ​ស្វាគមន៍ខ្ញុំ»។

អ្នកស្រីបន្តថា៖ «គេបានរំលាយគណបក្សពួកខ្ញុំទៅហើយ ក៏​ប៉ុន្តែប្ដីខ្ញុំនៅតែជាប់គុកដោយឥតកំហុស ហើយ​ខ្ញុំចង់មករកស្ថានទូតដែលជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង ហើយ​ពួកគាត់នឹងមានជំនួបក្នុងអាស៊ាននាពេលឆាប់ៗនេះ។ ​អ៊ីចឹងខ្ញុំចង់ឱ្យគាត់ដឹងឮរឿងប្រទេសកម្ពុជា រំលោភសិទ្ធិមនុស្ស ​មិនមាននីតិរដ្ឋ​ត្រឹមត្រូវអ៊ីចឹង នៅក្នុងជំនួបហ្នឹង ឱ្យគាត់ធ្វើ​យ៉ាង​ម៉េចក៏ដោយ ជួយជំរុញទៅរដ្ឋាភិបាល​ដោះលែងក្រុមគ្រួសារពួកខ្ញុំ និងគោរពសិទ្ធិមនុស្សជាថ្មីវិញ»។

វីអូឌី មិនអាចសុំការ​បញ្ជាក់ជុំវិញករណីនេះពីតំណាងស្ថានទូតម៉ាឡេស៊ីប្រចាំនៅ​កម្ពុជាបាន​ទេ នៅថ្ងៃសុក្រនេះ។

ប្រធាន​សមាគមការពារសិទ្ធិមនុស្សអាដហុក ​លោក នី សុខា សម្ដែងការសោកស្ដាយចំពោះស្ថានទូត​ម៉ាឡេស៊ី​ដែលមិនទទួលយកញត្តិរបស់ពលរដ្ឋ។ លោកថា ករណីនេះបង្ហាញឱ្យ​ឃើញ​​ពីការ​​មិន​យកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ខណៈម៉ាឡេស៊ីក៏ជាម្ចាស់​ហត្ថលេខី​​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរនោះ។

លោកថា៖ «ដូច្នោះ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាម​គាត់ប្រទេសភាគីហត្ថលេខីមួយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គាត់​ត្រូ​វតែបង្ហាញការយកចិត្តទុកដាក់ ​និងការតាមដានចំពោះការអនុវត្តរបស់រដ្ឋាភិបាល​ ដើម្បី​ឱ្យដឹងថារដ្ឋាភិបាលកម្ពុជាមានការអនុវត្តឆ្លើយតបកម្រិតប៉ុនណាទៅនឹងកម្រិតស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ គាត់ក៏មានតួនាទីក្នុងការជួយ​តម្រង់​​ ​និងផ្ដល់យោបល់ទៅដល់រដ្ឋាភិបាលអំពីបញ្ហានៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផង»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការរកកិច្ចអន្តរាគមន៍​ពី​ស្ថាន​ទូត​​នានា​នៅ​កម្ពុជារបស់​ក្រុមស្ត្រីថ្ងៃសុក្រ​នេះ មិនអាចជួយអ្វីបានឡើយ។

លោកថា៖ «គោលការណ៍ច្បាប់ បញ្ហាតុលាការ​ត្រូវដោះស្រាយតាមនីតិវិធីតុលាការ គ្មានស្ថាប័ន​អន្តរជាតិនិង​អង្គទូតណា​អាចជ្រៀតជ្រែក​​កិច្ចការផ្ទៃក្នុងតុលាការ​ដែលជាស្ថាប័នឯករាជ្យនៃរដ្ឋ​​ធិបតេយ្យមួយបានទេ»។

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ត្រូវបានចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ ចោទប្រកាន់​ពី​បទ «ញុះញង់ និងរួមគំនិតក្បត់» កាលពីអំឡុងឆ្នាំ២០២០ ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់​របស់​លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ