រដ្ឋាភិបាលកម្ពុជាបានប្រាប់ពន្យល់ហេតុផលទៅកាន់ភាគីចិន ជុំវិញការសម្រេចចិត្តបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ អ.ស.ប ដោយថ្កោទោសរុស្ស៊ី ដែលបានលើកទ័ពឈ្លានពានទឹកដីអ៊ុយក្រែន ខណៈចិនបានបោះឆ្នោតអនុប្បវាទ។
ក្នុងសេចក្ដីប្រកាស ស្ដីពី ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ជាមួយលោកស្រី យ៉ាង យ៉ាន់យី តំណាងពិសេសរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់ទៅភាគីចិនអំពីហេតុផលដែលកម្ពុជាសម្រេចចិត្តចូលរួមជាមួយប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសចិន ឡាវ និងវៀតណាម បានបានបោះឆ្នោតអនុប្បវាទ។ ប៉ុន្តែយ៉ាងណា សេចក្ដីប្រកាសនេះ មិនបានចែងអំពី ថាតើ កម្ពុជាបានពន្យល់ហេតុផលអ្វីខ្លះ ទៅកាន់ភាគីចិនឡើយ។
វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ជុំ សុន្ទរី បានទេ នៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកការប្រាប់ហេតុផលទៅភាគីចិននេះ គឺជារឿងធម្មតាទេ ខណៈកម្ពុជានឹងចិនជាមិត្តនឹងគ្នានោះ។
លោកថា៖ «កម្ពុជានិងចិនទំនាក់ទំនងគ្នាតើ វាអត់មានអីត្រូវលាក់លៀមគ្នាទៅនឹងជំហរនេះទេ ពីព្រោះជំហររបស់យើង គឺខ្វែងនឹងជំហរភាគីចិន យើងក៏ពន្យល់ប្រាប់»។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់ប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា យល់ថា ការសម្រេចចិត្តរបស់កម្ពុជា ដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅលើឆាកអន្តរជាតិ ប៉ុន្តែក៏មិនបោះបង់ចិនដែលកម្ពុជាចាត់ទុកថា ជាដៃគូ និងមានទំនាក់ទំនងល្អនឹងគ្នានោះទេ។
លោកថា៖ «ការពារផលប្រយោជន៍របស់ខ្លួននូវការគាំទ្រសម្រេចរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសរឿងឈ្លានពានរបស់រុស្ស៊ីហ្នឹង ក៏ប៉ុន្តែឆ្លៀតពេលហ្នឹង កម្ពុជាចង់បង្ហាញថា ទោះបីជាខ្លួនការពារទង្វើនៃការឈ្លានពានមហាអំណាចណាមួយទៅបណ្ដាប្រទេសណាមួយក៏កម្ពុជានៅតែឱ្យតម្លៃខ្លាំងសម្ព័ន្ធមិត្តចាស់របស់ខ្លួន ជាពិសេសសម្ព័ន្ធមិត្ត ធ្វើយ៉ាងម៉េច គេហៅចាប់យកទាំងលោកខាងលិចផង និងចាប់យកចិនរក្សាសម្ព័ន្ធមិត្តប្រពៃណីផងដែរ»។
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ កម្ពុជាក្នុងចំណោមប្រទេសចំនួន១៤១បានបោះឆ្នោត លើសេចក្តីសម្រេចមួយដោយថ្កោលទោសទៅលើប្រទេសរុស្ស៊ី និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែនវិញ ខណៈប្រទេសចំនួន៣៥ ផ្សេងទៀត ដែលក្នុងនោះរួមមាន ប្រទេសចិន ឡាវ និងវៀតណាមផងដែរ បានបោះឆ្នោតអនុប្បវាទ។ ចំណែកប្រទេសកុម្មុយនីស្តកូរ៉េខាងជើង បែលឡារុស អេរីត្រេ រុស្ស៊ី និងប្រទេសស៊ីរី បានបោះឆ្នោតប្រឆាំង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៣ ខែមីនានេះបានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលបោះឆ្នោតគាំទ្រថ្កោលទោសនេះទេ កម្ពុជាក៏បានសម្រេចចិត្តចូលរួមជាមួយប្រទេសសហស្ថាបនិក co-sponsor នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែននេះថែមទៀត។ សេចក្តីថ្លែងការណ៍បន្តថា នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
កម្ពុជាមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយថា កម្ពុជាបានរក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត៕












