សហជីព​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ទៅ​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម

ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង កាលពីពេលកន្លងទៅ។

សហជីពមួយចំនួនទាមទារឱ្យរដ្ឋាភិបាលផ្ដល់សេវាគាំពារដល់ស្ត្រីដែលធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់ទទួលបានសេវាសង្គម មានភាពកក់ក្ដៅក្នុងការចិញ្ចឹមជីវិត ដូចបុគ្គលទូទៅដែលធ្វើការមានស្ថាប័នផងដែរ។

ការលើកឡើងនេះធ្វើឡើងក្នុងសិក្ខាសាលាមួយស្ដីពី «បញ្ហាប្រឈមចម្បងៗ និងដំណោះស្រាយ ដើម្បីទទួលបានការងារសមរម្យសម្រាប់កម្មករជាស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាថ្ងៃទី៤ ខែមីនានេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវបានពិភាក្សាគឺក្ដោបយក៣វិស័យ រួមមាន វិស័យសំណង់ អ្នកធ្វើការតាមផ្ទះ និងសេវាកម្សាន្ត ជាដើម។

អ្នកស្រីបន្តថា កម្មករក្នុងវិស័យទាំង៣ ជួបប្រទះនូវភាពលំបាកខុសៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នា គឺពួកគាត់មិនត្រូវបានសង្គមគាំពារផ្នែកសុខភាព និងមិនត្រូវបានចុះបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នោះទេ ហើយពេលមានបញ្ហាសុខភាព ពួកគាត់ងាយនឹងរងគ្រោះ មានភាពឯកោ។

អ្នកស្រី ទេពផល្លីន ថា៖ «ជំរុញ​ឱ្យរាជរដ្ឋាភិបាលហ្នឹងដាក់បញ្ចូលបងប្អូនកម្មករនិយោជិតទាំងអស់ហ្នឹងនៅក្នុងប្រព័ន្ធគាំពារសង្គម ឬក៏ ប.ស.ស ឬក៏ប្រព័ន្ធជំនួយសង្គមហ្នឹង ក្នុងការគាំទ្រពួកគាត់ ព្រោះដូចបងប្អូនកម្មករគាត់លើកឡើងថា នៅពេលដែលគាត់អត់ទាន់បានចុះបញ្ជីនៅ ប.ស.ស ពេលមានគ្រោះថ្នាក់អីកើតឡើង គាត់ចាយលុយខ្លួនឯងទៅព្យាបាល។ ហើយដល់ពេលគាត់ព្យាបាលចប់ហើយ និយោជកហ្នឹងអត់ចាំគាត់ទេ គឺគេរកកម្មករថ្មីមកជំនួសគាត់បាត់ហើយ។ អ៊ីចឹងការងារក៏បាត់ ចាយលុយក៏អស់»។

អ្នកស្រីថា បើរដ្ឋាភិបាលមិនដោះស្រាយផ្ដល់សេវាគាំពារសង្គមដល់ស្ត្រីដែលធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នោះភាពអយុត្តិធម៌សង្គមនៅតែកើតឡើង ហើយគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែកើនឡើង រីឯអ្នករងគ្រោះកាន់តែរងគ្រោះបន្តទៀត ហើយ​រដ្ឋាភិបាលនឹងបរាជ័យនូវការសន្យាដែលតែងលើកឡើងថា «មិនមាននរណាម្នាក់ត្រូវបានទុកចោល» ពីប្រព័ន្ធគាំពារសង្គម។

ស្ត្រីប្រកបរបរជាអ្នកបម្រើការតាមផ្ទះ វ័យជាង៥០ឆ្នាំ អ្នកស្រី អ៊ិន សុភាព ប្រាប់ថា ក្នុងអាជីពរបស់គាត់ គាត់ត្រូវប្រឈមនឹងការប្រយ័ត្នប្រយែងខ្ពស់លើផ្នែកផ្លូវកាយ សេដ្ឋកិច្ច និងផ្នែកសតិអារម្មណ៍ ជាដើម។

អ្នកស្រីថា៖ «[ក្រោយចូលរួមសិក្ខាសាលា] ពេលយើងទៅធ្វើការវិញ យើងអាចមានសិទ្ធិតវ៉ាជាមួយចៅហ្វាយនាយ ពេលគាត់រំលោភបំពាន [សិទ្ធិ] យើងមានសិទ្ធិតវ៉ាជាមួយគាត់ មានសិទ្ធិពិភាក្សា សុំយោបល់ ដូចថាយើងជាកម្មករអនាម័យតាមផ្ទះ យើងក៏មានសិទ្ធិជាមនុស្សអ៊ីចឹងដែរ។ ពីមុន មីងខ្លាចគេណាស់ អត់សូវហ៊ានតវ៉ាទេ ​គេឱ្យធ្វើអីធ្វើហ្នឹង ខ្លាចការសម្លុតរបស់គេ និយាយរួម ខ្លាចអ្នកមានហ្នឹងហ្មង»។

អ្នកស្រីស្នើបន្ថែមថា៖ «មានអារម្មណ៍ថាពិបាក មានអារម្មណ៍ថាអត់អីជាទីពឹង! ចង់ឱ្យរដ្ឋាភិបាលធ្វើមណ្ឌលមនុស្សចាស់សម្រាប់ជួយមនុស្សចាស់ដែលទុរគត គ្មានទីពឹង គ្មានកូនចៅ តែល​តោលម្នាក់ឯង។ អ៊ីចឹងខ្ញុំចង់បានមានកន្លែងស្នាក់នៅ មានរបបហូបចុកមធ្យម ចង់បានសំខាន់តែអ៊ីចឹង»។

ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម បេឡាជាតិរបបសន្តិសុខសង្គម ​(ប.ស.ស) នៃក្រសួងការងារ លោក សុខ បូរ៉ា មានប្រសាសន៍ថា បន្ទាប់ពីចូលរួមស្ដាប់សិក្ខាសាលានេះ លោកបានកត់សម្គាល់ពីក្ដីបារម្ភ និងបញ្ហាប្រឈមដែលកម្មករនិយោជិតក្រៅប្រព័ន្ធជួបប្រទះ។

លោកថា រដ្ឋាភិបាលមានគោលការណ៍រៀបចំតាក់តែងបែបបទ ដើម្បីកំណត់ពីវិសាលភាពនៃការផ្ដល់ ប.ស.ស ដល់ស្ត្រីប្រកបការងារក្រៅប្រព័ន្ធ ដូចជា អ្នកលក់ដូរតាមផ្លូវ ជាដើម តាមបរិបទជាក់ស្ដែង។

លោកថា៖ «អ្នកដែលធ្វើការនៅក្នុងផ្នែកសេវា គឺធម្មតាកន្លែងសេវា គឺសហគ្រាសហើយ ក្រុមហ៊ុនមួយមានឈ្មោះហើយ ដូចខារ៉ាអូខេអ៊ីចឹង សុទ្ធតែមានឈ្មោះ អាហ្នឹងប្រាប់ឈ្មោះកន្លែងធ្វើការគាត់មក ដើម្បីយើងបង្ខំឱ្យក្រុមហ៊ុនហ្នឹងចុះបញ្ជីឱ្យធ្វើទៅតាមច្បាប់។ ដល់ពេលគាត់ចុះបញ្ជីទៅ គាត់មិនមែនជាមនុស្ស​នៅ​ក្រៅប្រព័ន្ធ គាត់នៅក្នុងប្រព័ន្ធវិញហើយ»។

ចំណែកអនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ លោក យី កន្និដ្ឋា ដែលចូល​រួម​ក្នុងសិក្ខាសាលានោះដែរ បាន​កត់សម្គាល់ថា នៅកន្លែងការងារផ្នែកសេវាកម្សាន្ត និយោជកមួយចំនួនហាក់ខ្វះការចូលរួមពាក់ព័ន្ធការផ្ដល់ ប.ស.ស ដល់កម្មករជាដើម ខណៈក្រសួងការងារបានផ្សព្វផ្សាយថា ស្ត្រីដែលធ្វើការផ្នែកសេវាកម្សាន្ត គឺមានសិទ្ធិដូចកម្មករដទៃទៀតដែរ ដែលមានចែងក្នុងច្បាប់ស្តីពីការងារ។

លោកថា៖ «បងប្អូនកម្មករ គាត់មិនបានយល់ពីសិទ្ធិរបស់គាត់ បើសិនជាគាត់ធ្វើការកន្លែងហ្នឹង ហើយគាត់មានចុះឈ្មោះ ចុះបញ្ជិកាត្រឹមត្រូវ នោះគាត់នឹងទទួលបានសិទ្ធិរបស់គាត់ស្មើនឹងបងប្អូនដទៃទៀតដែរ។ ប៉ុន្តែអ្វីដែលគាត់បោះបង់ចោលសិទ្ធិរបស់គាត់ បានន័យថា គាត់សុខចិត្តទៅធ្វើការយក [តម្លៃគិតជា] ម៉ោង យក [តម្លៃឈ្នួលការងារគិតជា] ថ្ងៃអីហ្នឹង ដែលជាបញ្ហា ដែលធ្វើឱ្យយើងបាត់បង់នូវអត្តសញ្ញាណ [របស់គាត់] ហើយយើងមិនអាចជួយគាត់បាននៅកន្លែងធ្វើការ ដោយសារតែមិនមានបញ្ជិកាច្បាស់លាស់»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ចង់ឱ្យរដ្ឋាភិបាល​ពន្លឿនការផ្ដល់បណ្ណ ប.ស.ស ដល់ស្ត្រីដែលធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានឆាប់ ជាពិសេសក្នុងស្ថានភាពកូវីដ-១៩​ ដែលពួកគាត់ត្រូវការសេវាសុខភាពជាចាំបាច់។

លោកថា សហជីពកំពុងសហការជាមួយក្រសួងការងារ ក្រសួងកិច្ចការនារី ប.ស.ស និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញ​ឱ្យមានសេវាគាំពារសុខភាពដល់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកថា៖ «ធ្វើយ៉ាងណាជំរុញឱ្យអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម [សម្រាប់បុគ្គលដែលប្រកបរបរមិនស្ថិតក្រោមស្ថាប័ន] ដែលយើងនឹងទទួលបាន អាហ្នឹងហើយជាអ្វីដែលយើងធ្វើ។ យើងនឹងរៀបចំវេទិកាផ្សេងៗ ធ្វើកិច្ចសន្ទនាសង្គមជាមួយភាគីដែលពាក់ព័ន្ធ ដើម្បីការពារប្រយោជន៍ទៅដល់កម្មករយើងទាំងអស់គ្នា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ