សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើ​ស្ត្រីលក់ដូរ​តាមដងផ្លូវ​ដែល​ ប្រឈម​ការ​គំរាមកំហែង​និង​ការកេងប្រវ័ញ្ច

អ្នកស្រី ឈឿន តាំងហិ ជាអាជីរករលក់ដូរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ រៀបរាប់ពីស្ថានភាពការលក់ដូរនិងជីវភាពប្រឈមក្នុងអំឡុងការរាតត្បាតកូវីដ-១៩ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

ក្រុមសង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ត្រី​លក់ដូរតាមដងផ្លូវ ដោយអះអាងថា ពួកគេ​កំពុង​​ប្រឈម​នឹង​ការគំរាមកំហែង​ពី​បញ្ហា​មួយ​ចំនួននិងរងការកេងប្រវ័ញ្ច ខណៈការផ្ដល់នូវកិច្ចការពារផ្លូវច្បាប់​ដល់អ្នកលក់ដូរតាមដងផ្លូវជាស្ត្រីនៅ​មិនទាន់មាន​នៅ​ឡើយ។

ក្នុងឱកាសអបអរទិវាអន្តរជាតិនារី ខួបទី១១១ ក្រុមអង្គការសង្គមស៊ីវិលចំនួន១៥​ស្ថាប័នបាន​ចេញ​សេច​ក្ដីថ្លែង​ការ​ណ៍រួមគ្នានាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ ដោយស្នើទៅរដ្ឋាភិបាលដោះស្រាយបញ្ហាចំនួន​៨ចំណុច ដែល​អ្នកលក់ដូរតាមដងផ្លូវជាស្ត្រីបាននិង​កំពុង​ជួប​ប្រទះ។

អង្គការសង្គម​ស៊ីវិលទាំង១៥​ស្ថាប័ននោះ រួមមាន ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA), អង្គ​ការ​អភិវឌ្ឍន៍ស្ត្រី (AS), វិទ្យាស្ថានតស៊ូមតិ ​និងគោលនយោបាយ (API), អង្គការទ្រទ្រង់ស្ត្រីខ្មែរ (COWS) និង ខុមហ្វ្រែល (COMFREL) ជាដើម។

ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា ទោះបីជាការលក់ដូរតាមដងផ្លូវបានដើរតួនាទីសំខាន់ ដោយរួមចំណែកបង្កើនមុខរបរ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏ដោយ ក៏ស្ត្រីលក់ដូរតាមដងផ្លូវមិនទទួលបានការការពារដោយច្បាប់ឡើយ ហើយ​ផ្ទុយទៅវិញ ពួកគេបាន​រង​នូវ​ការយាយី ការ​កេងប្រវ័ញ្ច កង្វះ​​ការទទួល​​បាន​​​អត្ថប្រយោជន៍ និង​កិច្ចគាំពារសង្គមផ្សេងៗ។ ជាងនេះទៀត ស្ត្រីទាំងនោះ​ក៏កំពុងរងគ្រោះ​​​ពី​ច្បាប់និងលិខិតបទដ្ឋានគិតយុត្តមួយចំនួន ដែល​មិនសូ​វមានអំណោយផល និងបានគំរាមកំហែងដល់ឱកាស​បង្កើនប្រាក់​ចំណូល រួមទាំងបង្កើនឯករាជ្យភាពផ្នែកសេដ្ឋកិច្ចរបស់ពួកគេផងដែរ។

សេចក្ដីថ្លែងការណ៍ដដែលបន្តទៀតថា ស្ត្រីលក់ដូរតាមដងផ្លូវដែល​ខ្វះទីតាំងលក់ដូរសមរម្យ ក៏បានរង​នូ​វការ​រំលោភបំពាននិងការកេងប្រវ័ញ្ចជាប្រព័ន្ធពីសំណាក់​សន្តិសុខ​សណ្ដាប់ធ្នាប់ ខណៈឆ្នាំ២០១៩ មានស្ត្រី​​ចំនួន៧៥​ភាគរយ​ ឬស្មើនឹង១០​ភាគរយនៃចំនួនប្រជាជនរស់នៅរាជធានី​ភ្នំពេញ ដែលជា​អ្នក​លក់ដូរតាមដងផ្លូវ។

ករណីនេះ ក្រុមអង្គការសង្គមស៊ីវិលបានស្នើទៅក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច និងក្រសួង​ការងារ គួរតែពិចារណាផ្ដល់នូវកិច្ចការពារផ្លូវច្បាប់ដល់អ្នកលក់ដូរតាមដងផ្លូវជាស្ត្រី ដើម្បីការពារពួកគេ​ពីការរំលោភបំពាននិងការកេងប្រវ័ញ្ចជាលក្ខណៈប្រព័ន្ធ ខណៈកិច្ចការពារនេះ មានសារៈសំខាន់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។

សង្គមស៊ីវិលទាំងនោះក៏បាន​ស្នើទៅក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញនូវសេចក្ដីព្រាងស្ដីពីច្បាប់សណ្ដាប់​ធ្នាប់​សាធារណៈ ក្នុង​គោល​បំណង​ធានា​ថា ពង្រាងច្បាប់នេះត្រូវបានតាក់តែងឡើង ដើម្បីការពារផលប្រយោជន៍និងសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋរងគ្រោះ រួមទាំងអ្នកលក់ដូរតាមដងផ្លូវដែលភាគច្រើនជាអ្នកទន់ខ្សោយ ជាពិសេសស្រ្តី កុមារ និងជនពិការ ខណៈសាលារាជធានីភ្នំពេញមិនទាន់រកកន្លែងឱ្យពួកគេលក់ដូរបានសមរម្យនៅឡើយ។

សេចក្ដីថ្លែងការណ៍គូសបញ្ជាក់ថា៖ «រដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ គួរតែពិចារណាឱ្យមានការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ និងការផ្សព្វផ្សាយជាសាធារណៈ ដើម្បីកសាងជំនឿចិត្តពីសាធារណជន ការគោរពគ្នាទៅវិញទៅមក និងធានានូវការចូលរួមដ៏សកម្មពីស្ត្រី អ្នកលក់ដូរតាមដងផ្លូវ ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិនេះ ស្រ្តីនៅទូទាំងពិភពលោក រួមទាំងកម្ពុជា តែងតែផ្ញើសារទៅកាន់រដ្ឋាភិបាល ដើម្បី​​ដោះស្រាយបញ្ហាដែលពួកគាត់កំពុងប្រឈមនិងជួបប្រទះ។

លោកថា៖ «បើសិនជាមិនមានដំណោះស្រាយ​អ្វីដែលយើងបានដាក់ស្នើចំនួន៨ចំណុចជូនរដ្ឋាភិបាល ពួក​គាត់​នឹងប្រឈមបញ្ហាមិនមានកន្លែងប្រកបមុខរបរ​ច្បាស់លាស់ មិនទទួលបានកិច្ចគាំពារសង្គម មិនទទួល​បានយុត្តិធម៌ ក្នុងនាមជាប្រជាពលរដ្ឋ។ មួយទៀត ចំពោះគោលនយោបាយផ្សេងៗ​​ ពួកគាត់មិនទទួលបានអត្ថប្រយោជន៍ ដូចមានចែងនៅក្នុងគោលនយោបាយទាំងនោះទេ»។

អាជីករលក់ដូរតាមដងផ្លូវម្នាក់ អ្នកស្រី លៀន សោភា បង្ហាញការគាំទ្រចំពោះសេចក្ដីថ្លែងការណ៍នេះ ដោយថា បច្ចុប្បន្ន ពួកគាត់ជួបការលំបាកខ្លាំង និងប្រឈម​ហានិភ័យច្រើន ហើយមិនទទួលបានអត្ថផលប្រយោជន៍ផ្សេងៗ​ ជាដើម។ អ្នកស្រីស្នើទៅរដ្ឋាភិបាលជួយរកកន្លែងសម្រាប់ឱ្យពួកគាត់បានលក់ដូរសមរម្យ ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្សេងៗ និងកាត់បន្ថយការចំណាយ ជាដើម។

អ្នកស្រីថា៖ «ទី១ យើងមានកន្លែងលក់ពិតប្រាកដ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថានតាមដងផ្លូវ ណាមួយធូរតម្លៃ​ជួល​តាមផ្ទះដែរ នៅតាមផ្ទះគេ ឱ្យគេ១០០ដុល្លារ ហើយការរដ្ឋជួលទាបជាងអ៊ីចឹងទៅ។​ បើជួលតាមផ្ទះ ១០០ដុល្លារអី ពួកខ្ញុំរត់អត់រួចទេ។ មួយទៀត លក់ដូរតាមផ្លូវប្រឈមហានិភ័យ ទី១ បើមានម៉ូតូប៉ះពាល់គ្នាអី នឹងមានបញ្ហាដល់ពួកខ្ញុំ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃអង្គារនេះ។

ប៉ុន្តែអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន មានប្រសានស៍ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះស្ត្រីតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ តាមរយៈក្រសួងកិច្ចការនារី រួមទាំងស្ថាប័នពាក់ព័ន្ធ ដោយរួមគ្នាលើកកម្ពស់យេនឌ័រ។ លោកបន្តថា ​ការផ្ដល់​ឱកាស​ដល់ស្ត្រី​អាចលក់ដូរតាមដងផ្លូវនេះ ជាការ​សម្រួល ដើម្បីឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត បើទោះបីជាប៉ះពាល់សណ្ដាប់ធ្នាប់ក៏ដោយ។

លោកថា៖ «រដ្ឋាភិបាលទោះបីដឹង​ថាការលក់ដូរតាមដងផ្លូវ វាខុសសណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែដើម្បីលើក​កម្ពស់កម្រិតជីវភាពបងប្អូនដែលពុំមានលទ្ធភាព សមត្ថភាពក្នុងការធ្វើការក្នុងរោងចក្រសហគ្រាស គឺយើងអនុញ្ញាតឱ្យគាត់លក់ដូចតាមចញ្ចើមថ្នល់។ ប៉ុន្តែយើងត្រូវគោរពតាមគោលការណ៍លក្ខខណ្ឌតំបន់ បើអាជ្ញាធរហាមឃាត់មិនឱ្យលក់»។

យ៉ាងណា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិលក៏ធ្លាប់​បានទាមទារឱ្យរដ្ឋាភិបាលផ្ដល់សេវាគាំពា​រ​ដល់ស្ត្រីដែលធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់ទទួលបានសេវាសង្គម និងមានភាពកក់ក្ដៅក្នុងការចិញ្ចឹមជីវិត ដូចបុគ្គលទូទៅដែលធ្វើការមានស្ថាប័នផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ