ក្រុមសហជីព និងសមាគម ដែលអះអាងថាតំណាងឱ្យកម្មករជាសមាជិកប្រមាណ១៤២ ៥០០នាក់ ស្នើដល់រដ្ឋាភិបាលជួយធានាដល់ការការពារនិងលើកម្ពស់សិទ្ធិក្នុងវិស័យការងារឱ្យកាន់តែប្រសើរ ក្រោយពួកគេរកឃើញថា វិស័យនេះមានការធ្លាក់ចុះ។
តំណាងសហជីព និងសមាគមចំនួន១៨ រួមមាន សហភាពការងារកម្ពុជា, សហភាពចលនាកម្មករកម្ពុជា, សមាគម Idea និងសហជីពផ្សេងៗទៀត នៅថ្ងៃសុក្រនេះ បាននាំគ្នាដាក់ញត្តិនៅក្រសួងការងារ រដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងកិច្ចការនារី ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយបញ្ហាប្រឈមរបស់កម្មករនាពេលបច្ចុប្បន្ននេះ។
ក្នុងញត្តិបានលើកឡើងថា បច្ចុប្បន្ន ការអនុវត្តសិទ្ធិសេរីភាពសហជីពឬសមាគម និងសិទ្ធិក្នុងការចរចាជាសមូហភាពនៅក្នុងវិស័យការងារ កំពុងមានការធ្លាក់ចុះជាខ្លាំងចាប់តាំងពីផ្ទុះឡើងនូវជំងឺកូវីដ-១៩។
ញត្តិដដែលនេះបានទាមទារឱ្យមានការផ្ដល់សច្ចាប័នលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ(ILO) ចំនួន៤ ដូចជា អនុសញ្ញាលេខ១៩០ លេខ១៨៩ លេខ១៨៣ និងលេខ១៤៤ ដែលធានាដល់ការលុបបំបាត់អំពើហិង្សា ការបៀតបៀន នៅក្នុងពិភពការងារដែលគ្របដណ្ដប់ដល់កម្មករគ្រប់ប្រភេទ និងគ្រប់វិស័យ។
ក្រុមសហជីពទាំងនេះក៏ទាមទារឱ្យដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់ និងទម្លាក់បទចោទប្រកាន់ទាំងទ្បាយទៅលើពួកគេ រួមទាំងទទួលកម្មករទាំងនោះចូលធ្វើការងារវិញ ជាដើម។
ញត្តិនេះក៏ស្នើដល់រដ្ឋាភិបាលឱ្យជំរុញទៅនិយោជកដកពាក្យបណ្ដឹងទាំងអស់ដែលប្រឆាំងថ្នាក់ដឹកនាំសហជីពនិងកម្មករ ដោយសារតែពួកគាត់អនុវត្តសិទ្ធិស្របច្បាប់ក្នុងការតវ៉ាកន្លងមកផងដែរ។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ដែលជាសមាជិកក្នុងការដាក់ញត្តិនេះ មានប្រសាសន៍ថា មន្ត្រីរបស់ស្ថាប័នរដ្ឋទាំង៤ បានទទួលញត្តិពីក្រុមសហជីព ប៉ុន្តែមិនបានសន្យាអ្វីនោះទេ។
លោកបន្តថា បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះពុំសូវមានការតវ៉ានិងការធ្វើកូដកម្មរបស់កម្មករនិយោជិត ប៉ុន្តែការកៀបសង្កត់និងការកេងប្រវ័ញ្ចលើកម្មករពីសំណាក់ថៅកែនៅតែបន្តកើតមានដដែល។ លើសពីនេះ លោកថា វិធានការនិងការអនុវត្តច្បាប់របស់អាជ្ញាធរទៅលើកម្មករនិងថៅកែហាក់មានស្ដង់ដារពីរ ដែលតែងតែផ្ដល់ភាពអយុត្តិធម៌ចំពោះកម្មករ ជាពិសេសការអនុវត្តទៅលើក្រុមកូដករណាហ្គាវើលដ៍នាពេលថ្មីៗនេះ។
លោកបន្ថែមថា៖ «ព្រោះកន្លងមក រឿងកម្មករឬសហជីពធ្វើការតវ៉ាហ្នឹង ដោយទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់ ប៉ុន្តែទីបំផុតថៅកែនិងអាជ្ញាធរបានបង្កើតរឿងដែលកំពុងតវ៉ាហ្នឹងក្លាយទៅជាបទល្មើសព្រហ្មទណ្ឌថ្មីមួយទៀតសម្រាប់កម្មករ។ ចំពោះនិយោជកវិញ ទោះធ្វើខុសយ៉ាងណាក៏ដោយ គឺអាជ្ញាធរហ្នឹងមិនដែលចាប់មកអនុវត្តទោសទេ ប៉ុន្តែបើភាគីកម្មករវិញ បើមិនជាប់គុកក៏រងពាក្យបណ្ដឹងដែរ»។
អតីតកម្មកររោងចក្រ W&D អ្នកស្រី ជា សុខា និយាយថា អ្នកស្រីត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ដោយសារតែអ្នកស្រីសកម្មក្នុងការទាមទារផលប្រយោជន៍កម្មករ និងការកៀបសង្កត់ផ្សេងៗពីថៅកែ។
អ្នកស្រីបន្ថែមថា៖ «ជាពិសេសអ្នកគ្រប់គ្រងនៅក្នុងរោងចក្រហ្នឹងផ្ទាល់ គឺគាត់បង្កលក្ខណៈកៀបសង្កត់ខ្លាំងណាស់។ កៀបសង្កត់ដូចថា ដូចធ្វើការស្ទើររកពេលទៅបន្ទប់ទឹកមិនបាន។ បង្ខំឱ្យធ្វើយើងធ្វើការ ពេលយើងតវ៉ា រកវិធីបញ្ឈប់យើងចោល»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួងការងារបានខិតខំធ្វើកិច្ចការងារជាច្រើន ដោយបានរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយន្តការនានា ដើម្បីជំរុញឱ្យមានការអនុវត្តបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការការពារសិទ្ធិរបស់កម្មករ។
យ៉ាងណា លោកថា វិវាទការងារមួយចំនួនដែលបានអូសបន្លាយយូរ ដោយសារតែភាគីពាក់ព័ន្ធមិនព្រមអនុវត្តតាមនីតិវិធីចុងក្រោយក្នុងការដោះស្រាយបញ្ចប់វិវាទនោះ។
លោកបន្ថែមថា៖ «យើងការពារនិងគាំទ្រជានិច្ច ដែលជាហេតុធ្វើឱ្យចំនួនករណីទំនាស់មានការថយចុះ។ ប៉ុន្តែយើងក៏ឃើញមានទំនាស់មួយចំនួនមានរយៈពេលយូរ ដោយសារភាគីពាក់ព័ន្ធមិនបានអនុវត្តតាមនីតិវិធីចុងក្រោយក្នុងការដោះស្រាយវិវាទការងារ គឺការប្ដឹងទៅតុលាការដើម្បីបញ្ចប់វិវាទ»។
កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាង៥០ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយទាមទារទៅអាជ្ញាធរឱ្យបញ្ឈប់ជាបន្ទាន់រាល់ការបៀតបៀន ការប្រើអំពើហិង្សា រួមទាំងការអនុវត្តវិធានការកូវីដ-១៩មិនត្រឹមត្រូវមួយចំនួនទៀត ឆ្លើយតបទៅនឹងកូដករណាហ្គាវើលដ៍ ដោយអង្គការទាំងនោះចាត់ទង្វើនេះថាជាការរំលោភសិទ្ធិស្ត្រីនិងសិទ្ធិជួបជុំដែលការពារដោយរដ្ឋធម្មនុញ្ញ។
សេចក្ដីថ្លែងការណ៍រួមនោះលើកឡើងថា មួយរយៈមកនេះ កូដករណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី បានរងនូវអំពើហិង្សា ការបៀតបៀនផ្លូវភេទ រួមទាំងការប្រើវិធានសុខាភិបាលមិនត្រឹមត្រូវពីសំណាក់អាជ្ញាធរដែលចុះទប់ស្កាត់ការធ្វើកូដកម្មអហិង្សា។ ពួកគេចាត់ទុកទង្វើរបស់អាជ្ញាធរថា បានអនុវត្តផ្ទុយទៅនឹងអនុវត្តអនុសញ្ញា ស៊ី-ដ ដែលតម្រូវឱ្យរដ្ឋជាសមាជិកធានាពេញលេញនូវសិទិ្ធសេរីភាពជួបជុំ ការបញ្ចេញមតិ គ្មានការរំលោភបំពាន និងតាមដានត្រួតពិនិត្យ ឬចាប់ពិរុទ្ធ៕