បទយកការណ៍៖ សំរាម​កកស្ទះ​រាប់ខែ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​ជះ​ក្លិនស្អុយ​ដល់​ពលរដ្ឋ

សំរាមកកស្ទះនៅក្នុងប្រឡាយស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

សំរាមជាច្រើនប្រភេទ រួមមាន ថង់ប្លាស្ទិក កំប៉ុងជ័រ ប្រអប់ដាក់បាយប្រភេទស្នោ និងកាកសំណល់ស្អុយរលួយ ជាដើម មានសភាពកកណែនលើផ្ទៃទឹកនៅក្នុងប្រឡាយស្ទឹងមានជ័យ ដែលមានចម្ងាយប្រមាណ៧០០ម៉ែត្រ ខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ។ អ្នកភូមិនិយាយ​ថា សំរាមដែលនៅលាយឡំជាមួយទឹកលូពណ៌ខ្មៅដែលហូរតាមប្រឡាយ មាន​រយៈពេល​​ប្រមាណ៨ខែមកហើយនេះ បានជះក្លិនស្អុយខ្លាំង នាំឱ្យអ្នករស់នៅក្បែរនោះ មានអាការ​ឈឺក្បាល និ​ងកើតមានសត្វមូសច្រើន។​

នៅតំបន់នោះមាន​សំរាម​នៅជាគំនរៗ និងមានប្លាស្ទិកហើររាយប៉ាយពាសពេញតាមដងប្រឡាយ ចាប់ពីចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ រហូតដល់កន្លែងដែលមានកកស្ទះសំរាម។

កំពុងអង្គុយជុំគ្នាជាមួយសមាជិកគ្រួសារនៅមុខផ្ទះ មានចម្ងាយប្រមាណ១០ម៉ែត្រពីគំនរដែលសំរាមកកស្ទះ អ្នកស្រី សាង គឹមផា វ័យ៦០ឆ្នាំ ជាពលរដ្ឋរស់នៅភូមិព្រែក​ទាល់ សង្កាត់​ស្ទឹងមាន​ជ័យ២ ខណ្ឌមានជ័យ បានឱ្យដឹងថា បញ្ហាសំរាមកកស្ទះនេះមានរយៈពេលប្រមាណ៨ខែមក​ហើយ ដោយមិនទាន់ឃើញមានអាជ្ញាធរមានវិធានការកាយចេញនោះទេ។ អ្នកស្រីថា ដោយ​សារតែមានសំរាមច្រើន ធ្វើឱ្យនៅតំបន់គាត់រស់នៅនេះមានមូសច្រើន ហើយគាត់តែងតែមានអាការឈឺក្បាល ដោយសារក្លិនសំរាមស្អុយខ្លាំង។

សំរាមរាយប៉ាយក្នុងប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។
សំរាមរាយប៉ាយក្នុងប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

អ្នកស្រី សាង គឹមផា ប្រាប់ថា៖ «ធុំក្លិនណាស់អូនអើយ! យើងនៅហ្នឹង ដល់ពេលធុំស្អុយអ៊ីចឹង មិនដឹងធ្វើម៉េច។ ឈឺ[ក្បាល]នោះវាឈឺពេកហើយ ក្លិនខ្លាំង»

ស្រី្ត​រូបនេះបន្ថែមថា ករណីសំរាមកកស្ទះនេះតែងតែកើតមានជាច្រើនលើកមកហើយ ទោះ​បីជា​អាជ្ញាធរធ្លាប់កាយចេញក៏ដោយ ដោយថា រយៈពេលប្រមាណ៣ខែហ្នឹងមានសំរាមកើតឡើង​ដដែល។ អ្នកស្រី​បន្ត​ថា បើនៅពេលរដូវភ្លៀងចូលមកដល់វិញ សំរាមទាំងនោះបានអណ្ដែត​ត្រៀបត្រា ដោយហូរចេញពីប្រឡាយ មានទាំងទឹកស្អុយផង ចូលមកក្នុងផ្ទះរបស់គាត់ ដែលបានបង្កការលំបាកក្នុងការរស់នៅ។

អ្នកស្រីថា៖ «វា[សំរាម]អណ្ដែតឡើងពេញទាំងអស់ហ្មង ចូលផ្ទះហ្មង ផ្ទះអ៊ី! ចូលមកសុទ្ធតែសំរាមទាំងអស់ លិចសុទ្ធ​តែ​ទឹក​ស្អុយ»

បើតាមអ្នកស្រី សាង គឹមផា ប្រាប់ថា ដោយសារតែនៅក្នុងប្រឡាយមានសំរាមច្រើន បានធ្វើឱ្យបិទផ្លូវទឹកមិនឱ្យហូរបាន និង​ធ្វើឱ្យប្រឡាយកាន់តែរាក់ទៅៗ ដែលងាយនឹងជន់លិចផ្ទះពលរដ្ឋរស់នៅតាមដងប្រឡាយនេះ។

ករណីនេះ អ្នកស្រីបានអំពាវនាវឱ្យអាជ្ញាធរ​ពន្លឿនក្នុងការប្រមូលសំរាមទាំងនោះចេញ ហើយមាន​វិធានការ​យ៉ាង​ណាកុំឱ្យ​កើតឡើងជាបន្តទៀត។

អ្នកស្រីថា៖ «បើបានពួកគាត់មកជួយអ៊ីចឹង​ទៅ យើងវាបំបាត់ការធុំក្លិនអ៊ីចឹងទៅ។ តែភ្លៀងមកតិចៗ វាជន់លិចពេញៗទាំងអស់ហ្នឹង [ប្រឡាយ] រាក់ទៅៗ»។

ចំណែកពលរដ្ឋរស់នៅភូមិព្រែកទាល់ម្នាក់ទៀត លោក គឹម ភ័ត្រា វ័យ៣៣ឆ្នាំ បាន​ត្អូញ​ត្អែរ​ដែរ​ថា​ ក្លិនស្អុយដែលជះចេញពីកន្លែងសំរាមកកស្ទះនោះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកភូមិដែលរស់នៅតំបន់នោះ។

លោកថា៖ «ប៉ះពាល់ វាដឹងតែប៉ះពាល់! ពេលខ្លះមានក្លិនមក! ពេលខែភ្លៀង ​ស្អុយម៉ាទំហឹងដែរ! មិនមែនអត់ស្អុយណា​ ឱ្យតែភ្លៀងខ្លាំងលិច»។

ស្លៀកខោខ្លីត្រឹមជង្គង់ លោក គឹម ភ័ត្រា ដែលកំពុងអង្គុយ​​ក្បែរ​កន្លែង​​កក​ស្ទះសំរាម លើក​ឡើង​​ថា លោកបារម្ភពីសុខភាពកូនៗ ព្រោះក្លិនសំរាម។​ លោក​ជំរុញឱ្យអាជ្ញាធរមានវិធានការប្រមូលសំរាមទាំងនោះចេញ។

លោកស្នើថា៖ «ឱ្យគាត់[អាជ្ញាធរ] មកប្រមូលឱ្យលឿនក៏វាល្អដែរ វាជួយកុំឱ្យកកនៅហ្នឹង! ហើយពេលខ្លះ អាសំរាមថង់ៗ​នៅហ្នឹង​ ក៏វាមានជាតិស្អុយ ក្លិនក៏វាភាយមកលើអ៊ីចឹង​ទៅ បានជួយឱ្យលឿន​ក៏វាល្អ»

ចំណែកពលរដ្ឋមួយរូបទៀត លោក តាំង សុខអូន មាន​វ័យ៤០ឆ្នាំ សង្កេតឃើញ​​ថា មូល​ហេតុដែល​នាំឱ្យមានសំរាមច្រើននៅតំបន់នោះ ដោយសារពលរដ្ឋមួយចំនួនមិនបានវេចខ្ចប់ទុកដាក់សំរាមឱ្យមានត្រឹមត្រូវនៅឡើយ ហើយតែងតែយកសំរាមទៅ​បោះចោលតាមរយៈដងប្រឡាយ​នេះ​​​ជា​ប្រចាំ ដែលធ្វើឱ្យសំរាមទាំងនោះបានហូរមកប្រមូលផ្ដុំគ្នានៅទីនេះ។

លោក តាំង សុខអូន និយាយ​ថា៖ «បើប្រជាជនយកសំរាមមកបោះក៏មាន។ និយាយទៅ មនុស្សអត់ចេះសម្អាតជួយគ្នា មកពីណាទំលាក់ក៏មាន អាយកមកទំលាក់ចូលក្នុង [ប្រឡាយ] នេះក៏មាន»

កាលពីដើម​​ឆ្នាំ២០២១ រដ្ឋាភិបាលបានធ្វើកំណែទម្រង់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិ​ភាព» ដោយដាក់បញ្ចូល​កិច្ចការថែរក្សាប​រិ​ស្ថាន ដើម្បីគ្រប់គ្រងសំ​រាម ថែ​រក្សា​អនាម័យ បរិ​ស្ថាន និង​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ។ តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាលរំពឹង​ថានឹង​ជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទ​នៅទូទាំងប្រទេស។

ក្នុងឯកសារគោលនយោបាយបញ្ជាក់ថា៖ «មានវិធានការក្នុងការគ្រប់គ្រងថែរក្សា និង​ការពារធនធានធម្មជាតិ និងបរិស្ថានអនាម័យ ក្នុងភូមិ-ឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធភាព ជាពិសេស​យន្តការដោះស្រាយបញ្ហា​សំរាម សំណល់​រឹង និងសំណល់រាវ សំដៅធ្វើឱ្យ​ភូមិ-ឃុំ-សង្កាត់ មានសោភ័ណភាព គ្មានសំរាម ធ្វើឱ្យការរស់នៅប្រកប​ដោយផាសុក​ភាព មានភាពថ្លៃថ្នូរ ស៊ីវិល័យ និង​មានអនាគតរុងរឿង ផ្អែកតាមគោលការណ៍ណែនាំ​របស់ក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ»។

បើតាមឯកសារស្ដីពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព» ក៏បានតម្រូវឱ្យអាជ្ញាធរ ពាក់​ព័ន្ធ​រៀបចំវេទិកាសាធារណៈ យ៉ាងហោចណាស់មួយ​ដងក្នុងមួយខែ ដើម្បីទទួលយកសំណើរបស់ប្រជាពលរដ្ឋ និងជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហានានាដែលកើតមានក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស។

យ៉ាងណាក្ដី ពាក់ព័ន្ធករណីសំរាមកកស្ទះជាច្រើនខែនៅក្នុងប្រឡាយស្ទឹងមានជ័យ ចៅ​សង្កាត់​​ស្ទឹង​​មាន​ជ័យ​២ លោក ទូច សំអុល បានឆ្លើយតបថា លោកបានដឹងពីករណីសំរាម​នេះរួច​ហើយ និងបាន​រាយការណ៍ទៅថ្នាក់លើរួចហើយដែរ។ ប៉ុន្តែលោកថា អាជ្ញាធររវល់ការងារច្រើន ទើប​មិនទាន់មានចំណាត់ការប្រមូលសំរាមនេះចេញនៅឡើយ។

លោក ទូច សំអុល បញ្ជាក់ថា៖ «ខ្ញុំឃើញដែរ ប៉ុន្តែ​ការងារសំរាមហ្នឹង សង្កាត់បានធ្វើការទប់ស្កាត់ច្រើនណាស់ បាន​ធូរស្រាលមួយចំនួនហើយ បានរាយការណ៍ទៅខាងស៊ីនទ្រី ទៅខណ្ឌទៅអីហើយ។ មួយរយៈនេះ គេអត់សូវ​បានកាយ​ ដោយ​សារមួយរយៈនេះគេរវល់ មានការងារច្រើន អត់ទាន់បានធ្វើ»។

ចៅសង្កាត់ស្ទឹងមានជ័យ២រូបនេះបន្ថែម​ថា មូលហេតុដែលអាជ្ញាធរនៅថ្នាក់មូលដ្ឋាន​ មិនអាច​កាយ​សំរាមនោះ​ចេញ​ដោយផ្ទាល់បាន គឺដោយសារតែមិនមានឧបករណ៍គ្រប់គ្រាន់ ដូច្នេះ​បាន​ត្រឹម​តែរាយកា​រណ៍​ទៅថ្នាក់​លើ និងផ្សព្វផ្សាយឱ្យពលរដ្ឋទុកដាក់សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ។

លោក ទូច សំអុល ថា៖ «សង្កាត់អត់មានឧបករណ៍អីធ្វើទេ! គ្រាន់តែថាជួយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅក្នុងភូមិដាក់សំរាមដាក់អី [ឱ្យបានត្រឹមត្រូវ] អាហ្នឹងមានធ្វើបានហើយ។ ប៉ុន្តែអាក្នុងប្រឡាយហ្នឹង កិច្ចការរបស់សាលារាជធានីភ្នំពេញ​ ដែលលោកគាត់ចាត់ការប្រឡាយហ្នឹង ខាងសង្កាត់យើងវាតូចតាច មិនមានឧបករណ៍ណាធ្វើ មានតែរាយការណ៍​ជូនទៅ​ខណ្ឌទៅក្រុងអ៊ីចឹងទៅ»។

អភិបាលរងខណ្ឌមានជ័យ លោក ឡុង ង៉ែត មានប្រសាសន៍ថា អាជ្ញាធរខណ្ឌមិនទាន់ទទួលបាន​ព័ត៌មាន​ករណី​សំរាម​កកស្ទះនេះនៅឡើយ​ទេ។

ទោះយ៉ាងណា ក្រោយពេលទទួលបានព័ត៌មាននេះ លោកថា នឹងប្រាប់បន្តឱ្យមន្ទីរសាធារណការ​រាជធានីភ្នំពេញ មកកាយសំរាមទាំងនោះចេញ។

លោក ឡុង ង៉ែត និយាយថា៖ «នៅម្ដុំណា? ចាំខ្ញុំរាយការណ៍ទៅលើមួយចំនួនទៀត ខ្ញុំអត់កាន់ខាងហ្នឹងទេ ខ្ញុំអភិបាលរងខណ្ឌ ប៉ុន្តែបងបានផ្ដល់ព័ត៌មាន ខ្ញុំសូមអរគុណ។ ចាំខ្ញុំរាយការណ៍ទៅលោកអភិបាលខណ្ឌ ហើយឱ្យអភិបាល​ខណ្ឌ​គាត់​រាយការណ៍ទៅមន្ទីរ​សាធារណការ ព្រោះក្នុងកណ្ដាលប្រឡាយ មន្ទីរសាធារណការ គាត់ជាអ្នកស្ដារ[ប្រឡាយ]»។

កាលពីថ្ងៃទី១ ខែមីនា ក្រុមយុវជនបរិស្ថានចំនួន៦នាក់បានយកលិខិតដែលមានស្នាមមេដៃគាំទ្រដោយយុវជនជាង៥០នាក់ផ្សេងទៀត ទៅដាក់នៅខណ្ឌចំនួន៣ រួមមាន ខណ្ឌឫស្សីកែវ ខណ្ឌចំការមន និងខណ្ឌមានជ័យ ដើម្បីទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយការកកស្ទះសំរាមនៅតាមបណ្ដោយលូ ខណៈពួកគេព្រួយបារម្ភពីផលប៉ះពាល់បរិស្ថាន និង​សុខ​ភាពពលរដ្ឋ​រស់នៅតំបន់ទាំងនោះ។

សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី ដែលចូលរួមដាក់លិខិតដែរនោះ សង្កេតឃើញថា វិធានការនានា រួមទាំងគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញ​ដើម្បីដោះស្រាយបញ្ហា​សំរាមនាពេលកន្លងមក ហាក់មិនទាន់មានប្រសិទ្ធភាពនោះទេ ដែលធ្វើឱ្យបញ្ហាសំរាមនៅតែកើត​មាន​ឡើងជា​រៀង​រាល់​ថ្ងៃ។

កញ្ញា ភួន កែវរស្មី ថ្លែងថា៖ «យើង​មើល​ឃើញថា​ វា[សំរាម]កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ វាស្ថិតនៅក្នុងស្ថានភាព​មួយ​គួរ​ឱ្យ​បារម្ភ ដែលគួរតែជាបញ្ហាអាទិភាព ដែលខាងខណ្ឌឬអភិបាលនៅក្រុងភ្នំពេញ គាត់យកចិត្តទុកឱ្យបានខ្លាំងជាងហ្នឹង»។

កញ្ញាបន្ថែមថា បើសំរាមនៅតែបន្តកើតមាននៅទីសាធារណៈនានា ហើយមិនទាន់មានដំណោះ​​ស្រាយចេញនោះទេ នឹង​បង្ក​ផល​ប៉ះធ្ងន់ធ្ងរ​ដល់​បរិស្ថាន សោភ័ណភាពទីក្រុង និងសុខ​ភាព​សាធារណៈ ​ជាដើម។

កញ្ញា ភួន កែវរស្មី បានជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតចំពោះករណីនេះ និងលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទទួលខុសត្រូវចំពោះបញ្ហាសំរាមទាំងអស់គ្នា។

កញ្ញា ភួន កែវរស្មី បន្ថែមថា៖ «ខ្ញុំមានតែលើកទឹកចិត្ត ហើយនឹងជំរុញឱ្យគ្រប់​ភាគី​ទាំង​អស់ ទាំង​ក្រុម​ហ៊ុន​សំរាម ទាំង​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ មាន​សមត្ថ​កិច្ច ក្រសួងនានាដែលពាក់ព័ន្ធ ទាំងប្រជាពលរដ្ឋ ទាំងយុវជន​ ទាំងនាងខ្ញុំផ្ទាល់ គឺចូលរួមទាំងអស់គ្នា សហការគ្នា ដើម្បីឱ្យបញ្ហាហ្នឹងវា​ល្អប្រសើរ»។

របាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញ​ថា កម្ពុជា​​មាន​សំរាម​ជាង១ម៉ឺនតោន​ក្នុង​មួយថ្ងៃៗ ដោយក្នុងរាជធានីភ្នំពេញ​មានសំរាម​ជិត​៣ ០០០​តោន ចំណែក​កា​រ​ប្រើប្រាស់ប្លាស្ទិកមានប្រមាណជាង១០លាន​ថង់ក្នុងមួយថ្ងៃៗ ហើយបរិមាណសំរាមនៅទូទាំងប្រទេសវិញ មានជិត៤លានតោនក្នុងមួយថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ