ក្មេងប្រុសម្នាក់​ស្លាប់​ដោយសារ​ផ្ទុះមីន​តោន​នៅ​ខេត្តបាត់ដំបង

គ្រាប់មីន

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌល​​សកម្មភាព​​កំចាត់មីន​កម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា ក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់បានស្លាប់ដោយសារផ្ទុះមីន ខណៈកុមាររូបនោះបានបណ្ដើរគោឱ្យស៊ីស្មៅនៅក្បែរវត្តស្លាក ភូមិព្រៃទទឹង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ទំព័រហ្វេសប៊ុករបស់អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា នៅថ្ងៃពុធនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែមីនានេះ មានករណីគោជាន់មីនតោន បណ្ដាលឱ្យស្លាប់ទាំងកុមារាម្នាក់ និងគោមួយក្បាល់បានងាប់នៅនឹងកន្លែងផងដែរ។ ​

ទំព័រហ្វេសប៊ុកលោក ហេង រតនា ក៏បានបន្ថែមទៀតថា៖ «សូមចូលរួមសោកស្ដាយនិងមរណទុក្ខជាមួយគ្រួសារសព។ នេះជាមរតកនៃសង្គ្រាមដែលប្រជាពលរដ្ឋកម្ពុជាកំពុងឆ្លងកាត់ជាមួយសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាមជាច្រើនទៀតដែលស្ថិតនៅក្នុងទឹកដីសុវណ្ណភូមិ នឹងបន្តគំរាមកំហែងដល់សុខសេរីភាពប្រជាជនកម្ពុជាឥតស្រាកស្រាន្តឡើយ ទោះបីសង្គ្រាមត្រូវបានបញ្ចប់ជាងម្ភៃឆ្នាំមកហើយក៏ដោយចុះ»។

កាលពីថ្ងៃទី១០ ខែមករា សមត្ថកិច្ចជំនាញបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួស ដោយសារផ្ទុះមីនតោនពីរកន្លែងផ្សេងគ្នា ស្ថិតនៅភូមិសែនតេជៈ​ ​ខេត្តព្រះវិហារ ខណៈពួកគេចុះបំពេញការងារសម្អាតមីន និងករណីពលរដ្ឋដុតសម្អាតដីដាំដំឡូងរបស់ខ្លួន។​

យោងតាមរបាយការណ៍​របស់អាជ្ញាធរមីនកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ បានឱ្យ​​ដឹង​ថា ក្នុង​រយៈ​ពេល៩ខែ ឆ្នាំ២០២១​នេះ មាន​ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះចំនួន៣៤នាក់។ តួលេខនេះបង្ហាញ​ពី​ការថយ​ចុះ ៣៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះ​ចំនួន៥៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ