ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger បានអំពាវនាវជាថ្មីឱ្យភាគីពាក់ព័ន្ធនៅក្នុងវិវាទការងារណាហ្គាវើលដ៍វិលចូលតុចរចា ដើម្បីស្វែងរកដំណោះស្រាយ។
តាមរយៈសេចក្ដីថ្លែងការណ៍ខ្លីនៅថ្ងៃអង្គារ ទី៨ ខែមីនា ចំទិវាសិទ្ធិនារីអន្តរជាតិនេះ លោក Christian Berger បានជំរុញឱ្យភាគីពាក់ព័ន្ធវិលមករកតុចរចាឡើងវិញ។ លោកបន្តថា ការចរចាអាចជោគជ័យបាន លុះត្រាតែការចូលរួមរបស់អ្នកតំណាងដែលត្រូវបានជ្រើសរើស ហើយអ្នកដែលចរចាក៏មិនត្រូវភ្លេចដែរថា គឺដើម្បីស្វែងរកការសម្រុះសម្រួលគ្នាដោយសុចរិត និងជាផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ខ្ញុំសូមបង្ហាញពីសាមគ្គីភាពរបស់យើងជាមួយស្ត្រីគ្រប់រូបនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។ សមភាពយេនឌ័រនៅតែជារបៀបវារៈ ឬចំណុចសំខាន់ដែលត្រូវសម្រេចឱ្យបាននៅក្នុងប្រទេសរបស់ខ្ញុំ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ ដោយសារកូដករណាហ្គាវើលដ៍ភាគច្រើនគឺជាស្ត្រី សូមអនុញ្ញាតឱ្យខ្ញុំបញ្ជាក់ជាថ្មីថា សកម្មភាពរបស់ស្ត្រីវ័យក្មេងនិងក្លាហានទាំងនេះ គ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិលើបញ្ហាប្រឈមនិងកង្វល់របស់ពួកគេតែប៉ុណ្ណោះ»។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger បានចេញសេចក្ដីថ្លែងការណ៍ខ្លីមួយ ដោយបង្ហាញការគាំទ្រការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជំរុញទៅស្ថាប័នពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ឱ្យបានឆាប់។
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកពេលនោះថា ជម្លោះការងារនៅក្រុមហ៊ុនល្បែងមួយនេះកំពុងមានការចាប់អារម្មណ៍ពីអន្តរជាតិកាន់តែខ្លាំងឡើង ហើយវាបានក្លាយជាប្រធានបទនៃការលើកឡើងរបស់លោកស្រី ភីត្រា ស៊ីគមឺនដ៍ (Petra Sigmund) អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ក្នុងពេលលោកស្រីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ។
ដូចសេចក្ដីថ្លែងការណ៍មុនដែរ លោក Christian Berger នៅថ្ងៃនេះ ក៏បានរម្លឹកប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលអំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដោយសន្តិវិធី។ ការអំពាវនាវជាថ្មីរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជានេះបានធ្វើឡើង ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នឹងប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីស្វែងរកដំណោះស្រាយជុំវិញវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។
កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមផ្ទាល់ពីលោក ស ខេង រួមនឹងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង, អគ្គស្នងការនគរបាលរាជធានីភ្នំពេញ លោក នេត សាវឿន, អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ, ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ រួមទាំងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង ផងដែរ៕