ប្រជាសហគមន៍​នៅ​ខេត្តពោធិ៍សាត់​ខកចិត្ត​ដែល​អាជ្ញាធរ​មិន​ឱ្យ​រៀបចំ​ទិវាសិទ្ធិនារី

សកម្មភាពសហគមន៍ការពារធនធានធម្មជាតិ ខេត្តពោធិ៍សាត់ ប្រារព្ធកម្មវិធីអបអរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្ហាញការខកចិត្តដែលអាជ្ញាធរស្រុកមិនអនុញ្ញាត​ឱ្យពួកគាត់​រៀបចំ​​ទិវាសិទ្ធិនារី​ ដើម្បីបង្កើនការយល់ដឹង ដោយអាជ្ញាធរ​សម្អាងហេតុផលថា បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩ ខណៈគណបក្សនយោបាយបន្តជួបជុំបាន ហើយពិធីមង្គលការនិងបុណ្យនៅតែដំណើរការធម្មតា។

តំណាង​សហគមន៍​ការពារធនធានធម្មជាតិប្រចាំស្រុកក្រគរ លោក គុជ វេង បាន​ប្រាប់​សារព័ត៌​មាន​ វីអូឌី​ ថ្ងៃចន្ទ​នេះ​ថា មូលហេតុដែលពួកគាត់រៀបចំទិវាសិទ្ធិនារីពេលនេះ ដោយចង់លុបបំបាត់​អំពើហិង្សាក្នុងគ្រួសារ ដែលបច្ចុប្បន្នកំពុងកើតឡើងច្រើនលើស្ត្រីនៅក្នុងតំបន់ដែល​គាត់​រស់​​នៅ​។ មួយទៀត លោក​ថា សហគមន៍​ចង់ឱ្យបុរស​មានកា​រយល់ដឹងកើនឡើង និងឱ្យតម្លៃលើស្ត្រី។​

លោក គុជ វេង តំណាង​សហគមន៍​ការពារធនធានធម្មជាតិប្រចាំស្រុកក្រគរ។
លោក គុជ វេង តំណាង​សហគមន៍​ការពារធនធានធម្មជាតិប្រចាំស្រុកក្រគរ។ (ផ្ដល់ឱ្យ)

លោកនិយាយ​ថា៖ «ពេលស្ត្រីលើកយកបញ្ហាអី​ លើកមកនិយាយអ៊ីចឹងទៅ ​បុរសតែងថា​អ្នក​ឯង​មិន​ដឹងខ្យល់ ​មិន​អីអ៊ីចឹង! បញ្ហាច្រើន​មែន​ទែន ​​អាអំពើហិង្សាក្នុងគ្រួសារ ជាពិសេស​បុរសផ្សេងៗ​ ភាពជាអ្នកដឹកនាំ និយាយទៅសូម្បីតែអាជ្ញាធរមួយចំនួនក៏មិនសូវឱ្យតម្លៃស្ត្រីដែរ ដោយគាត់ថា ស្ត្រីមិនអាចដឹកនាំប្រទេស មិនអាច​ដឹកនាំប្រជាពលរដ្ឋអីបានទេ គិតតែឆ្នាំងបាយបានហើយ»។

លោក គុជ វេង ឱ្យដឹងថា សហគមន៍នេះ​បានដាក់លិខិតទៅមេឃុំក្បាលត្រាច ក្នុងស្រុក​ក្រគរ កាល​ពី​ថ្ងៃទី១​ ខែ​មីនា ដើម្បី​រៀបចំ​ទិវា​នេះ​នៅ​ថ្ងៃទី៦​ ខែ​មីនា ដែល​គ្រោង​មាន​អ្នក​ចូល​រួម​១៥០នាក់។ ប៉ុន្តែ​លោក​ថា អាជ្ញាធរថ្នាក់ឃុំបានសួរដេញដោល​ ហើយរុញបន្តឱ្យទៅសុំដល់អាជ្ញាធរ​ស្រុក ហើយ​​សហគមន៍​ក៏​បានបន្តដាក់លិខិតទៅស្រុក ប៉ុន្តែដល់ថ្ងៃរៀបចំពិធី បែរជាអាជ្ញាធរ​ឃុំប្រាប់​ថាមិនអនុញ្ញាតទេ ព្រោះបារម្ភឆ្លងរាលដាលមេរោគកូវីដ-១៩។​

ប្រជាសហគមន៍ម្នាក់ទៀត លោក ឡោ វី បង្ហាញការខកចិត្តថា អាជ្ញាធរហាក់​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹ​ង​ទេ ព្រោះកម្មវិធីជួបជុំផ្សេង​ដែលមានមនុស្សច្រើននៅ​បន្ត​អនុញ្ញាត ប៉ុន្តែ​ការជួបជុំដែល​ផ្សព្វផ្សាយ​ពីសិទ្ធិនិងច្បាប់បែរជាមិនអនុញ្ញាត។​

លោកថា៖ «អាជ្ញាធរលម្អៀង ហេតុអីខ្ញុំថា​លម្អៀង? ព្រោះខាងគណបក្ស ដើរជួបជុំ ប្រជុំ ចែក​ស្ករប៊ី​​ចេង​រាល់ថ្ងៃ​បាន តែ​ខាង​ខ្ញុំ​សហគមន៍​សុំរៀបចំកម្មវិធីនេះ គេមិនឱ្យធ្វើទេ យក​លេសកូវីដ​។ ហើយកម្មវិធី​ការបុណ្យ​រៀបបាន​ធម្មតា ហើយ​​ហេតុអ្វីខាងខ្ញុំគ្រាន់តែ​រៀបចំប៉ុណ្ណឹងគាត់មិនឱ្យធ្វើអ៊ីចឹង​?»

មេឃុំក្បាល​ត្រាច លោកស្រី ឌឹម សាមឿន សុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះ ដោយ​បង្វែរឱ្យ​សួរទៅខាងអាជ្ញាធរស្រុកវិញ។

លោកស្រីថា៖ «ខ្ញុំអត់ដឹងទេ! លោកទាក់ទងទៅមេ [អភិបាលស្រុក] ទៅ ខ្ញុំឱ្យលេខ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអភិបាលស្រុកក្រគរ លោក លី សេង​ហ៊ីម បានទេ​ នៅថ្ងៃនេះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដ​ហុក លោក ស៊ឹង សែនករុណា ​សង្កេត​ឃើញ​ថា​ ការ​ហាម​​ឃាត់​របស់អាជ្ញាធរ​​មិនឱ្យ​ជួប​ជុំ សំដៅលើ​តែ​សកម្មជន តំណាងសហគមន៍ ដែល​សកម្ម​ក្នុង​ការការពារសិទ្ធិនិងផលប្រយោជន៍របស់​សហគមន៍ ដែលករណីនេះបង្ហាញពីការើសអើងនិងការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែល​ផ្ទុយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។

លោកថា៖ «​អ៊ីចឹងបើព្រួយបារម្ភការរាលដាល [ជំងឺកូវីដ-១៩] គួរតែចុះទៅជួយរៀបចំ​ណែនាំឱ្យធ្វើការអនុវត្ត​គោរព​ទៅ​តាម ៣កុំ ៣​ការពារ ហ្នឹង​ទៅ។ ហើយបើហាម​ឃាត់​មិនឱ្យធ្វើពិធី និងបា្ររព្ធពិធី ៨​មីនា​ហ្នឹង ​គួ​រតែ​ហាមឃាត់​ពិធី​ផ្សេងៗ​ទៀត ឬណែនាំពិធីផ្សេងៗទៀត ឱ្យគោរពទៅតាម​គោលការណ៍ ៣កុំ ៣​ការពារ​ របស់​ក្រសួង​សុខាភិ​បាល​អ៊ីចឹង​ទៅ មិនគួរណារឹតត្បិតរហូតពួកគេមិនអាចបា្ររព្ធពិធីបានបែបហ្នឹងទេ»។

តំណាងសហគមន៍ការពារធនធានធម្មជាតិប្រចាំស្រុកក្រគរ លោក គុជ វេង ឱ្យដឹងថា ពួក​គាត់គ្រោង​រៀបចំ​ទិវា​​សិទ្ធិ​នារី នៅថ្ងៃទី​៦ ខែ​មីនា ខួប​ទី១១១​នេះ ដែល​ធ្វើក្នុងបរិវេណវត្តកបិល​មហាព្រហ្ម (វត្តក្បាលត្រាច) ដោយមានពលរដ្ឋចូលរួមចំនួន១៥០​នាក់ មកពីឃុំចំនួន៦ ក្នុងនោះ​មានឃុំ​ឈើតុំ ឃុំត្នោតជុំ ឃុំ​ស្នាអន្សារ ឃុំ​អន្សារកំបក់ ឃុំក្បាលត្រាច និងឃុំ​អន្លង់ត្នោត​ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ