កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន អំពាវនាវឱ្យភាគីពាក់ព័ន្ធពិចារណាលើការកំណត់ថ្ងៃប្រជុំអាស៊ាន-អាមេរិកឡើងវិញ ដោយសម្អាងថា ពេលនេះមានសមាជិកមួយចំនួនជាប់រវល់ មិនអាចទៅចូលរួមប្រជុំកំពូលនេះ តាមកាលកំណត់របស់សហរដ្ឋអាមេរិកបាន។
កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២២ ។
ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទនេះ បានលើកឡើងថា ប្រទេសជាសមាជិកអាស៊ានចំនួន៣ទៅ៤ប្រទេស ជាប់រវល់ មិនមានពេលទៅប្រជុំនៅថ្ងៃនោះបានទេ តែពួកគេចង់ឱ្យកិច្ចប្រជុំនេះធ្វើនៅថ្ងៃទី២៦ និង២៧ ខែមីនា ឆ្នាំ២០២២វិញ។
លោកថា៖ «ប៉ុន្តែសង្ឃឹមថា អាស៊ានជាមួយនឹងអាមេរិកនឹងរកនូវពេលវេលាសមស្របសម្រុះសម្រួលគ្នានៅខែនេះ សម្រាប់ប្រធានអាស៊ានពេលណាក៏បាន យើងអាចសម្រួលបាន»។
មេដឹកនាំកម្ពុជាបញ្ជាក់ថា សម្រាប់កម្ពុជាជាប្រធានអាស៊ានប្ដូរវេន មិនជំទាស់ទៅនឹងផ្លាស់ប្ដូរពេលវេលានៃកិច្ចប្រជុំនេះទេ លើកលែងតែចាប់ពីពាក់កណ្ដាលខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ ដោយសារកម្ពុជាជាប់រវល់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៕












