អគ្គនាយកដ្ឋានពន្ធដារ ត្រៀមដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ចំពោះក្រុមហ៊ុនសង់បុរីឬផ្ទះល្វែងត្រូវបង់ពន្ធជូនរដ្ឋ បើពុំដូច្នោះ មិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបន្តបានឡើយ។
ក្នុងសិក្ខាសាលាស្ដីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានថ្លែងថា ក្រុមហ៊ុនសង់បុរីឬផ្ទះល្វែងមួយចំនួនបានមកប្រកាសពន្ធថាធ្វើផ្ទះឬវីឡា ត្រឹមតែ១០០ទេ ប៉ុន្ដែនៅពេលទៅត្រួតពិនិត្យជាក់ស្ដែង គឺធ្វើរហូតដល់១៥០ទៅ២០០ផ្ទះ ដែលធ្វើឱ្យការបង់ពន្ធមិនស្មើភាពគ្នា។
ករណីនេះ លោក គង់ វិបុល បញ្ជាក់ថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ចំពោះក្រុមហ៊ុនសាងសង់បុរីឬផ្ទះល្វែង បើមិនបង់ពន្ធ មិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបន្តបានឡើយ។
លោក គង់ វិបុល មានប្រសាសន៍ថា៖ «យើងខ្ញុំនឹងរៀបចំនូវប្រព័ន្ធគ្រប់គ្រងនៃអចលនទ្រព្យ នៅពេលដែលសហគ្រាសដែលសាងសង់ជាបុរី សហគ្រាសដែលសាងសង់ជាផ្ទះ បើថាអត់បានមកបង់ពន្ធ ហើយអត់មានលេខ Tax QR កូដនោះទេ មានន័យថា មកកាត់ឈ្មោះលក់អត់ចេញទេ»។
លោកមានប្រសាសន៍បន្ថែមថា៖ «ដើម្បីមានភាពស្មើគ្នាទាំងអស់គ្នា យើងខ្ញុំនឹងរៀបចំកម្មវិធីនេះ ដោយមាន QR កូដ រាល់ផ្ទះ-វីឡាមួយៗដែលអភិវឌ្ឍន៍ទៅចេញជាប្រព័ន្ធ ហើយបើថាអ្នកណាមកទិញផ្ទះបុរីហ្នឹង មានលេខហ្នឹងហើយពីម្ចាស់បុរី។ ហើយបើអ្នកណាទិញហើយ អ្នកណាទិញដោយគ្មាន QR កូដនេះ មានន័យថា ម្ចាស់បុរីអត់បង់ពន្ធនិងអត់បានចុះបញ្ជី»។
ប្រភពដដែលបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ចំពោះក្រុមហ៊ុនសង់បុរីឬផ្ទះល្វែងនេះ អាចដំណើរការនៅចុងខែមេសា ឬក៏ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕