កូដករណាហ្គាវើលដ៍ប្រមាណ៥០នាក់ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីគាំទ្រសហការីរបស់ពួកគេ២នាក់ដែលត្រូវចូលបំភ្លឺនៅតុលាការនាព្រឹកថ្ងៃសុក្រនេះ ក្រោមចោទថា «រារាំងការអនុវត្តវិធានការការពារជំងឺកូវីដ-១៩»។
កូដករម្នាក់ដែលបានទៅមុខសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី សោម ចាន់លក្ខិណា ប្រាប់វីអូឌីថា ពួកគាត់នាំគ្នាទៅធ្វើជាសាក្សីនិងគាំទ្រដល់សហការីទាំង២នាក់ដែលត្រូវបំភ្លឺ។ អ្នកស្រីបន្តថា ការសម្រេចទៅប្រមូលផ្ដុំមុខសាលាដំបូង ដោយយល់ថា ការចោទប្រកាន់លើពួកគាត់ជារឿងអយុត្តិធម៌ ហើយពួកគាត់ក៏ចង់ឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ថ្នាក់ដឹកនាំ១១នាក់និងសហការី៤នាក់ដែលត្រូវបានចោទពីបទ «រារាំងការអនុវត្តវិធានការការពារជំងឺកូវីដ-១៩។
អ្នកស្រីថា៖ «បើតាមព័ត៌មានពួកខ្ញុំទទួលបានពីគាត់ហ្នឹង គឺខាងពួកខ្ញុំស្នើសុំនៅក្រៅឃុំ ហើយសម្រេចបទចោទផ្សេងៗហ្នឹង ខាងមេធាវីជាអ្នករៀបចំ។ ពួកខ្ញុំទៅ ព្រោះមិនមែនដូចអ្វីដែលគេបានចោទអ៊ីចឹង។ គេចោទមកថា ពួកគាត់ជាអ្នកញុះញង់បង្អាក់ការធ្វើតេស្ត តែតាមពិតមិនមែនអ៊ីចឹងទេ ទើបពួកខ្ញុំទៅគាំទ្រ សាក្សីមានពិត គឺពួកខ្ញុំជាអ្នកដែលបានទៅធ្វើតេស្តហើយ។ អ៊ីចឹងអត់មានជាកំហុសណាមួយដែលត្រូវចោទទៅលើពួកគាត់អ៊ីចឹងទេ។ ពួកខ្ញុំចង់សបញ្ជក់ឱ្យខាងតុលាការឃើញ ដើម្បីឱ្យតុលាការដកការដាក់បន្ទុកវិញ»។
បើតាមអ្នកស្រី សោម ចាន់លក្ខិណា កូដករទាំង២នាក់ដែលចូលបំភ្លឺនាថ្ងៃនេះ តុលាការមិនបានឃុំខ្លួនពួកគាត់ទេ ប៉ុន្តែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា វិធានការនេះជាការគំរាមកំហែងនិងបង្អាក់ក្រុមកូដករមិនឱ្យធ្វើកូដកម្មបន្តទៀត។
លោកថា៖ «ខ្ញុំគិតថា នេះវាជាសម្ពាធឬជាការគំរាមកំហែងបំភិតបំភិយមួយទៀតទៅលើក្រុមកូដករណាហ្គាវើលដ៍ ដែលគាត់ធ្វើកូដកម្មកន្លងមក ជាពិសេសគឺយើងឃើញការដែលយកគាត់ទៅធ្វើសំណាកហើយ និងឱ្យធ្វើចត្តាឡីស័កមណ្ឌលព្រែកព្នៅជាដើមហ្នឹង។ បើយើងមើលពីទិដ្ឋភាព គឺជាគោលបំណងក្នុងបង្អាក់ក្នុងការធ្វើកូដកម្មរបស់ពួកគាត់»។
យ៉ាងណាក៏ដោយ ការទៅប្រមូលផ្ដុំរបស់ក្រុមកូដករណាហ្គាវើលដ៍នាថ្ងៃនេះ ក៏មានប៉ូលិសនិងកម្លាំងសន្តិសុខជាច្រើននាក់ត្រូវបានដាក់ពង្រាយដើម្បីឃ្លាំមើល ខណៈកូដករដែលឈរចាំគាំទ្រនៅខាងក្រៅតុលាការភាគច្រើនបានកាន់បដាដែលសរសេរថា «ខ្ញុំមកក្នុងនាមជាសាក្សី»។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិលជាតិ ទាមទារទៅអាជ្ញាធរឱ្យបញ្ឈប់ជាបន្ទាន់រាល់ការបៀតបៀន ការប្រើអំពើហិង្សា រួមទាំងការអនុវត្តវិធានការកូវីដ-១៩មិនត្រឹមត្រូវមួយចំនួនទៀត ឆ្លើយតបទៅនឹងកូដករណាហ្គាវើលដ៍ ដោយសម្អាងថា ទង្វើនេះជាការរំលោភសិទ្ធិស្ត្រី និងសិទ្ធិជួបជុំ ដែលការពារដោយរដ្ឋធម្មនុញ្ញ។
បើតាមសេចក្ដីថ្លែងការណ៍រួមដដែល ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២២ កូដករសរុប១៥៤នាក់ ក្នុងនោះ ស្ត្រីមាន១២៥នាក់ ត្រូវបានចាប់បញ្ជូនទាំងបង្ខំទៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ បន្ទាប់ពួកគេបាននាំគ្នាចេញធ្វើកូដកម្មបន្តទៀត ដើម្បីទាមទាមឱ្យដោះលែងតំណាង១១នាក់ និងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍៕












